អន្តរជាតិ
លោកថាក់ស៊ីន ប្រកាសវិលចូលប្រទេសវិញ ក្រោយចៅទី៧របស់ខ្លួនចាប់កំណើត
01, May 2023 , 3:39 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី១ ខែឧសភា បានប្រកាសវិលចូលប្រទេសវិញ ក្រោយចៅទី៧ ចាប់កំណើត។ បើតាមលោកថាក់ស៊ីន លោកនឹងធ្វើមាតុភូមិនិវត្តន៍ក្នុងពេលឆាប់ៗ ដើម្បីមើលថែចៅរបស់ខ្លួន។

 
ក្រោយពីចាកចេញពីប្រទេសជាច្រើនឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានសរសេរលើបណ្តាសង្គម Twitter នៅព្រឹកថ្ងៃទី១ ខែឧសភា ពីការត្រលប់មកប្រទេសវិញ ក្រោយចៅទី៧ ដែលជាកូនរបស់លោកស្រី Paetongtarn Shinawatra បេក្ខភាពនាយករដ្ឋមន្រ្តីថៃមួយរូបរបស់បក្ស Pheu Thai​ បានចាប់កំណើត។ 
 
«ខ្ញុំនឹងស្នើសុំការអនុញ្ញាតត្រលប់មកថែរក្សាចៅៗ ដោយសារខ្ញុំនឹងមានវ័យ ៧៤ឆ្នាំ នៅក្នុងខែកក្កដាខាងមុខ»។ លោក ថាក់ស៊ីន បានបញ្ជាក់បែបនេះ ដោយបន្តថា ជួបគ្នាឆាប់ៗ។ 
 
អតីតនាយករដ្ឋមន្រ្តីរូបនេះ បានចាកចេញពីប្រទេស តាំងពីចៅចំនួន ៧នាក់ មិនទាន់កើតមកម្លេះ។ ការចាកចេញរបស់លោកថាក់ស៊ីនពីថៃ បានកើតឡើងនៅក្នុងឆ្នាំ ២០០៨ មុនពេលតុលាការប្រកាសសេចក្តីសម្រេច។ 
 
នៅក្នុងឆ្នាំ ២០០៨ តុលាការកំពូល បានកាត់ទោសលោកថាក់ស៊ីនឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីការប្រឆាំងនឹងច្បាប់ប្រឆាំងអំពើពុករលួយជាតិពីករណីទិញដី នៅក្នុងតំបន់ Ratchadaphisek ក្នុងក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកកប៉ុស្តិ៍។ 
 
អតីតនាយករដ្ឋមន្រ្តីរូបនេះ រងបទចោទពីការរំលោភអំណាចក្នុងពេលធ្វើជានាយករដ្ឋមន្រ្តី នៅពេលលោកអនុញ្ញាតឱ្យភរិយាចូលរួមការដេញថ្លៃដីចំនួន ៣៣រ៉ៃ ក្នុងតំបន់ Ratchadaphisek ដែលត្រូវបានហាមឃាត់ដោយមូលនិធិអភិវឌ្ឍវិទ្យាស្ថានហិរញ្ញវត្ថុរបស់ធនាគារថៃ។ 
 
ក្រោយបង្កើតបានកូនប្រុសមួយរូប លោកស្រី Paetongtarn បានសរសេរលើបណ្តាញសង្គម Instagram ថា កូនប្រុសរបស់លោកស្រីត្រូវបានដាក់ឈ្មោះថា Phruethasin Suksawat និងមានឈ្មោះហៅក្រៅថាថាក់ស៊ីន៕ 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com