អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូងសាទរទំនាក់ទំនង ៧០ឆ្នាំជាមួយអាម៉េរិក ខណៈរងការគំរាមពីកូរ៉េខាងជើង
28, Apr 2023 , 2:07 pm        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសភាអាម៉េរិក ក្នុងថ្ងៃទី២៧ ខែមេសា។ រូបភាព AFP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសភាអាម៉េរិក ក្នុងថ្ងៃទី២៧ ខែមេសា។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី២៧ ខែមេសា បានសាទរពីសម្ព័ន្ធភាពជាមួយអាម៉េរិក ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ខណៈប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីល ពីកូរ៉េខាងជើង។



លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី២៧ ខែមេសា បានថ្លែងសុន្ទរកថានៅក្នុងសភាអាម៉េរិក ដើម្បីអបអរពីទំនាក់ទំនងទ្វេភាគីរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនរយៈពេល ៧០ឆ្នាំ។ 
 
«សម្ព័ន្ធភាពរបស់យើង ត្រូវបានពង្រឹងរយៈពេល៧០ឆ្នាំមុនដើម្បីការពារសេរីភាពកូរ៉េ។ សម្ព័ន្ធភាព បានក្លាយជាសម្ព័ន្ធភាពសកល ដើម្បីការពារសេរីភាព និងសន្តិភាពនៅជុំវិញពិភពលោក»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅចំពោះមុខប្រធានព្រឹទ្ធសភា និងសភាតំណាងអាម៉េរិក។ 
 
ជាមេដឹកនាំបរទេសទីបីដែលថ្លែងក្នុងសភាអាម៉េរិកក្រោមរដ្ឋបាលលោក បៃឌិន លោក យូន បន្ថែមថា អាម៉េរិក និងកូរ៉េខាងត្បូងមានហេតុផលជាច្រើន ដើម្បីសាទរពីខួបនៃទំនាក់ទំនងដ៏មានតម្លៃ ហើយពេលនេះ សម្ព័ន្ធភាពប្រទេសទាំងពីរ គឺខ្លាំងជាងពេលណាទាំងអស់។ 
 
ទន្ទឹមនេះ លោក យូន ក៏បានជំរុញឱ្យមានការពន្លឿនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុនផង ដើម្បីប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង។ លើសពីនេះ មេដឹកនាំកូរ៉េខាងត្បូង បានជំរុញឱ្យបង្កើនការយល់ដឹងលើស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង ហើយមិនគួរទុកបញ្ហានេះចោលឡើយ។ 
 
ក្នុងសុន្ទរកថានៅសភាដដែល ប្រធានាធិបតីរូបនេះ ក៏បានរំឭកពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០ -១៩៥៣ផង។ នៅចំពោះមុខសមាជិកសភាអាម៉េរិក លោកយូន បានអះអាងថា កូរ៉េខាងត្បូង នឹងមិនភ្លេចឡើយចំពោះវីរបុរសអាម៉េរិក ដែលបានប្រយុទ្ធជាមួយខ្លួន ដើម្បីការពារសេរីភាព។ 
 
គួររំឭកថា ក្នុងជំនួបនៅសេតវិមាន លោក យូន និងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក  បានឯកភាពពង្រឹងការប្តេជ្ញាការពារដោយអាវុធនុយក្លេអ៊ែរពីសំណាក់ក្រុងវ៉ាស៊ីនតោន ចំពោះក្រុងសេអ៊ូល ក្នុងករណីមានការវាយប្រហារយោធាពីសំណាក់កូរ៉េខាងជើង។ យ៉ាងណាមិញ ការប្តេជ្ញានេះ ត្រូវបានចិនព្រមានកុំឱ្យបន្តបង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ៕ 
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com