ជាតិ
ពីនេះ ពីនោះ
​ ពលរដ្ឋឃុំកំពង់ក្ដី មានទម្លាប់ប្រារព្ធពិធីរំឭកគុណដូនតានៅស្ពានបុរាណ ក្រោយ​ចូលឆ្នាំ
30, Apr 2023 , 9:09 pm        
រូបភាព
ពលរដ្ឋឃុំកំពង់ក្ដី មានទម្លាប់ប្រារព្ធពិធីរំឭកគុណដូនតានៅស្ពានបុរាណ ក្រោយ​ចូលឆ្នាំ។
ពលរដ្ឋឃុំកំពង់ក្ដី មានទម្លាប់ប្រារព្ធពិធីរំឭកគុណដូនតានៅស្ពានបុរាណ ក្រោយ​ចូលឆ្នាំ។
សៀមរាប៖ ជារៀងរាល់ឆ្នាំបន្ទាប់ពីពិធីចូលឆ្នាំថ្មី​បញ្ចប់​ ពលរដ្ឋរស់នៅជុំវិញ​ស្ពាន​​កំពង់ក្ដី (ស្ពានព្រះទិស) ក្នុងឃុំកំពង់ក្ដី តែងប្រារព្ធពិធីឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី។ ពិធី​នេះអ្នកភូមិខ្លះហៅឆ្លងចែត្រ ឯខ្លះទៀតក៏ហៅថាឆ្លងឆ្នាំ។ ពិធីនេះ ជាទំនៀមទម្លាប់​ត​ពី​ដូន​តា របស់ពួកគេបន្តពីមួយជំនាន់ទៅមួយជំនាន់។ កម្មវិធីនេះទៀតសោត អ្នកភូមិ​ទាំង​នោះ ត្រូវទៅប្រារព្ធនៅឯរោងអ្នកតាក្នុងភូមិ និងនៅស្ពាននាគ ឬស្ពានកំពង់ក្ដី។

តទៅនេះសូមទស្សនាវីដេអូ ពិស្ដារដូចខាងក្រោម រៀបចំដោយលោក ស៊ុល រ៉វី៖ 

 
ការប្រារព្ធពិធីឆ្លងឆ្នាំនេះ​ មានភាពអធិកអធម និងមានកម្មវិធីប្លែកៗគួរឱ្យចាប់អារម្មណ៍ ពោល​មានការថ្វាយភ្លេងអ្នកតា ការសម្ដែងព្រោះស្រូវ និងការទាញព្រ័ត្រជាដើម។ អ្នក​ភូមិ​ដែលរៀបចំប្រារព្ធពិធីនេះ ពួកគេនិយាយថា ខ្លួនមិនដឹងឡើយថាពិធីឆ្លងឆ្នាំនេះ មានតាំង​ពី​ពេល​ណាឡើយ ដោយគ្រាន់ដឹងថាវាមានពីជីដូនជីតាពួកគេមកម្ល៉េះ ហើយ​ពួកគេធ្វើត ទំនៀមទម្លាប់ពីដូនតា​មក។ 
 
​លោកតា ចាន់ លីម វ័យ៨៧ឆ្នាំ ជាពលរដ្ឋចាស់ទុំមួយរូបនៅឃុំកំពង់ក្ដី បានពន្យល់ថា ការ​រៀបចំប្រារព្ធពីឆ្លងឆ្នាំដែលអ្នកភូមិតែងចំណាំធ្វើរាល់ឆ្នាំ មិនដែលខាន​នោះទេ ដើម្បី​​​រំឭក​ដល់​បុព្វបុរសដូនតាខ្មែរ និងបង្ហាញភាពសាមគ្គីគ្នា សម្រាប់ពលរដ្ឋក្នុងភូមិ-ឃុំ ដែល​កំពុង​រស់រាន។ 


លោកតា ចាន់ លីម វ័យ៨៧ឆ្នាំ ជាពលរដ្ឋចាស់ទុំមួយរូបនៅឃុំកំពង់ក្ដី។ 

លោកតា ចាន់ លីម ​រៀបរាប់ដូច្នេះ៖ «ពាក់ព័ន្ធនឹងការទាញព្រ័ត្រ ខ្មែរយើងគេតែងធ្វើបុណ្យ​ឧទ្ទិស​​កុសល​ផលបុណ្យ​ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស​ ដែលបានកសាងប្រវត្តិសំខាន់ទុក​ដល់​កូនចៅ។ ការទាញព្រ័ត្រស្រីម្ខាង ប្រុសម្ខាង ទាញចង់ដឹងដែលយើងសប្បាយ​ក្នុងពិធី​ចូលឆ្នាំ ប្រវត្តិដើមគេសង្កត់ធ្ងន់ លើការសាមគ្គីទេចៅ»។ 
 
បើសរុបទៅ ពិធីឆ្លងចែត្រ ឬឆ្លងឆ្នាំនេះនេះ គឺដើម្បីរំឭកគុណ ឧទ្ទិសបុណ្យកុសលដល់​ដូនតា និងការសាមគ្គីភាពរបស់អ្នកភូមិ។ ជាមួយគ្នានេះពិធីនេះ ក៏ឃើញមានការបុណ្យ​ស្រន់ សូមសេចក្ដីសុខពីអ្នកតា ដែលថែរក្សានៅភូមិផងដែរ និងការបន់ស្រន់មុនពលរដ្ឋ​ចុះ​ធ្វើស្រែចម្ការ ដើម្បីទទួលបានទឹកភ្លៀងគ្រប់គ្រាន់ និង​ទទួលបានទិន្នផលខ្ពស់ជាដើម។ 
 
កម្មវិធីឆ្លងឆ្នាំរបស់អ្នកឃុំកំពង់ក្ដីនេះ ត្រូវបានរៀបចំពេញមួយថ្ងៃ ហើយឆ្នាំនេះ​ត្រូវនឹងថ្ងៃ​ទី២០មេសា។ នៅពេលព្រឹកពុទ្ធបរិស័ទនាំគ្នាទៅវត្ត ប្រគេនចង្ហាន់ដល់ព្រះ​សង្ឃនៅឯវត្ត​ជីក្រែង។ 
បន្ទាប់ពីពិធីសាសនានេះចប់ទៅ លុះដល់វេលារសៀល ពិធីសែនព្រេនមួយទៀតចាប់ផ្ដើម ។ កម្មវិធីនេះចាប់ផ្ដើមឡើង នៅម៉ោងប្រមាណ ៣រសៀល នៅឯទីអ្នកតាមួយនៅក្នុងភូមិ ដែលអ្នកភូមិមានជំនឿជឿជាក់ និងគោរពប្រណិប័តន៍តរៀងមក។ 
 
មុនកម្មវិធីចាប់ផ្ដើមមុនប្រហែល២ម៉ោង ចាស់ក្នុងភូមិបាននាំគ្នាមករៀបចំកន្លែងអ្នកតា ជា​បន្តបន្ទាប់ អ្នកខ្លះយកឧបករណ៍ឧគ្ឃោសនសព្ទមក។ ឯដូនចាស់នាំគ្នារៀបចំ​ភោជនសែន ទៅតាមទំនៀមរបស់ពួកគេ។ ក្នុងសំណែននោះមានដូចជាក្បាលជ្រូកមួយ មាន់ស្ងោរមួយ សម្ល នំ ម្លូ ស្លា បារី ចេក ភេសជ្ជៈ ព្រមទាំងបាយសី ស្លាធម៌ ធូប ទាន។ 
 
បន្ទាប់ពីដូនចាស់ៗរៀបចំស្ទើររួចរាល់ អ្នកភ្លេង​ក៏មកដល់ ដើម្បីប្រគំភ្លេងបុរាណ មានទាំង​អ្នក​ច្រៀង ដើម្បីថ្វាយភ្លេងដល់អ្នកតានៅទីនេះ។ បន្ទាប់ពីអ្នកភ្លេងមកដល់ ពលរដ្ឋចាស់​ក្មេង​ក៏មកជាបន្តបន្ទាប់ ស្របជាមួយនោះ​ អ្នកភូមិខ្លះ ក៏បាននាំយកនូវឧបករណ៍ធ្វើស្រែ​ខ្លះ មកមួយចំនួន​​ដែរ ដូចជាចបកាប់ រនាស់ អំបោះ ស្រូវ និងឧបករណ៍សម្រាប់ធ្វើស្រែផ្សេងៗទៀត។ 
 
សំណែន អ្នកភ្លៀង និងឧបករណ៍ផ្សេងបានរៀបចំគ្រប់គ្រាន់ហើយ កម្មវិធីសែនអ្នកតា​ចាប់​ផ្ដើមប្រគំឡើង យ៉ាងរណ្ដំនៅលើលានល្មមមួយ អមនឹងដើមឈើ និងឫស្សី។ ភ្លេងប្រគំ​សូរសព្ទរណ្ដំគោរម្យ ដាស់ឱ្យអ្នកភូមិមិនទាន់មកដល់ ឱ្យប្រញាប់​មករោងអ្នកតានេះ។ ស្របពេលនោះ ចាស់ៗក៏នាំគ្នាបុណ្យអ្នកតា ក្នុងសំឡេងរសាវៗ តែអាចឱ្យយល់បានថា​គឺ​សូមសេចក្ដីសុខ ចៀសពីគ្រោះទាំងពួង និងសុំឱ្យការចុះធ្វើស្រែទទួលបានភ្លៀងគ្រប់គ្រង និងទិន្នផលខ្ពស់។ 
 
ស្របនឹងពេលនោះផងដែរ អ្នកភូមិក្មេងចាស់ឈរ មកចូលរួមយ៉ាង​អ៊ូអរ។ ក្នុងពិធីសែន​ព្រែន​នេះ ក៏មានការចូលរូប លើអ្នកស្នងរូបចំនួន២នាក់ផងដែរ។ សកម្មភាពចូលរួម​បានធ្វើឡើងមួយស្របក់ រួចក៏បញ្ចប់ និងជំនួសដោយការរាំ និងច្រៀងបទ «ស្រីបុកស្រូវ»។
 
អ្ន​ក​ច្រៀង ច្រៀងបណ្ដើរ និងបង្ហាញសកម្មភាពបណ្ដើរ ដោយសកម្មភាពនោះ​អាចឱ្យ​យើង​ឃើញថា ជាសកម្មភាពធ្វើស្រែ។ ពោលគឺមានអ្នកព្រោះស្រូវ មានអ្នកកាប់ដី អ្នកបោសដី និង​អ្នកដង្ហែ អមនឹងការប្រគំភ្លេងពីអ្នកភ្លេង ដែលជាទស្សនិយភាព​គួរជា​ទាក់​ចិត្ត​។ 
 
សកម្មភាពដូចរៀបរាប់នេះ គឺត្រូវបានដើរទក្សិណ ជុំវិញរោងអ្នកតាបីជុំទើបរួចរាល់។ បន្ទាប់​មក ក៏ដល់វគ្គទាញព្រ័ត្រ។ ការទាញព្រ័ត្រនេះ គឺត្រូវបែងចែកឱ្យ​ស្ត្រីនៅម្ខាង និងបុរសនៅម្ខាង ហើយការទាញព្រ័ត្រនោះ ត្រូវប្រកួតជាបីដង។ 
 
ប្រកួតបានបញ្ចប់ ពលរដ្ឋក៏ម្នីម្នា ទៅរៀបចំពិធីសែនព្រេនបន្តទៀត នៅឯស្ពាននាគ ឬស្ពាន​កំពង់​ក្ដី។ នៅទីនោះ ការសែនព្រេន គឺសំណែនដូចគ្នា។ ក្រោយសែនចប់ ក៏មានការ​ទាញព្រ័ត្រ​ដែរ តែការទាញព្រ័ត្រនៅលើស្ពាននេះ គឺមានការចូលរួមច្រើនកុះករជាងមុន ព្រមទាំងមានរាំរែក យ៉ាងសប្បាយរីករាយ។ 
 
មិនថា​ឆ្នាំណា ឬទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ពលរដ្ឋនៅឃុំកំពង់ក្ដី តែង​ប្រារព្ធ​ជារៀងរាល់ឆ្នាំ មិនដែលអាកខានមួយឆ្នាំណាសោះឡើយ ដោយសារនេះ​ជាទំនៀម​ទម្លាប់មួយ ដែលត្រូវធ្វើតពីដូនតមក ដែលពួកគេជឿថា​កាលណាមិនប្រារព្ធ​អាចនឹងមាន​គ្រោះ​កើត​ឡើងក្នុងភូមិឋានខ្លួន៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com