ជាតិ
សេចក្ដីព្រាងច្បាប់ចំនួន៣ ត្រូវបានព្រឹទ្ធសភាឯកភាពទាំងស្រុង
03, May 2023 , 11:01 am        
រូបភាព
ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នៅថ្ងៃទី២ឧសភា ឆ្នាំ២០២៣។ រូបពី ព្រឹទ្ធសភា
ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី១០ ដើម្បីពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ នៅថ្ងៃទី២ឧសភា ឆ្នាំ២០២៣។ រូបពី ព្រឹទ្ធសភា
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និង សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំ ដែនកម្ពុជា-វៀតណាម ត្រូវបានព្រឹទ្ធសភាយល់ស្របទាំងស្រុងដោយសំឡេង៥៧លើ៥៧ ។

 
ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមដឹកនាំរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលអង្គប្រជុំទាំងមូល មានសមាជិកព្រឹទ្ធសភាចំនួន៥៧រូប។ បើ តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃប្រជុំ មានសេចក្ដីព្រាងច្បាប់ចំនួនត្រូវបាន ពិនិត្យ និងឯកភាពយល់ស្រប។ 
 
សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ តាក់តែងឡើងក្នុងគោលបំណងដើម្បីធានាបាន នូវចីរភាពនៃការកៀរគរប្រមូលចំណូល ការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ និង សមធម៌សង្គមព្រមទាំងបន្តលើកកម្ពស់គុណភាពសេវា ដល់អ្នកជាប់ពន្ធឱ្យមានភាព សាមញ្ញ និងងាយស្រួលក្នុងការបង់ពន្ធ។ សេចក្តីព្រាងច្បាប់នេះ នឹងទាក់ទាញការវិនិយោគ ដើម្បីឱ្យកម្ពុជាឈានសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ សេចក្តីព្រាងច្បាប់ខាលើនេះដែរ តាក់តែង ឡើងមាន២០ជំពូក និង ២៥៥មាត្រា។ 
 
ចំណែក សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រៀបចំឡើងក្នុងគោលបំណង ដើម្បី ធានា បាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករនិងសវនកម្មកិច្ចលទ្ធកម្ម។ ចំណែកសា្ថប័នអនុវត្តលទ្ធកម្ម នឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញ លេញ ក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះ នឹងជួយសម្រេចបាន នូវទិសដៅនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេលវែង ដើម្បី ទ្រទ្រង់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។ សេចក្តីព្រាងច្បាប់ ខាងលើ មាន១៥ជំពូក និង ៨៧មាត្រា។ 
 
រីឯ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម តាម ព្រំដែន រវាងរាជរដ្ឋាភិបាល កម្ពុជានិងវៀតណាមរៀបចំឡើងក្នុងគោលបំណង បង្កើត ក្របខណ្ឌគតិយុត្ត និងលក្ខខណ្ឌអនុគ្រោះដល់ការធ្វើពាណិជ្ជកម្ម ព្រមទាំងធ្វើឱ្យប្រសើរ ឡើង និងលើកកម្ពស់ជីវភាព របស់ប្រជាជនរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។ លើសពីនេះ គឺពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាព បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និរន្តរភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១៩មសា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦៕ 
 

Tag:
 សេចក្ដីព្រាងច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com