កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាឧបសគ្គស៊ីហ្គេម៖ អុល សៅហៀង ឈ្នះឡាវទាំងពីរជុំ លើវិញ្ញាសា១០០ម៉ែត្រ នៃ១២ឧបសគ្គ
03, May 2023 , 4:05 pm        
រូបភាព
កីឡាករ សៅហៀង ដល់គោលដៅ មុនគូប្រកួតទាំងពីរជុំ។
កីឡាករ សៅហៀង ដល់គោលដៅ មុនគូប្រកួតទាំងពីរជុំ។
ភ្នំពេញ៖ កីឡាករកីឡាឧបសគ្គកម្ពុជា អុល សៅហៀង ឈ្នះកីឡាករឡាវ Deunepheng Chandavong ទាំងពីរជុំ លើវិញ្ញាសា១០០ម៉ែត្រ ១២ឧបសគ្គ នាការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។ តាមរយៈលទ្ធផលនេះ លោក ធិន វិចិត្រ អគ្គលេខាធិការកីឡាឧបសគ្គកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករកម្ពុជារូបនេះ ចូលរួមប្រកួតកីឡាឧបសគ្គកម្រិតពិភពលោក។

 
កីឡាឧបសគ្គចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ ខែឧសភា នៅទីលាន OCIC ជ្រោយចង្វារ។ ការប្រកួតនៅជុំទី១ កីឡាករ សៅហៀង ឈ្នះកីឡាករឡាវ ដោយប្រើរយៈពេល ២៧.១០វិនាទី។ ចំណែក លោក Deunepheng Chandavong ដល់គោលដៅនៅនាទី ៣៩.៦៩វិនាទី។ 
 
សូមអញ្ជើញទស្សនការប្រកួតកីឡាករកម្ពុជា លោក អុល សៅហៀង ជាមួយ លោក Deunepheng Chandavong លើវិញ្ញាសា១០០ម៉ែត្រ ១២ឧបសគ្គ៖ 

 
ដោយឡែកជុំទី២ សៅ ហៀង ប្រើពេលត្រឹម ២៦.៤៧វិនាទីប៉ុណ្ណោះ ពោលគឺលឿនជាងជុំទី១ ខណៈ កីឡាករឡាវប្រើពេលរហូតដល់ ៥០.៤៣ វិនាទី។ តាមរយៈជ័យជម្នះនេះ លោក ធិន វិចិត្រ មានគម្រោងបញ្ជូនកីឡាករកម្ពុជារួបនេះ ទៅប្រកួតបន្តនៅកម្រិតពិភពលោក Ninja Warrior ដើម្បីមានឱកាសប្រកួតប្រជែងឱ្យបានច្រើន។ អគ្គលេខាធិការកីឡាឧបសគ្គកម្ពុជា ថ្លែងបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការប្រកួត៖ «សម្រាប់ថ្ងៃនេះ អុល សៅហៀង ធ្វើបានល្អបំផុត លើសការរំពឹងទុករបស់យើង!»។
 
កីឡាករ សៅហៀង ប្រកួតកីឡាឧបសគ្គ វិញ្ញាសា១០០ម៉ែត្រ ១២ឧបសគ្គ ជាមួយកីឡាករឡាវ នៅថ្ងៃទី៣ឧសភា ឆ្នាំ២០២៣។ 

គម្រោងបញ្ជូន សៅ ហៀង ទៅកាន់ការប្រកួតកម្រិតពិភពលោកនេះ ក្រោយលោក វិចិត្រ មើលឃើញពីសមត្ថភាពរបស់កូនក្រុមខ្លួន ទាំងកាយសម្បទា និងកម្លាំង។ លើសពីនេះអគ្គលេខាធិការរូបនេះ ក៏មើលឃើញពីភាពរីកចម្រើនលឿនរហ័សរបស់ សៅ ហៀង ទាំងនៅពេលហ្វឹកហាត់និងពេលប្រកួត។
 
កីឡាករកម្ពុជាហ្វឹហាត់ប្រមាណ៥ខែប៉ុណ្ណោះ តែអាចលេងបានល្អ។ ជាក់ស្ដែង លោកពន្យល់ថា កម្ពុជាខ្វះកន្លែងហ្វឹហាត់ ខ្វះឧបករណ៍ ហើយការហាត់ត្រៀមពេញលេញកន្លងមកមានប្រមាណ២ខែប៉ុណ្ណោះ ដែលកីឡាករកម្ពុជាបានទៅហាត់នៅប្រទេសភីលីពីនផងដែរ។ លោក ធិន វិចិត្រ បញ្ជាក់បែបនេះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com