អន្តរជាតិ
បោះឆ្នោតថៃ៖ លោកប្រាយុទ្ធថា ចង់ឃើញបក្សខ្លួនទទួលបានកៅអីច្រើនក្នុងសភា
03, May 2023 , 5:18 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព AFP
នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអះអាងថា លោកចង់បានកៅអីភាគច្រើននៅក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាខាងមុខ។ ទន្ទឹមនេះ មេដឹកនាំថៃ បានអះអាងថា ប្រជាប្រិយភាពរបស់លោកក្នុងការបោះឆ្នោតនេះ នៅតែខ្ពស់ និងមានការទទួលស្គាល់ពីប្រជាជន។

 
កិច្ចសម្ភាសជាមួយកាសែតបាងកកប៉ុស្តិ៍ដែលចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ជុំវិញការបោះឆ្នោតខាងមុខមុនការបោះឆ្នោតមកដល់ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន និងជាបេក្ខជននាយករដ្ឋមន្រ្តីទីមួយរបស់បក្សជាតិថៃរួបរួម(UTN) បានលើកឡើងថា ការបង្កើតរដ្ឋាភិបាលខាងមុខ គឺអាស្រ័យលើការចរចារវាងបក្សនយោបាយ ដែលទទួលបានកៅអីសភាពីការបោះឆ្នោត។ 
 
«រដ្ឋធម្មនុញ្ញ មិនបានហាមឃាត់បក្សនយោបាយណាមួយ ដែលមិនអាចទទួលបានសំឡេងភាគច្រើនក្នុងសភាពីការរៀបចំរដ្ឋាភិបាលនោះទេ។ ប៉ុន្តែវាមិនមែនជាការចង់បានរបស់ខ្ញុំឡើយ។ ខ្ញុំចង់ឱ្យបក្សរបស់ខ្ញុំទទួលបានកៅអីភាគច្រើននៅក្នុងសភា»។ លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់បែបនេះ។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ ក៏បានបញ្ជាក់ផងដែរថា លោកមិនទាន់ដឹងឡើយថាបក្សនយោបាយមួយណា នឹងទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដោយភាគីទាំងអស់ ត្រូវតែរង់ចាំមើលសិនរហូតដល់ការបោះឆ្នោតបានបញ្ចប់។ 
 
នៅក្នុងរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្រ្តីក៏អាចត្រូវបានជ្រើសតាំងបក្សនយោបាយដែលមិនឈ្នះឆ្នោតផងដែរ។ ត្រង់ចំណុចនេះ លោកប្រាយុទ្ធ បានបញ្ជាក់ថា ប្រសិនបើបក្សរបស់លោកទទួលបានកៅអីគ្រប់គ្រាន់នៅក្នុងសភា ហើយលោកមិនត្រូវបានតែងតែងជានាយករដ្ឋមន្រ្តី លោកត្រូវតែគោរពតាមច្បាប់។ 
 
មេដឹកនាំថៃរូបនេះ បានបន្ថែមថា បុគ្គលគ្រប់រូបចង់ធ្វើជានាយករដ្ឋមន្រ្តី ប៉ុន្តែបុគ្គលដែលជ្រើសឱ្យកាន់តំណែងសំខាន់មួយនេះ គឺត្រូវធ្វើឱ្យល្អបំផុត។ 
 
ក្នុងកិច្ចសម្ភាសនោះ លោកប្រាយុទ្ធក៏បានលើកឡើងពីការកំណត់អាណត្តិរបស់នាយករដ្ឋមន្រ្តីថៃផង។ មេដឹកនាំវ័យ ៦៩ឆ្នាំរូបនេះ បានអះអាងថា ការកាន់តំណែងជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មីបានពីរឆ្នាំ មិនមែនជាការកម្រិត ឬចំណុចខ្សោយឡើយ ប៉ុន្តែលោកនៅតែអាចបង្កើតការផ្លាស់ប្តូរ តាមរយៈកិច្ចសហការជាមួយបុគ្គលគ្រប់អាយុទាំងអស់។ 
 
កន្លងមក តុលាការធម្មនុញ្ញថៃ បានកំណត់ថា ការចាប់ផ្តើមអាណត្តិរបស់លោកប្រាយុទ្ធ គឺនៅក្នុងឆ្នាំ២០១៧ នៅពេលរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ត្រូវបានប្រកាសឱ្យប្រើ។ ប្រសិនបើ ជាប់ឆ្នោតជានាយករដ្ឋមន្រ្តីនៅអាណត្តិនេះ លោកអាចកាន់តំណែងត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ។ 
 
មិនតែប៉ុណ្ណោះ លោកប្រាយុទ្ធ បានជឿថា លោកនៅតែមានប្រជាប្រិយភាពខ្ពស់ ដោយសារប្រជាជនទទួលស្គាល់ពីសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការដឹកនាំប្រទេស។ 
 
សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតនេះ បក្សនយោបាយចំនួន ៤៣ បានតែងតាំងបេក្ខជននាយករដ្ឋមន្រ្តីចំនួន ៦៣ ដោយក្នុងនោះមានស្រ្តីត្រឹមតែ ៩នាក់ប៉ុណ្ណោះ ពោលគឺមានត្រឹម១៤ភាគរយប៉ុណ្ណោះ។ អ្នកនយោបាយច្រើនជាង ៦០០០នាក់ នឹងប្រជែងយកកៅអីរដ្ឋសភាចំនួន ៥០០។ បន្ថែមពីនេះ ប្រជាជនមានសិទ្ធិបោះឆ្នោតមានចំនួនជាង ៥២លាននាក់ នៅទូទាំងខេត្តចំនួន ៧៧របស់ថៃ៕ 
 

Tag:
 ថៃ
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com