អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីន ស្វះស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាម៉េរិក
02, May 2023 , 12:09 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក លោក Ferdinand Marcos Jr. ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន ក្នុងថ្ងៃទី១ ខែឧសភា។ រូបភាពយកពីការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីន លោក លោក Ferdinand Marcos Jr. ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន ក្នុងថ្ងៃទី១ ខែឧសភា។ រូបភាពយកពីការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃទី១ ខែឧសភា បានជួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន។ បើតាមលោក Marcos Jr. ហ្វីលីពីន និងអាម៉េរិក ចាំបាច់ត្រូវស្វែងរកមធ្យោបាយក្នុងការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូ នៅចំពោះមុខសេដ្ឋកិច្ចបែបថ្មី ដែលពិភពលោកជួបប្រទះក្រោយជំងឺឆ្លងសកល។

 
ក្នុងដំណើរទស្សនកិច្ចនៅអាម៉េរិករយៈពេល ៤ថ្ងៃ លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី១ ខែឧសភា បានជួបជាមួយចូ បៃឌិន ប្រធានាធិបតីអាម៉េរិកនៅថ្ងៃដំបូង ក្នុងសេតវិមាន។ នៅវេលាម៉ោងប្រមាណ ២រសៀល លោកបៃឌិន បានស្វាគមន៍ចំពោះសមភាគីហ្វីលីពីន និងបានជជែកពីបញ្ហាមួយចំនួន។ 
 
ក្នុងសេចក្តីថ្លែងការណ៍បើកជំនួបទ្វេភាគី លោក Marcos Jr. បានទទួលស្គាល់ពីចំណាត់ការដែលអាម៉េរិក និងហ្វីលីពីន ចាំបាច់ត្រូវស្វែងរកដើម្បីពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូ ស្របពេលមានការប្រឈមមុខសេដ្ឋកិច្ចបែបថ្មី ក្រោយជំងឺឆ្លងសកលលេចឡើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Inquirer។ 
 
ទន្ទឹមនេះ មេដឹកនាំហ្វីលីពីន បានបន្តថា ហ្វីលីពីន គឺរងផលប៉ះពាល់ពីបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។ ត្រង់ចំណុចនេះ លោក Marcos បានសង្កត់ធ្ងន់ថា វាជាធម្មជាតិតែមួយគត់ដែលជំរុញឱ្យហ្វីលីពីន ចាំបាច់ត្រូវតែស្វែងរកដៃគូសន្ធិសញ្ញាតែមួយគត់ក្នុងពិភពលោក, ពង្រឹង និងផ្តល់អត្ថន័យជាថ្មីលើទំនាក់ទំនង ដែលហ្វីលីពីនមាន និងតួនាទីរបស់ខ្លួន ស្របពេលមានការកើនឡើងភាពតានតឹងនៅក្នុងតំបន់ ជាពិសេសជុំវិញសមុទ្រចិនខាងត្បូង និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។​
 
ទន្ទឹមនេះ លោកMarcos Jr. គ្រោងនឹងជជែកពីបញ្ហាសំខាន់ៗដូចជាពាណិជ្ជកម្ម ការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបញ្ហាក្នុងបន្ថែមទៀត ជាមួយសមភាគីអាម៉េរិក។ 
 
«យើងមានរឿងជាច្រើន ដែលថ្មី និងចាំបាច់ត្រូវវាយតម្លៃ»។ ប្រធានាធិបតីហ្វីលីពីន បានប្រាប់លោកបៃឌិនបែបនេះ ដោយបន្តថា ការធ្វើបែបនេះ គឺសង្ឃឹមសម្រាប់សន្តិភាពនៅអនាគត មិនត្រឹមតែក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពិភពលោកទាំងមូល។ 
 
ជាការឆ្លើយតប ប្រធានាធិបតីអាម៉េរិក បានអះអាងថា លោកមិនអាចគិតបានឡើយថា មានដៃគូណាល្អជាងសមភាគីហ្វីលីពីន។ ទន្ទឹមនេះ លោកបៃឌិន បានបន្ថែមថា អាម៉េរិក និងហ្វីលីពីន មានវិស័យជាច្រើនត្រូវសហការជាមួយគ្នា ក្នុងនោះមានដូចជា បម្រែបម្រួលអាកាសធាតុ ថាមពលស្អាត សិទ្ធិកម្មករ និងតម្លៃប្រជាធិបតេយ្យជាដើម។ 
 
ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់ជាថ្មីពីការពង្រឹងការប្តេជ្ញាដ៏រឹងមាំចំពោះការពារហ្វីលីពីន រួមទាំងសមុទ្រចិនខាងត្បូង ដោយផ្អែកលើកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕ 
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com