អន្តរជាតិ
ជប៉ុនព្រមានវត្តមានសកម្មភាពយោធាចិន និងរុស្ស៊ីក្នុងដែនទឹកតំបន់ អាចបង្កឱ្យមានគ្រោះថ្នាក់ លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (កណ្តាល)។ រូបភាព Kyodo
× ជប៉ុន ព្រមានពីគ្រោះថ្នាក់ ដែលអាចកើតចេញពីសមយុទ្ធយោធាដោយចិន និងរុស្ស៊ី នៅដែនទឹកតំបន់។ នេះបើតាមគោលនយោបាយសមុទ្ររយៈពេល ៥ឆ្នាំ ដែលត្រូវបានកែប្រែជាថ្មី និងត្រូវបានអនុម័តដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៨ ខែមេសា បានបញ្ជាក់បែបនេះ។
ដោយមើលឃើញពីការបង្កើនសកម្មភាពយោធាចិន ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងសមយុទ្ធរួមគ្នារួមចិន និងរុស្ស៊ី នៅក្បែរដែនទឹកខ្លួន ជប៉ុនបានកែប្រែគោលនយោបាយសមុទ្ររយៈពេល ៥ឆ្នាំ និងត្រូវបានអនុម័តដោយរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៨ ខែមេសា។
«ស្ថានភាពដែនទឹកជុំវិញជប៉ុន មានភាពតានតឹងយ៉ាងខ្លាំង»។ លោក គីស៊ីដា ហ្វូមីអូ បានបញ្ជាក់បែបនេះ នៅក្នុងនយោបាយសមុទ្រ។ ទន្ទឹមនេះ គោលនយោបាយនេះ ក៏បានបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្លាំងស្វ័យការពារ និងកងល្បាតសមុទ្រផង ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានភាពអាសន្ន ស្របពេលចិន កំពុងបង្កើនសកម្មភាពយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បន្ថែមពីនេះ ជប៉ុន ក៏បានព្រមានពីគ្រោះថ្នាក់ ដែលអាចកើតចេញពីសមយុទ្ធយោធាដោយចិន និងរុស្ស៊ី នៅដែនទឹកតំបន់ផងដែរ។
ក្រោមកិច្ចខិតខំពង្រឹងសន្តិសុខដែនសមុទ្រ គោលនយោបាយដដែលនេះ ក៏បានលើកឡើងពីការប្តេជ្ញារបស់ជប៉ុនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍលើយានក្រោមទឹកស្វ័យប្រវត្តិ និងយានសម្រាប់ឃ្លាំមើល និងត្រួតពិនិត្យសកម្មភាពរុករកធនធាន៕
© រក្សាសិទ្ធិដោយ thmeythmey.com