ជាតិ
អ្នកភូមិចំណុះវត្តទេពប្រណម្យប្រារព្ធពិធីឆ្លងចេត្រ ត្រៀមបង្កបង្កើនកសិកម្មនារដូវថ្មី 
ពិធីបុណ្យឆ្លងចេត្រនៅវត្តទេពប្រណម្យ។
×![]()
សៀមរាប៖ ប្រជាពលរដ្ឋចំណុះវត្តទេពប្រណម្យ ក្រុងអង្គរធំ នៃរមណីយដ្ឋានអង្គរ បានប្រារព្ធពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមពីបុរាណ ដែលគេតែងធ្វើក្រោយពីពិធីបុណ្យចូលឆ្នាំ។
អ្នកស្រុកតំបន់អង្គរមានទំនៀមប្រារព្ធពិធីបុណ្យឆ្លងចេត្រ ដែលគេតែងធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំរួច។ មើលមួយភ្លេតគេអាចច្រឡំថា «ឆ្លងចេត្រ» មានន័យថាឆ្លងឆ្នាំ តែតាមពិតទៅគេសំដៅដល់ឆ្លងវដ្ដស្រូវ ឬរដូវធ្វើស្រែឯណោះទេ។

តាមឯកសារស្រាវជ្រាវរបស់លោកសាស្រ្ដាចារ្យ អាំង ជូលាន ដែលចុះផ្សាយក្នុងគេហទំព័រ យសោធរ ឆ្លងចេត្រមិនមែនមានន័យត្រឹមថាផុតខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ជាខែដាស់ដីភ្ជួររាស់ប៉ុណ្ណោះទេ តែគេក៏អាចធ្វើពិធីនេះក្រោយចូលខែពិសាខមួយអាទិត្យ ពីរអាទិត្យក៏បាន ព្រោះអត្តន័យពិតនៃពិធីនេះគឺចប់រដូវធ្វើស្រែមួយជាស្ថាពរ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម។

តាមលោក អាំង ជូលាន ពិធីបុណ្យនេះធ្វើនៅតាមសហគមន៍នីមួយៗ និងមិនធំដុំប៉ុន្មានទេ ដែលធ្វើតាមរោងអ្នកតា ដូចករណីសហគមន៍ភូមិធ្លក ស្រុកបន្ទាយស្រី ធ្វើនៅកន្លែងអ្នកតាដោក ដែលមានដុំថ្មមួយជាដំណាងនៅខ្ទម។ បុណ្យនេះគេធ្វើនៅតាមរោងអ្នកតា ដែលជំនឿកន្លងមក ជំនឿអ្នកតានេះគឺទាក់ទងនឹងកសិកម្ម ឬស្រូវនេះតែម្ដង។

សម្រាប់កិច្ចពិធីឆ្លងចេត្រនៅវត្តទេពប្រណម្យវិញ ដឹកនាំដោយព្រះសង្ឃ តាអាចារ្យ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំពិធីនៅរសៀលថ្ងៃទី២៦ មេសា ដោយមានចាក់ចេក កាច់បាសី ពូនភ្នំខ្សាច់ លុះព្រឹកឡើងថ្ងៃទី២៧ សូត្រមន្ត រាប់បាត្រ លុះរសៀលម៉ោង១ ពិធីហែផ្កែប្រាក់ ស្រង់ព្រះ និងការកម្សាន្ត។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com