អន្តរជាតិ
ប្រមុខUN៖ សេរីភាពរបស់យើង គឺពឹងផ្អែកលើសេរីភាពសារព័ត៌មាន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងមុនថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក នៅអង្គការសហប្រជាជាតិ។ រូបភាព AFP
× សេរីភាពសារព័ត៌មាន ស្ថិតនៅក្រោមការវាយប្រហារគ្រប់កន្លែងនៃពិភពលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែឧសភា មុនទិវាសេរីភាពសារព័ត៌មានពិភពលោកមួយថ្ងៃ។ បើតាមប្រមុខអង្គការសហប្រជាជាតិ សេរីភាពរបស់មនុស្សទាំងអស់ គឺពឹងផ្អែកលើសេរីភាពសារព័ត៌មាន។
ពិភពលោក នៅថ្ងៃទី៣ ខែឧសភា អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក។ មុនទិវាមួយនេះមួយថ្ងៃ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានយល់ឃើញថា សេរីភាពសារព័ត៌មាន ស្ថិតនៅក្រោមការវាយប្រហារនៅគ្រប់កន្លែងក្នុងពិភពលោក។
«សេរីភាពរបស់យើងទាំងអស់គ្នា គឺផ្អែកលើសេរីភាពសារព័ត៌មាន»។ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក នៅថ្ងៃទី២ ខែឧសភា។ យ៉ាងណាមិញ លោក ហ្គូតេរ៉េស មិនបានបញ្ជាក់ពីអ្នកសារព័ត៌មាន ដែលត្រូវបានឃុំខ្លួននៅប្រទេសណាមួយឡើយ។
ស្របគ្នានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបន្តថា ព័ត៌មានពិត ស្ថិតក្រោមការវាយប្រហារដោយព័ត៌មានមិនពិត និងពាក្យញុះញង់ឱ្យមានការស្អប់ខ្ពើម និងព័ត៌មានមិនច្បាស់លាស់។ បើតាមលោក ហ្គូតេរ៉េស អ្នកសារព័ត៌មាន តែងត្រូវបានវាយប្រហារ សម្លុត ឃុំខ្លួន និងដាក់ពន្ធនាគារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ទន្ទឹមនេះ ប្រមុខអង្គការ UNESCO លោកស្រី Audrey Azoulay ក៏បានបង្ហាញពីក្តីបារម្ភមួយចំនួនមុនទិវាសេរីភាពសារព័ត៌មានពិភពលោកផងដែរ។ អគ្គនាយកអង្គការយូនីស្កូរូបនេះ បានអះអាងថា សម័យឌីជីថល បានផ្លាស់ប្តូរទិដ្ឋភាពព័ត៌មានទាំងស្រុង ដែលជំរុញឱ្យអ្នកសារព័ត៌មានមានជំនាញត្រឹមត្រូវ សេរីភាព និងឯករាជ្យជាងពេលណាទាំងអស់។
ត្រង់ចំណុចនេះ ប្រមុខអង្គការ UNESCO បានព្រមានថា ការវាយប្រហារ និងការគំរាមសម្លុតលើអ្នកសារព័ត៌មាន ជាសកម្មភាពមិនអាចទទួលយកបានជាដាច់ខាត។
សូមបញ្ជាក់ថា តាមរបាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មាធិការការពារអ្នកសារព័ត៌មាន នៅក្នុងឆ្នាំ២០២២ អ្នកសារព័ត៌មានចំនួន៦៧នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះ អ្នកសារព័ត៌មានយ៉ាងហោចណាស់៤១នាក់ ត្រូវបានសម្លាប់ ដើម្បីជាការសងសឹកនឹងការងាររបស់ពួកគេ។
បន្ថែមពីនេះ តាមរបាយការណ៍របស់អ្នកសារព័ត៌មានគ្មានព្រំដែន (RSF) អ្នកសារព័ត៌មានសរុប ៥៣៣នាក់ ត្រូវបានដាក់ពន្ធនាគារនៅក្នុងឆ្នាំមុន ពោលគឺមានចំនួនខ្ពស់ជាងឆ្នាំ២០២១ ដែលមានចំនួន ៤៨៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com