ជាតិ
សេដ្ឋកិច្ច
របរចម្លាក់ថ្មភក់ ចិញ្ចឹមអ្នកស្រី អូន តុលា តគ្រួសារ
30, Apr 2023 , 8:59 am        
រូបភាព
កំពង់ធំ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ច្បាស់ជាបានឃើញរូបចម្លាក់ធ្វើពីថ្មភក់ជាច្រើន តម្រៀបសងខាងផ្លូវពេលមកដល់ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពលរដ្ឋនៅទីនោះមានរបរចម្លាក់ថ្មភក់នេះ ច្រើនឆ្នាំមកហើយ ខ្លះតពីឪពុកម្ដាយ។

 
អ្នកស្រី អូន តុលា ជាអាជីវករលក់ចម្លាក់ថ្មភក់មួយកន្លែង ស្ថិតនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចម្លាក់ថ្មតូចធំជាច្រើន ខ្លះរួចរាល់ ខ្លះទៀតកំពុងឆ្លាក់ដោយក្រុមជាងជាច្រើននាក់ ដែលអ្នកស្រី អូន តុលា ជួលមុខផ្ទះគេសម្រាប់ប្រកបរបរមួយនេះ។ 
 


ក្នុងទឹកមុខញញឹម ស្រ្តីវ័យប្រមាណ៤០ឆ្នាំរូបនេះបានឱ្យដឹងថា បានប្រកបរបរនេះជាង១០ឆ្នាំ មកហើយ។  ក្រៅពីចម្លាក់ទីតាំងអាជីវកម្មរបស់អ្នកស្រី តុលា ក៏មានច្នៃសម្ភារជាច្រើនពីថ្មភក់ដូចជា ត្បាល់បុក ត្បាល់កិនម្សៅ រូបព្រះ ថ្មដុសជើង ថ្មសំលៀងកាំបិត។ល។
 
អ្នកស្រី តុលា បន្ថែមថា ថ្មភក់ធំៗ និងប្រភេទថ្មភ្នំត្រូវបាននាំចូលពីខេត្តព្រះវិហារ ដែលឈ្មួញបានកាត់ និងដឹកយកមកលក់ដល់កន្លែងតែម្ដង។ ពីមុន របរនេះមានការលំបាក តែសព្វថ្ងៃបច្ចេកទេសកាន់តែទំនើប សម្រួលឱ្យការងារកាត់ថ្ម និងដុសខាត់ថ្មធំៗនេះកាន់តែងាយស្រួល។ អ្នកស្រី តុលា បញ្ជាក់ថា រូបដែលភ្ញៀវនិយមទិញរួមមាន រូបព្រះ វិស្ណុ តោ ជាដើម ដែលមានតម្លៃចាប់ពី១៥០០ដុល្លារ ទៅ១៧០០ដុល្លារ រីឯរូបតូចៗវិញមានតម្លៃចាប់ពីជាង១០០ដុល្លារទៅ។  
 


ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រី តុលា ប្រាប់ថា ក្នុងមួយខែអ្នកស្រីអាចលក់រូបតូចធំបាន១០អង្គ ខែខ្លះបានតិច ខែខ្លះបានច្រើនមិនទៀង។ យ៉ាងណាមិញស្រ្តីរូបនេះបញ្ជាក់ថា របរនេះត្រូវការដើមទុន​ច្រើនគួរសម ដោយក្នុងនោះអ្នកស្រីបានខ្ចីទុនបង្វិលពីធនាគារបន្ថែម ដើម្បីនិរន្តរភាព​នៃរបរមួយនេះ។
 


សូមបញ្ជាក់ថា នៅភូមិសំណាក ឃុំកកោះនេះ មានពលរដ្ឋប្រហែល១០០គ្រួសារ កំពុងប្រកបរបរមួយនេះ ហើយទីតាំងនេះ ក៏បានក្លាយជាគោលដៅទេសចរណ៍មួយផងដែរ ដែលទេសចរច្រើន​ឈប់ដើរមើល​អាជីវកម្ម ហើយខ្លះក៏បានទិញរូបនិងសម្ភារមួយចំនួនទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ៕
 
 
 

Tag:
 ចម្លាក់ថ្មភក់
© រក្សាសិទ្ធិដោយ thmeythmey.com