ជាតិ
សុខភាព
ក្រសួងប្រាប់ឱ្យពលរដ្ឋរាយការណ៍ បើឃើញឱសថ GUAIFENESIN SYRUP TG SYRUP ចរាចរលើទីផ្សារ
28, Apr 2023 , 11:59 am        
រូបភាព
ដោយ:
អង្គការសុខភាពពិភពលោក បានរកឃើញឱសថ GUAIFENESIN SYRUP TG SYRUP មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្ដង់ដារ ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ ឬអាចឈានដល់ការបាត់បង់អាយុជីវិត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៧មេសា។



ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានបដិសេធចំពោះព័ត៌មានអន្តរជាតិឈ្មោះ SWARAJYA ដែលបានចុះផ្សាយថា អាជ្ញាធរឱសថ និងចំណីអាហារ រដ្ឋ Punjab របស់ប្រទេសឥណ្ឌា បានប្រមូលសំណាកឱសថ GUAIFENSIN SYRUP TG SYRUP ដែលបាននាំចូលមកកម្ពុជា មានផ្ទុកសារធាតុគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ។ បើតាមក្រសួងសុខាភិបាល ឱសថនេះ មិនមានចរាចរនៅកម្ពុជាទេ។ 
  


តែយ៉ាងណាក្រសួង ក៏អំពាវនាវឱ្យពលរដ្ឋរាយការណ៍មកកាន់ស្ថាប័នជំនាញ បើសិនបានជួប និងឃើញឱសថ GUAIFENSIN SYRUP TG SYRUP នៅតាមឱសថស្ថាន និងទីតាំងណាមួយ។
 
ក្រសួងសុខាភិបាល បានអះអាងថា៖«តាមរយៈនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានធ្វើការស្រាវជ្រាវភ្លាមៗ តែមិនមានភស្តុតាងណាដែលបញ្ជាក់ថា ឱសថនេះមានចរាចរក្នុងកម្ពុជាឡើយ និងឱសថនេះពុំមានចុះបញ្ជិកាឱសថ នៅក្រសួងសុខាភិបាលនោះឡើយ»។ 
 
យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានរកឃើញថាឱសថ GUAIFENSIN SYRUP TG SYRUP មានសារធាតុសកម្មឱសថ Guaifenesin 100mg/5mL ផលិតដោយរោងចក្រផលិតឱសថ QP PHARMACHEM LTD., India ដែលកំពុងចរាចរនៅប្រទេស Marshall Islands និងFederated States of Micronesia មានផ្ទុកសារធាតុ Diethylene Glycol និងEthylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ ដែលក្បួនច្បាប់ឱសថ (Pharmacopoeia) បានអនុញ្ញាត។
 
បើតាមការបញ្ជាក់របស់អង្គការWHO សារធាតុគីមី Diethylene Glycol និងEthylene Glycolលើសកម្រិត បទដ្ឋានស្តង់ដារ អាចបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់អាយុជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរ ដូចជា ឈឺពោះ ក្អួត រាក ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឲ្យស្លាប់បាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com