សង្គមជាតិ
លោក សួង សុភ័ណ្ឌ ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី
30, Apr 2023 , 9:46 pm        
រូបភាព

លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី តាមការស្នើសុំរបស់សម្ដេច ហ៊ុន សែន  បន្ទាប់ពីលោក​បាន​ប្រកាសចូលរួមជាមួយគណបក្ស​ប្រជាជន​កម្ពុជា ។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៣០ ខែ មេសា។



តាមរយៈវីដេអូប្រមាណជាង ៣នាទី  លោក សួង សុភ័ណ្ឌ បានប្រកាសចូលរួមបម្រើការងារជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីនៅថ្ងៃទី ៣០ ខែមេសា។ ក្នុងវីដេអូដដែល លោក សួង សុភ័ណ្ឌ បានលើកឡើងថា កន្លងមករូបគេបានលះបង់ពេលវេលាដើម្បីធ្វើការងារនយោបាយជាច្រើននៅកម្ពុជា ដោយពេលនោះ គឺជាអតីតប្រធានចលនាយុវជនគណបក្សប្រឆាំងធំមួយនៅកម្ពុជា ជាអតីតបេក្ខជនតំណាងរាស្រ្តនៅខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ។ 

លោក សួង សុភ័ណ្ឌ បានប្រកាសខ្លួនយ៉ាងដូច្នេះ៖«ខ្ញុំសួង សុភ័ណ្ឌ ពេលនេះនិងពេលក្រោយ ខ្ញុំជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ជាមនុស្សរបស់រដ្ឋាភិបាល ហើយប្ដេជ្ញាធ្វើការងារសព្វបែបយ៉ាងទាំងអស់ដើម្បីប្រជាពលរដ្ឋកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ប្រជាពលរដ្ឋនឹងយល់ពីឧត្តមគតិរបស់ខ្ញុំ ហើយខ្ញុំក៏សូមអរគុណដល់ថ្នាក់ដឹកនាំប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបើកភ្លើងខៀវដល់រូបខ្ញុំ»៕


© រក្សាសិទ្ធិដោយ thmeythmey.com