ជាតិ
សង្គមជាតិ
ស៊ីហ្គេម៖ CAMSOC ចំណាយថវិកា៥០ម៉ឺនដុល្លារលើ Public WiFi នៅពហុកីឡដ្ឋានជាតិទាំង២
03, May 2023 , 6:59 pm        
រូបភាព
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រមាណ៥០ម៉ឺនដុល្លារអាម៉េរិក លើការបំពាក់អ៊ីនធឺណិតសាធារណៈ (Public WiFi) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។



«ព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមានកន្លែង២ធំៗសំខាន់ៗ ទី១គឺស្តាតមរកតេជោ និង ស្តាតអូឡាំពិក។ ក្រសួងបានបំពាក់ Public wifi ដែលប្រើប្រាស់ថវិកា៥០ម៉ឺនដុល្លារ មុនដំបូងចេញលុយខ្លួនឯងទេ ប៉ុន្តែក្រោយមកបាន ព្រោះត្រូវបញ្ជាទិញមុនទាំងអស់ អ៊ីចឹង គឺគណៈកម្មាការរៀបចំស៊ីហ្គេម CAMSOC បានសម្រេចផ្ដល់ថវិកាជូនក្រសួងវិញ»។ នេះជាការលើកឡើងរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍។
  


ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដា្ឋនរចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែឧសភា រដ្ឋមន្រ្តីរូបនេះ បញ្ជាក់ទៀតថា ថវិកាចំណាយកន្លះលានដុល្លារនេះ សម្រាប់ប្រព័ន្ធអ៊ីនធឺណេតសាធារណៈចំនួន២ទីតាំងប៉ុណ្ណោះ គឺនៅពហុកីឡដ្ឋានមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។ 
 
Public Wifi ក្នុងបរិវេណពហុកីឡដ្ឋាននោះ សម្រាប់អ្នកប្រើប្រាស់នៅទីនោះ ដោយគ្រាន់តែចូលទៅ Scan QR code ទៅគឺអាចប្រើបាន ដោយពុំមានបញ្ហាអ្វីឡើយ៕



Tag:
 ស៊ីហ្គេម២០២៣
 CAMSOC
 Public Wifi
© រក្សាសិទ្ធិដោយ thmeythmey.com