ជាតិ
នាវាទេសចរណ៍ Westerdam នឹងមកកម្ពុជាម្ដងទៀត នៅចុងខែធ្នូ
30, Apr 2023 , 7:09 pm        
រូបភាព
ព្រះសីហនុ ៖ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ម្ដងទៀត នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ក្រោយចតចុះកាលពីឆ្នាំ២០២០ ។

លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនាកិច្ចនៅខេត្តព្រះសីហនុ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ថា នាវាទេសចរណ៍អាម៉េរិក Westerdam ដែលនឹងត្រូវចុះចតនាពេលខាងមុខនេះ អាចផ្ទុកភ្ញៀវទេសចរ ជាង២០០០នាក់ និងបម្រើការលើកាប៉ាល់ ចំនួន ១៥០០នាក់។ លោក លូ គឹមឈន់ បានបន្ថែមថា វត្តមានសាជាថ្មីរបស់នាវាទេសចរណ៍ Westerdam ជាមោទកភាព និងជាជោគជ័យដ៏ធំមួយរបស់កម្ពុជា។ 
 
 គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យនាវាទេសចរណ៍ អាម៉េរិក ដែលមានឈ្មោះថា Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេស និងកោះ ចំនួន ៥ បានបដិសេធ លើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line។ ក្នុងនោះ រួមមាន ជប៉ុន តៃវ៉ាន់ កោះហ្គា ម ហ្វីលីពីន និងថៃ ដែលមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតឡើយ ដោយសារបារម្ភពីCOVID-19។ 
 
 មូលហេតុដែលរដ្ឋាភិបាល សម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថា ជួយសង្គ្រោះមនុស្សជាតិ និងបង្ហាញពីសកម្មភាព មនុស្សធម៌ ជាពិសេសលុបបំបាត់ ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺ រលាកសួត ដែលបង្កឡើងដោយ COVID-19 ។ 
 
 មនុស្សនៅលើនាវានោះ មានជាង ២២០០នាក់ ក្នុងនោះ អ្នកដំណើរ ១៤៥៥ នាក់ មានជាង ៤០ សញ្ជាតិ និងបុគ្គលិកបម្រើការងារ តាម ផ្នែកលើនាវា ៨០២នាក់។ អ្នកទេសចរ ដែលច្រើនជាងគេ មាន អាម៉េរិក មាន៦៥១នាក់ កាណាដា ២៧១នាក់ អង់គ្លេស ១២៧នាក់ ហូឡង់ ៩១នាក់ អូស្ត្រាលី ៧៩ នាក់ អាល្លឺម៉ង់ ៥៧នាក់ ...៕
 

Tag:
 ទេសចរណ៍
 Westerdam
 នាវាទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com