កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេម៖ គ្រូសីដក់ម៉ាឡេស៊ី ថាមិនអាចមើលស្រាលម្ចាស់ផ្ទះកម្ពុជា និងបារម្ភពីថៃ
30, Apr 2023 , 8:29 am        
រូបភាព
លោក Ahmad Jais Baharun ប្រាប់ទៅកាន់កីឡាករក្រុមកីឡាសីដក់ ឬសីប៉ាក់តាកក្រ ម៉ាឡេស៊ី កុំឱ្យមើលស្រាលលើក្រុមម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលការប្រកួតធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។

លោក Ahmad Jais គ្រូបង្វឹកបង្គោលក្រុមកីឡាសីដក់ម៉ាឡេស៊ី បានបង្ហាញជំនឿរបស់លោកថា ក្រុមកម្ពុជាមានគ្រូបង្វឹកជាជនជាតិថៃ បានពង្រឹងសមត្ថភាព​បានល្អខ្លាំង ហើយនឹងអាចផ្តល់ការប្រកួតដ៏តានតឹងបំផុតដល់ក្រុមម្ចាស់ការពារតំណែងជើងឯកថៃ និងក្រុមខ្លាំងដូចម៉ាឡេស៊ី នៅលើប្រភេទវិញ្ញសាសីដក់បុរស។
 
«វាមិនអាចទៅរួចឡើយដែលថាកម្ពុជាមិនងាយរកបានពិន្ទុ ពួកគេបានត្រៀមខ្លួនបានល្អ រួមជាមួយនឹងអ្នកគាំទ្រជាច្រើនថែមទៀតក្នុងនាមជាម្ចាស់ផ្ទះ យើងមិនអាចមើលស្រាលពួកគេបានឡើយ។ ខ្ញុំចង់ឱ្យកីឡាករត្រៀមខ្លួនរួចរាល់នឹងប្រជែងគ្រប់ការប្រយុទ្ធរហូតដល់ដំណាល់កាលចុងក្រោយ។»។ លោក Ahmad បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ លោក Ahmad Bais ក៏បានលើកឡើងបន្ថែមថា ទោះថៃជាក្រុមដែលត្រូវបានចាប់អារម្មណ៍ថានឹងអាចឈ្នះមេដាយ ប៉ុន្តែលោកចង់ឱ្យកូនក្រុមបញ្ចេញសមត្ថភាពឱ្យអស់ដើម្បីប្រយុទ្ធតទល់ជាមួយថៃ។ កាលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ម៉ាឡេស៊ី រងបរាជ័យក្នុងលទ្ធផលសិត ២-០ របូតមេដាយមាសទៅកាន់ថៃ។
គួររំលឹកថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា៕ 
 

Tag:
 ស៊ីហ្គេម២០២៣
  សីដក់
© រក្សាសិទ្ធិដោយ thmeythmey.com