ជាតិ
ពីនេះ ពីនោះ
ក្រៅពីយកមកចារសាស្ត្រា «ទ្រាំង» មានប្រយោជន៍ប្រើបានច្រើនមុខ
30, Apr 2023 , 7:59 am        
រូបភាព
ស្ទឹងត្រែង៖ «ទ្រាំង» ជារុក្ខជាតិដុះតាមព្រៃភ្នំមួយប្រភេទ ដែលមានសណ្តានស្រដៀងនឹងដើមជ្រែ ស្រដៀងត្នោត។ តចសារព្រឹក្សមួយប្រភេទនេះ មានអត្ថប្រយោជន៍មិនចាញ់ដើមត្នោតប៉ុន្មានឡើយ តាំងដើម ស្លឹក ផ្លែ គឺអាចយកមកប្រើប្រាស់បានទាំងអស់។

 
ជារុក្ខជាតិ ចេញផ្កានិងផ្លែសម្លាប់ដើម រុក្ខជាតិប្រភេទនេះ ច្រើនមានវត្តមាននៅតាមខេត្តមួយចំនួនដូចជា ស្ទឹងត្រែង, ព្រះវិហារ, រតនគិរី និងក្រចេះជាដើម។ កន្លងមកគេក៏ឃើញ ពលរដ្ឋសហគមន៍ការពារធនធានធម្មជាតិទាំងនោះ ប្រមូលដើមទ្រាំងមកច្នៃជារបស់ប្រើប្រាស់មួយចំនួន ដើម្បីរកម្រៃបន្ថែមផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃដើមទ្រាំង៖ 
 


ផ្លែទ្រាំង អាចបរិភោគ និងបំពុលត្រី បើនិយាយពីផ្លែទ្រាំងវិញ ពលរដ្ឋជនជាតិដើមភាគតិចកួយ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បរិភោគផ្លែទ្រាំង នៅពេលដែលផ្លែធំ មិនខ្ចីពេក និងមិនចាស់ពេក ពោលគឺនៅពេលដែលសាច់នៃផ្លែវានៅទន់។ ផ្លែតូចៗស្រដៀងនឹងផ្លែស្លា និងមានរសជាតិផ្អែមតិចៗ ដូចនឹងសាច់ដូងដូច្នោះដែរ។ ក្រៅពីយកបរិភោគ ពលរដ្ឋនៅទីនេះ ក៏យកសម្បកផ្លែទ្រាំងនេះ យកទៅបំពុលត្រី។ តែការបំពុលនេះ មិនធ្វើឱ្យមនុស្សពុលនោះឡើយ ពេលបរិភោគត្រីនោះ។ 
 


លើសពីយកចារសាស្ត្រាស្លឹករឹត ស្លឹកទ្រាំងមានអត្ថប្រយោជន៍ច្រើនមុខ កាលពីអតីតកាលដូនតាខ្មែរប្រើប្រាស់ស្លឹកទ្រាំងនេះ ដើម្បីចារសាស្ត្រា ដែលយើងស្គាល់ថា «សាស្ត្រាស្លឹករឹត»។ ចំពោះស្លឹកដែលគេយកមកប្រើប្រាស់នេះ គឺមិនយកស្លឹកដែលចាស់ ឬស្លឹកដែលលេចចេញជារូបរាងស្លឹកពេញលេញ មានធាងនោះឡើយ ពោលគឺស្លឹកនៅក្ដោបគ្នា ស្ថិតនៅផ្នែកចុងនៃដើម។ 
 
ក្រៅពី សាស្ត្រស្លឹករឹត ស្លឹកទ្រាំងត្រូវបានគេយកមកដេរជាបន្ទះៗ ដើម្បីប្រក់ បាំងធ្វើជាជញ្ជាំងផ្ទះ ឬដំបូលជាដើម។ ម្យ៉ាងស្លឹកវា ត្រូវបានគេយកទៅត្បាញជាកន្ទេល ការុង សំពៀត ពួរ  និងភ្ជល់ជាដើម។ បច្ចុប្បន្ន «ភ្ជល់» គេឃើញមានវត្តមានប្រើប្រាស់នៅស្រុកក្រូចឆ្មារ ជាពិសេសនៅឃុំស្វាយឃ្លាំង សម្រាប់បម្រើក្នុងការធ្វើថ្នាំជក់(ខ្មែរ)។ កសិករប្រើប្រាស់ភ្ជល់ ធ្វើពីស្លឹកទ្រាំងនេះ ដើម្បីហាលសរសៃថ្នាំជក់របស់ពួកគេ។ 
 
ចំពោះបងប្អូនជនជាតិដើមភាគតិចកួយ រស់នៅភូមិអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង បានយកស្លឹកដែលជាប់មែងនេះ យកមកច្នៃជារបស់របរប្រើប្រាស់ ដូចជាធ្វើជាប្រដាប់ដង ឬដួសទឹក និងអាចចម្អិនទឹកបណ្ដោះអាសន្ន ហៅថា «ក្បង់»។ 
 


មែកទ្រាំង មានភាពរឹងមាំ និងប្រណិត របស់របរប្រើប្រាស់ដូចជា ដងធ្នូ ស្នា ចង្កឹះ ស្លាបព្រា វែក ឈើច្រត់ និងវត្ថុអនុស្សាវរីយ៍ជាដើម ត្រូវបានគេច្នៃចេញពីមែកទ្រាំង។ ប៉ុន្តែមិនមែន ផ្នែកមែកទាំងមូលអាចយកមកច្នៃបាននោះទេ គឺគេយកតែខ្លឹមតែប៉ុណ្ណោះ។ ហើយខ្លឹមនៃមែកនេះ វាគឺស្ថិតគែមសងខាងនៃមែក ដូច្នេះដើម្បីបានខ្លឹមល្អ និងធំ ទាល់តែដើមទ្រាំងនោះ មានអាយុកាលច្រើនទើបមែកធំ និងមានខ្លឹមធំដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com