អន្តរជាតិ
ក្រុមប្រទេស G7 ជំរុញឱ្យមានស្តង់ដាលើការប្រើប្រាស់ប្រព័ន្ធ ChatBot
01, May 2023 , 10:20 am        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីបច្ចេកវិទ្យា និងឌីជីថលនៃក្រុមប្រទេសអ្នកមានទាំងពីរ (G7)។ រូបភាព Kyodo
កិច្ចប្រជុំរដ្ឋមន្រ្តីបច្ចេកវិទ្យា និងឌីជីថលនៃក្រុមប្រទេសអ្នកមានទាំងពីរ (G7)។ រូបភាព Kyodo
រដ្ឋមន្រ្តីបច្ចេកវិទ្យា និងឌីជីថល​នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ (G7) នៅថ្ងៃទី៣០ ខែឧសភា បានអំពាវនាវឱ្យមានស្តង់ដាអន្តរជាតិមួយ សម្រាប់ធានាលើការទទួលខុសត្រូវចំពោះបញ្ញាសិប្បនិម្មិត ជាពិសេសប្រព័ន្ធChatBot ដែលមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ។

 
ប្រព័ន្ធChatBot ត្រូវបានក្រុមហ៊ុនធំៗ និងបណ្តាប្រទេសជាច្រើន ប្រជែងគ្នាអភិវឌ្ឍយ៉ាងខ្លាំងមួយរយៈចុងក្រោយនេះ។ យ៉ាងណាមិញ ការរីកចម្រើនដ៏ខ្លាំងនេះ ត្រូវបានប្រទេសជាច្រើនបង្ហាញពីក្តីបារម្ភទាក់ទិននឹងការប្រមូលព័ត៌មានឯកជន និងការចែករំលែកព័ត៌មានមិនពិតជាដើម។ 
 
ក្រោយកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅក្រុងTakasaki ខេត្តភាគខាងកើតរបស់ជប៉ុន Gunma ក្រុមប្រទេសអ្នកមានទាំង៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី៣០ ខែមេសា ដោយបង្ហាញការជំទាស់លើការប្រើប្រាស់ខុស និងបំពានប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រជាធិបតេយ្យ ការបង្រ្កាបលើសិទ្ធិសេរីភាព រួមទាំងការគំរាមកំហែងលើសិទ្ធិមនុស្ស។ 
 
ទន្ទឹមនេះ ក្រុមប្រទេសG7 បានលើកឡើងពីគោលការណ៍ ៥ចំណុចសម្រាប់អ្នកធ្វើគោលនយោបាយ ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ក្នុងនោះមានដូចជានីតិរដ្ឋ, នីតិវិធី, ប្រជាធិបតេយ្យ, ការគោរពសិទ្ធិមនុស្ស និងការទទួលបានឱកាសសម្រាប់ការបង្កើតថ្មីជាដើម។ 
 
បន្ថែមពីនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ៧ បានអំពាវនាវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធយ៉ាងទូលំទូលាយ ក្នុងការអភិវឌ្ឍស្តង់ដាអន្តរជាតិមួយសម្រាប់ប្រព័ន្ធបញ្ញាសិប្បនិម្មិត និងលើកតម្កើងពីកិច្ចពិភាក្សាទាក់ទិននឹងការវាយតម្លៃពីហានិភ័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្រ្តីបច្ចេកវិទ្យា និងឌីជីថល បានឯកភាពលើការបង្កើតការរៀបចំជាអន្តរជាតិ ដើម្បីពង្រឹងលំហូរនៃទិន្នន័យដ៏ទុកចិត្តលើព្រំដែនផងដែរ។ 
 
សូមបញ្ជាក់ថា ប្រព័ន្ធ ChatBot ដូចជា ChatGPT មានការកើនឡើងអ្នកប្រើប្រាស់យ៉ាងខ្លាំងរហូតដល់ប្រមាណ ១០០លាននាក់ឯណោះ ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែ៕ 
 

Tag:
 ជប៉ុន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com