ជាតិ
សង្គមជាតិ
ទេសចរឡើងភ្នំខ្នងផ្សាម្នាក់ បានស្លាប់ ដោយសារខ្យល់គរ ខណៈពេលបញ្ជូនមកដល់មន្ទីរពេទ្យ
30, Apr 2023 , 4:39 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកឈ្មោះ Eath Sopheakcheatra អ៊ាត សុភ័ក្រចិត្រា
រូបភាពពីហ្វេសប៊ុកឈ្មោះ Eath Sopheakcheatra អ៊ាត សុភ័ក្រចិត្រា
បុរសម្នាក់បានខ្យល់គរសន្លប់ នៅភ្នំខ្នងផ្សា នៅយប់ថ្ងៃទី២៩ ខែមេសា ម្សិលមិញនេះ។ ទេសចរម្នាក់នោះ បានបាត់បង់ជីវិត ក្រោយបញ្ជូនចុះមកដល់ផ្សារជាំ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់  ក្នុងសហគមន៍រលាក់កងជើង។ នេះបើតាមលោក នំ រ៉ាគឺម នាំភ្ញៀវឡើងភ្នំខ្នងផ្សា។

 

លោក នំ រ៉ាគឺម  បានប្រាប់សារព័ត៌មានថ្មីៗ ថា ហេតុការណ៍នេះបានកើតឡើងចន្លោះពីម៉ោង៩ ដល់ម៉ោង១២យប់ ដោយបុរសម្នាក់បានសន្លប់នៅភ្នំខ្នងផ្សា ហើយបានបញ្ជូនចុះមកវិញ ដើម្បីជួយសង្រ្គោះ ប៉ុន្តែមិនអាចជួយសង្រ្គោះបាន ទើបត្រូវបាត់បង់ជីវិតនៅពេលមកដល់ផ្សារជាំ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីខ្នងផ្សា។
 
តាមបើលោក រ៉ាគឺម ទេសចរដែលបានស្លាប់នោះធ្វើដំណើរទៅឡើងភ្នំខ្នងផ្សា ជាលក្ខណៈគ្រួសារ ដែលមានសមាជិក៦នាក់។ លោកបញ្ជាក់ទៀតថា នេះមិនមែនជាលើកទី១របស់ទេសចររូបនោះឡើយ ព្រោះពេលធ្វើដំណើរឡើងភ្នំនោះ គេពុំប្រើប្រាស់សេវានាំភ្ញៀវរបស់សហគមន៍ឡើយ។ «គាត់មកឡើងខ្នងផ្សាហ្នឹង២-៣ដងហើយ មិនមែនលើកទី១ទេ។ ហើយគាត់អត់បានជួលអ្នកនាំភ្ញៀវឱ្យឡើងជាមួយទេ ព្រោះគាត់ស្គាល់។ ខ្ញុំបើកគោយន្តជូនពួកគាត់ត្រឹមជើងភ្នំ នៅម៉ោង៨ជាងព្រឹក ថ្ងៃសៅរ៍ហ្នឹង អត់បានឡើងទៅជាមួយទេ»។ នេះជាការលើកឡើងរបស់លោក រ៉ាគឺម សហគមន៍នាំភ្ញៀវឡើងភ្នំខ្នងផ្សា។
 
លោក រ៉ាគឺម ថា ទេសចររូបនោះ ត្រូវបានជួយសង្រ្គោះដោយភ្ញៀវដែលទៅបោះតង់ដូចគ្នានោះ និងដឹកដោយរថយន្តចុះមកក្រោមភ្លាមៗ ប៉ុន្តែដោយសារឆ្ងាយ ហើយផ្លូវពិបាកផងនោះ ទើបមិនអាចជួយសង្រ្គោះបាន ហើយត្រូវបាត់បង់ជីវិតនៅពេលមកដល់ផ្សារជាំ។ លោកបញ្ជាក់ទៀតថា ទេសចរទាំងនោះបានទៅសម្រាកផ្ទះរបស់លោក មួយយប់ថ្ងៃទី២៨ មេសា ហើយពួកគេមានគម្រោងទៅឡើងភ្នំខ្នងផ្សានេះរយៈពេល២ថ្ងៃទើបចុះមកវិញ៕

Tag:
 ខ្នងផ្សា
© រក្សាសិទ្ធិដោយ thmeythmey.com