ជាតិ
កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាដឹកជញ្ជូនអន្ដរជាតិលើកដំបូង
29, Apr 2023 , 10:39 am        
រូបភាព
លោក ស៊ុន ចាន់ថុល ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងវេទិកាដឹកជញ្ជូនអន្ដរជាតិ និងគម្រោងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី។
លោក ស៊ុន ចាន់ថុល ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងវេទិកាដឹកជញ្ជូនអន្ដរជាតិ និងគម្រោងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពនៅអាស៊ី។
សៀមរាប៖ កម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើជាម្ចាស់ផ្ទះវេទិកា ដឹកជញ្ជូនអន្ដរជាតិ (ITF)និងសន្និសីទស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍។

 
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា នេះជាលើកដំបូងរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាដឹកជញ្ជូនអន្ដរជាតិ បន្ទាប់ពីបាន ក្លាយជាសមាជិកនៅឆ្នាំ២០២២។ វេទិកានេះមានសារសំខាន់ដែលប្រទេសជាសមាជិក ចូលរួមចែករំលែកបទពិសោធន៍ការងារដឹកជញ្ជូន និងធ្វើយ៉ាងណាបង្រួមវិស័យដឹកជញ្ជូន ឱ្យកាន់តែល្អប្រសើរ និងកាត់បន្ថយការចំណាយ។
 


តាមលោក ស៊ុន ចាន់ថុល វេទិកានៅថ្ងៃទី២៨ មេសា ដែលធ្វើនៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ក៏មានការពិភាក្សាពីការរៀបចំការដឹកជញ្ជូនបៃតង ការកាត់បន្ថយការបំពុលបរិស្ថាន ដែលចូលរួមពីប្រទេសជាសមាជិក ITF រួមនិងយុទ្ធសាស្រ្ដនានាពង្រឹងការតភ្ជាប់ ការដឹកជញ្ជូនក្នុងប្រទេសតំបន់អាស៊ាន និងអឺរ៉ុប។ល។
 
ទាក់ទងនឹងវិស័យដឹកជញ្ជូននេះដែរ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហើយពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ដើម្បីធ្វើឱ្យវិស័យដឹកជញ្ជូនកម្ពុជាកាន់តែល្អប្រសើរ។ ក្នុងនោះ ការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការអភិវឌ្ឍផែទឹកជ្រៅនៅក្រុងព្រះសីហនុជាដើម ដែលនាពេលដ៏ឆាប់ខាងមុខ ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា នឹងអាចដឹកត្រង់ទៅតំបន់អឺរ៉ុប និងអាមេរិក។
 


អគ្គលេខាធិការ ITF លោក Young Tae Kim ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់កម្មវិធីថា ITF បានត្រៀមសម្រាប់ការចែករំលែកបទពិសោធន៍ និងការផ្ដល់ជាគំនិតនានាដល់ប្រទេសជាសមាជិក សម្រាប់ជាទុនក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ ពិសេសដើម្បីចូលរួមការកាត់បន្ថយថ្លៃដឹកជញ្ជូន។ លោកបន្តថា ITF មានសមាជិក៦៤ប្រទេស ក្នុងនោះប្រទេសជាសមាជិកនៅតំបន់ អឺរ៉ុបមាន ៤០ប្រទេស និងតំបន់អាស៊ី២៦ប្រទេស៕
 
 

Tag:
 ITF
© រក្សាសិទ្ធិដោយ thmeythmey.com