អន្តរជាតិ
ប្រមុខ UN បញ្ជូនប្រេសិតពិសេសទៅស៊ូដង់ដែលកំពុង​វឹកវរក្នុងប្រទេស
01, May 2023 , 9:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រកាសបញ្ជូនប្រធានផ្នែកមនុស្សធម៌របស់ UN លោក Martin Griffiths ដែលជាប្រេសិតពិសេសទៅស៊ូដង់ក្រោយស្ថានភាពយោធាក្នុងប្រទេសគ្មានភាពនឹងនរ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី ៣០ ខែមេសា។



អង្គការសហប្រជាជាតិ (UN) ថ្មីៗនេះបានប្រកាសបញ្ជូនប្រេសិតពិសេសទៅស៊ូដង់។ ការប្រកាសនេះបានធ្វើឡើងនៅពេលដែលកងទ័ពជាតិ និងកងប្រដាប់អាវុធប្រដាប់អាវុធស៊ូដង់បានបន្តការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងទីក្រុងខាទុំ បើទោះបីជាបទឈប់បាញ់បានពន្យារពេល៧២ម៉ោងបន្ថែមក្តី។ 
 
អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN) លោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៣០ ខែមេសាថា ទំហំ និងល្បឿននៃវិបត្តិនៅស៊ូដង់មានភាពប្រែប្រួលមិនធ្លាប់មានពីមុនមក។ ក្រោយសេចក្តីថ្លែងការណ៍នេះ ប្រធានផ្នែកមនុស្សធម៌របស់ UN លោក Martin Griffiths បានលើកឡើងថា លោកកំពុងធ្វើដំណើរទៅស៊ូដង់ ដើម្បីស្វែងយល់ពីរបៀបដែលអាចផ្តល់ការសង្គ្រោះជាបន្ទាន់ដល់មនុស្សរាប់លាននាក់នៅស៊ូដង់។ 
 
បើតាមលោក Griffiths ការលួចសម្ភារៈពីការិយាល័យមនុស្សធម៌ និងឃ្លាំងជាច្រើនបានបំផ្លាញការផ្គត់ផ្គង់របស់ UN ដល់ពលរដ្ឋជាច្រើន។ លើសពីនេះ លោក​បានសង្កត់ធ្ងន់ថា លោកកំពុងរិះរកមធ្យោបាយបន្ទាន់ដើម្បីនាំយក និងចែកចាយការផ្គត់ផ្គង់សម្ភារចាំបាច់បន្ថែមដល់ពលរដ្ឋដែលកំពុងរងគ្រោះ។ 
 
គ្រួសារជាច្រើនកំពុងជួបការលំបាកក្នុងការស្វែងរក ទឹកស្អាត អាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងៗទៀត ដោយអ្នកខ្លះមិនអាចផ្លាស់ទីលំនៅបានដោយសារតម្លៃនៃការដឹកជញ្ជូនចេញពីតំបន់គ្រោះថ្នាក់មានតម្លៃខ្ពស់ខ្លាំង។  នេះបើតាមលោក Griffiths។
 
គួរបញ្ជាក់ថា គិតមកទល់នឹងពេលនេះ មនុស្សជាង៥០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេទៅកាន់ទីតាំងដែលមានសុវត្ថិភាពក្នុងប្រទេស ឬក្រៅប្រទេស៕
 

Tag:
 UN
  ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com