កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ថ្ងៃនេះ គុនល្បុក្កតោ និងជឺជិតស៊ូ ប្រកួតដណ្តើមមេដាយ មុនពិធីបើកផ្លូវការ កីឡាករ កីឡាការិនីល្បុក្កតោជម្រើសជាតិ។ រូបថត Cambodia Kun Bokator Federation
× ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នាថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា នេះ មានជំនួបដណ្តើមមេដាយលើកដំបូង ពោលគឺមួយថ្ងៃមុនពិធីបើកផ្លូវការ។ គុនល្បុក្កតោ និងជឺជិតស៊ូ ជាកីឡាដែលនឹងមានម្ចាស់មេដាយដំបូងគេពីព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា រីឯកីឡាផ្សេងទៀតបន្តការប្រកួតរបស់ខ្លួនតាមកាលបរិច្ឆេទដែលបានកំណត់។
សម្រាប់កីឡាជឺជិតស៊ូ ការប្រកួតជម្រុះបឋមចាប់ផ្តើមនៅម៉ោង១២ និង៣០នាទី លើ៣វិញ្ញាសា គឺ Ne-Waza GI ទម្ងន់៥២គីឡូក្រាម, ជាគូ Duo និងការសម្តែង Show។ ជំនួបដណ្តើមមេដាយលើវិញ្ញាសាទាំង៣នេះ ចាប់ផ្តើមនៅម៉ោង៤រសៀល។
ចាប់ពីវេលាម៉ោង៤រសៀលដដែល គុនល្បុក្កតោ ចាប់ជាមួយនឹងវិញ្ញាសាសម្តែងដណ្តើមយកមេដាយចំនួន៦វិញ្ញាសា ក្នុងនោះរួមមាន ទ្វាមេគុនព្រលឹងល្បុក្កតោ (បុរស-នារី), ទ្វាមេគុនអាវុធឥតមុខ (ខែលឫស្សី/បុរស-នារី) និងទ្វារមេគុនដៃឯកត្តជន (បុរស-នារី)។
ការប្រកួតកីឡាទាំងពីរប្រភេទប្រព្រឹត្តនៅមជ្ឈមណ្ឌលជ្រោយចង្វា ដូចគ្នា ដោយជឺជិតស៊ូ ប្រព្រឹត្តទៅនៅ Hall C រីឯល្បុក្កតោ ប្រកួតនៅក្នុង Hall C។
រីឯការប្រកួតផ្សេងទៀត កីឡាហុកគីក្នុងសាលនឹងមានការប្រកួតជម្រុះតាមពូលនៅទីលានដាយណូស័រ (ជ្រោយចង្វា) ដោយក្រុមនារីកម្ពុជាប៉ះម៉ាឡេស៊ី នាវេលាម៉ោង ៤ និង៤៥នាទី មុនក្រុមបុរសស្វាគមន៍ឥណ្ឌូណេស៊ី នាវេលាម៉ោងម៉ោង៦ល្ងាច។
កីឡាគ្រីឃីត វិញ្ញាសាបុរស T20i ចាប់ផ្តើមការប្រកួតជម្រុះបឋម ដោយកម្ពុជាប៉ះសិង្ហបុរី នាវេលាម៉ោង១០ និង៣០នាទីព្រឹក នៅទីលាន AZ Group Cricket Oval។
សម្រាប់កីឡាបាល់ទះក្នុងសាលវិញ ក្រុមបុរសបន្តប៉ះហ្វីលីពីន ក្នុងការប្រកួតជម្រុះតាមពូលនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈកីឡាឧបសគ្គ នៅមជ្ឈមណ្ឌលជ្រោយចង្វា, អុកចត្រង្គនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទូកក្តោងនៅខេត្តព្រះសីហនុ ក៏បន្តការប្រកួតរៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com