អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ បង្ហាញពីក្តីបារម្ភជុំវិញការកើនឡើងករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស
28, Apr 2023 , 8:29 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានបញ្ជាឱ្យអាជ្ញាធរសុខាភិបាលក្នុងតំបន់ទេសចរណ៍សំខាន់ៗ តាមដានឱ្យបានដិតដល់លើចំនួនករណីឆ្លងជំងឺកូវីដ-១៩ ក្រោយថ្ងៃឈប់សម្រាកនៅពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៨ ខែមេសា។​

 
ក្រោយពិធីចូលឆ្នាំថ្មីនៅថៃនៅពាក់កណ្តាលខែមេសាកន្លងមក នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានរាយការណ៍ថា ករណីឆ្លងជំងឺកូវីដ-១៩ បានកើនឡើងជាថ្មី។ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមេសា ករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ៤៣៥ករណី មុននឹងកើនដល់ ១០៨៨ករណី នៅសប្តាហ៍បន្ទាប់។ 
 
តាមការបញ្ជាក់របស់ លោក Tares Krassanairawiwong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៅថ្ងៃទី២៦ ខែមេសា ករណីឆ្លងជំងឺកូវីដ-១៩ អាចនឹងកើនឡើងនៅ១ ឬ២សប្តាហ៍បន្តទៀត។ 
 
ទាក់ទិននឹងបញ្ហានេះ លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានអះអាងថា លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានបង្ហាញពីក្តីបារម្ភពីស្ថានភាពជំងឺកូវីដ-១៩ ដែលអាចប៉ះពាល់ដល់ក្រុមមនុស្សចាស់ និងអ្នកមានជំងឺរាំរ៉ៃ។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នថៃ បានអំពាវនាវឱ្យក្រុមមនុស្សទាំងនេះ ស្វះស្វែងរកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ បន្ថែម រួមទាំងបញ្ជាឱ្យក្រសួងសុខាភិបាលថៃ តាមដានលើការរីកសាយនៃវីរុសបំប្លែងខ្លួនអូមីក្រុង (XBB.1.16 sub-strain)។ មិនតែប៉ុណ្ណោះ លោក Anucha បានអះអាងថា ការរីកសាយនៃជំងឺកូវីដ-១៩  គឺកើនឡើងយ៉ាងខ្លាំងនៅក្នុងក្រុងធំៗ ដែលមានចំនួនប្រជាជនដ៏ច្រើន ក្នុងនោះមានដូចជាក្រុងបាងកក, ក្រុងភូកេត, ក្រុងឈៀងមៃ និងក្រុងឈុនបុរីជាដើម។ 
 
ស្របពេលមានករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងបែបនេះ អាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនមានការប្រុងប្រយ័ត្ន រួមទាំងពាក់ម៉ាស់ នៅកន្លែងមានមនុស្សច្រើន និងក្នុងមធ្យោបាយសាធារណៈជាដើម៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com