អន្តរជាតិ
លោក Marcos Jr ថា ហ្វីលីពីន នឹងមិនក្លាយជាទីតាំងសកម្មភាពយោធាឡើយ
01, May 2023 , 8:29 pm        
រូបភាព
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអះអាងថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនអនុញ្ញាតឱ្យហ្វីលីពីនក្លាយជាទីតាំងចូលចត និងផ្គត់ផ្គង់សម្ភារនៃសកម្មភាពយោធាណាមួយឡើយ មុនពេលជំនួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១ ខែឧសភា។

 
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសា នៅលើយន្តហោះឆ្ពោះទៅកាន់ក្រុងវ៉ាស៊ីនតោន លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បានអះអាងថា រដ្ឋាភិបាលក្រុងម៉ានីល មិនលើកទឹកចិត្តឱ្យមានសកម្មភាពបង្ករឿង ដែលពាក់ព័ន្ធនឹងហ្វីលីពីន ដោយប្រទេសណាមួយឡើយ។ 
 
«យើងនឹងមិនអនុញ្ញាតឱ្យហ្វីលីពីនត្រូវបានប្រើប្រាស់ជាទីតាំងចំណត ឬផ្គត់ផ្គង់សម្ភារសម្រាប់សកម្មភាពយោធាណាមួយឡើយ»។ លោក​ Marcos Jr. បានសង្កត់ធ្ងន់បែបនេះ មុនជំនួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃទី១ ខែឧសភា ខាងមុខ។ 
 
មុនដំណើរទស្សនកិច្ចរបស់លោក Marcos Jr. ខាងលើ អាម៉េរិកបានអំពាវនាវឱ្យចិន បញ្ឈប់សកម្មភាពបង្ករឿង និងសកម្មភាពអសុវត្ថិភាពនៅក្នុងសមុទ្រចិនខាងត្បូង ក្រោយនាវាល្បាតហ្វីលីពីន ស្ទើរតែប៉ះទង្គិចជាមួយចិន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក Matthew Miller នៅថ្ងៃទី២៩ ខែមេសា រាល់ការវាយប្រហារលើហ្វីលីពីន អាម៉េរិកនឹងធ្វើឱ្យមានការឆ្លើយតប ក្រោមកិច្ចព្រមព្រៀងការពារទៅវិញទៅមកក្នុងឆ្នាំ១៩៥១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងដំណើរពេលធ្វើដំណើរលើយន្តហោះ លោក Marcos Jr បានអះអាងថា ឧប្បទ្ទវហេតុនៅថ្ងៃទី២៣ ខែមេសា ស្ទើរតែមានការប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីន ដែលអាចបង្កឱ្យមានរបួសរវាងភាគីទាំងសងខាង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីហ្វីលីពីន។ 
 
ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន បានជំរុញឱ្យចិនគោរពតាមកិច្ចព្រមព្រៀងរវាងក្រុងម៉ានីល និងក្រុងប៉េកាំង ដែលមានកន្លងមក តាមរយៈការបង្កើនយន្តការទំនាក់ទំនង។ 
 
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅក្រុងម៉ានីល ហ្វីលីពីន និងចិន បានឯកភាពបង្កើតប្រព័ន្ធទំនាក់ទំនងឱ្យកាន់តែច្រើន ដើម្បីគ្រប់គ្រងជម្លោះនៅក្នុងដែនទឹក ក្នុងសមុទ្រចិនខាងត្បូង។ ដំណើរទស្សនកិច្ចរបស់លោក ឈីន ធ្វើឡើងក្រោយហ្វីលីពីន បានអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពចំនួន ៤ នៅក្នុងខេត្តដែលទល់មុខសមុទ្រចិនខាងត្បូង។ ជាញយៗ ហ្វីលីពីន តែងតែដាក់ការតវ៉ាជាមួយចិន ជុំវិញនាវាល្បាតចិនចូលមកក្នុងដែនទឹករបស់ខ្លួន៕
 

Tag:
 ហ្វីលីពីន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com