ជាតិ
ស៊ីហ្គេម២០២៣
អ្នកកាសែតបរទេសជិត ១ពាន់នាក់ មកយកព័ត៌មាននៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣
29, Apr 2023 , 11:39 am        
រូបភាព
ភ្នំពេញ៖ អ្នកកាសែតជាតិ និងអន្តរជាតិ រហូតដល់ ២០៩៥ នាក់ ត្រូវបានក្រសួងព័ត៌មាន អនុញ្ញាតឱ្យមកយកព័ត៌មាននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣។ ក្នុងនោះមាន អ្នកកាសែតបរទេស ចំនួន ៩០៧នាក់។

ក្នុងសន្និសីទសារព័ត៌មាន ដាក់ឱ្យដំណើរការមជ្ឈមណ្ឌលព័ត៌មាននៃព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គោម លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកសារព័ត៌មានអាស៊ាន ត្រូវចុះឈ្មោះតាមគណៈកម្មាការជាតិអូឡាំពិក នៃប្រទេសរៀងៗខ្លួន។ រីឯ សារព័ត៌មានក្នុងស្រុក និងអ្នកសារព័ត៌មានបរទេសដែលមានការិយាល័យនៅកម្ពុជា និងអ្នកសារព័ត៌មានអន្តរជាតិដែលរស់នៅក្រៅតំបន់អាស៊ាន បានចុះឈ្មោះតាមក្រសួងព័ត៌មាន។ 
 
លោក ផុស សុវណ្ណ  បានបន្ថែមថា មជ្ឈមណ្ឌលព័ត៌មាន MPC  ដែលមានទីតាំងស្ថិតនៅពហុកីឡាដ្ឋានមរតកតេជោ អាចផ្ទុកអ្នកសារព័ត៌មានបានចំនួន ៥០០ នាក់ ។ MPC នឹងផ្ដល់ជូនកន្លែងធ្វើការងារ បន្ទប់សទ្និសីទសារព័ត៌មាន កំព្យូរទ័រ Wifi LED និងមានផ្ដល់អាហារសម្រន់ផងដែរ ។  ចំណែកឯ នៅមជ្ឈមណ្ឌលព័ត៌មានដែលមានទីតាំងប្រកួតផ្សេងទៀត ក៏មានផ្ដល់ជូនដូចគ្នាដែរ។ 
 
ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏អាចធ្វើដំណើរតាមរថយន្តក្រុងទៅមកទីលានប្រកួតដោយឥតគិតថ្លៃ៕

© រក្សាសិទ្ធិដោយ thmeythmey.com