អន្តរជាតិ
អាម៉េរិក​នឹង​បញ្ជូន​ទាហាន ​​១៥០០ ​នាក់​ទៅ​បណ្ដោយព្រំដែន​ម៉ិ​ក​ស៊ិ​ក​​ជា​បណ្តោះអាសន្ន
03, May 2023 , 3:34 pm        
រូបភាព
រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងបញ្ជូនទាហានបន្ថែមចំនួន១៥០០​នាក់ជាបណ្ដោះអាសន្នដើម្បីជួយធានាសណ្ដាប់ធ្នាប់នៅតាម​បណ្ដោយព្រំដែនរបស់អាម៉េរិក និងម៉ិកស៊ិកដើម្បីបង្ការការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ស្របពេលដែលអាម៉េរិកនឹងដកការរឹតបន្តឹងព្រំដែនក្រោយជំងឺកូវីដ-១៩។



អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី២​ ខែឧសភា លើកឡើងថា អាម៉េរិក​នឹងដាក់ពង្រាយកងទ័ពសកម្ម​​១៥០០​នាក់រយៈពេល៩០ថ្ងៃនៅតាមបណ្ដោយព្រំដែន​ម៉ិ​ក​ស៊ិ​ក។ កងទ័ពទាំងនេះនឹងបំពេញបន្ថែមការងាររបស់កងល្បាតព្រំដែនអាម៉េរិក ប៉ុន្តែមិនអនុវត្តកាតព្វកិច្ចអនុវត្តច្បាប់នោះទេ។ 
 
កងទ័ពទាំងនេះ នឹងធ្វើការត្រួតពិនិត្យតាមមូលដ្ឋានការបញ្ចូលទិន្នន័យ និងបំពេញចន្លោះសមត្ថភាពសំខាន់ៗ។ ​បើតាមលោកឧត្តមសេនីយ៍ Pat Ryder កងកម្លាំង​ថ្មីនេះ នឹង​បន្ថែម​លើកងទាហាន​ឆ្មាំ​ជាតិប្រមាណ២៥០០នាក់ដែលមានស្រាប់។ 
 
កន្លងមក អាម៉េរិកបានចេញច្បាប់រឹតបន្តឹងពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នៅតាមព្រំដែន ដែលហៅថា​ការ​រឹត​បន្តឹង៤២។ យ៉ាងណាមិញ ច្បាប់នេះនឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ១១ ខែ​ឧសភា ដែលអនុញ្ញាត​ឱ្យ​អាជ្ញាធរ​អាម៉េរិក​បណ្តេញ​ជន​ចំណាក​ស្រុកមិន​មែនជនជាតិ​ម៉ិកស៊ិក​ទៅ​ម៉ិកស៊ិក​ដោយ​គ្មាន​ឱកាស​ស្វែង​រក​សិទ្ធិ​ជ្រកកោន។
 
គួរបញ្ជាក់ថា ក្រោមរដ្ឋបាលរបស់លោក បៃឌិន អាម៉េរិកមានកំណត់ត្រាចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ឆ្លងកាត់ព្រំដែនអាម៉េរិក-ម៉ិកស៊ិកជាច្រើន។ ជាមួយនឹងកំណត់ត្រានេះ បក្សសាធារណរដ្ឋបានរិះគន់លោក បៃឌិន ចំពោះការមិនអនុវត្តឱ្យច្បាស់លាស់តាមអតីតប្រធានាធិបតី ដូណាល់ ត្រាំ ទាក់ទងនឹងបញ្ហាចំណាកស្រុក​។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីម៉ិកស៊ិក Andres Manuel Lopez Obrador អះអាងថា អាម៉េរិកជាប្រទេសអធិបតេយ្យមួយ ហើយម៉ិកស៊ិកនឹងគោរពការសម្រេចចិត្តរបស់អាម៉េរិក។
 
គួរបញ្ជាក់ថា ទាហាន​អាម៉េរិក​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជួយ​ការពារ​ព្រំដែន​ក្នុង​អំឡុង​ពេល​រដ្ឋបាល​ប្រធានាធិបតី​មុនៗ រួម​មាន​លោក George W Bush មកពី​បក្ស​សាធារណរដ្ឋ លោក Barack Obama ក៏ដូចជាលោក ត្រាំ ដែល​បាន​ដាក់​ពង្រាយ​ទាហាន​សកម្ម និង​ឆ្មាំ​ជាតិ​រាប់​ពាន់​នាក់ការពារព្រំដែន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com