អន្តរជាតិ
អាម៉េរិក បន្តឈរជាមួយហ្វីលីពីនប្រឆាំងការសម្លុតរបស់ចិនក្នុងសមុទ្រចិនខាងត្បូង
04, May 2023 , 8:29 am        
រូបភាព
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink។ រូបភាព AFP
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink។ រូបភាព AFP
អាម៉េរិក បន្តគាំទ្រជាមួយសម្ព័ន្ធមិត្តហ្វីលីពីននៅចំពោះមុខការគំរាមសម្លុតពីសំណាក់នាវាល្បាតចិន នៅក្នុងសមុទ្រចិនខាងត្បូង។ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែឧសភា។

 
ហ្វីលីពីន នៅថ្ងៃទី២៨ ខែមេសា បានចោទនាវាល្បាតចិនបង្កសកម្មភាពគ្រោះថ្នាក់ និងអាចបង្កឱ្យមានរបួសលើកម្លាំងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ កន្លងមក អាម៉៉េរិកហៅទង្វើចិនជាការសម្លុតប្រទេសដែលតូចជាងខ្លួន។
 
ក្រោយហេតុការណ៍នេះ អាម៉េរិក បានប្តេជ្ញាជាថ្មីក្នុងការគាំទ្រហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។​
 
«យើងនៅតែមានក្តីបារម្ភចំពោះសកម្មភាពបន្តរបស់ចិនក្នុងការសម្លុត និងគំរាមនាវាហ្វីលីពីន ស្របពេលពួកគេនៅតែល្បាតទៀងទាត់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខហ្វីលីពីន»។ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធទូរសព្ទក្នុងថ្ងៃទី២ ឧសភា ដោយបន្តថា ក្រុងវ៉ាស៊ីនតោន នៅតែបន្តគាំទ្រហ្វីលីពីន នៅចំពោះមុខការគំរាមនោះ។ 
 
នេះមិនមែនជាលើកទីមួយឡើយដែលអាម៉េរិកបានប្រកាសយ៉ាងច្បាស់ៗ ក្នុងការគាំទ្រសមាជិកអាស៊ានដែលមានជម្លោះជាមួយចិន ប្រឆាំងសកម្មភាពយោធាចិនក្នុងសមុទ្រចិនខាងត្បូង។ 
 
មន្រ្តីអាម៉េរិករូបនេះ បានចាត់ទុកសកម្មភាពយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ជារឿងមិនអាចទទួលយកបានឡើយ។ បន្ថែមពីនេះ លោក Kritenbrink បានអំពាវនាវជាថ្មីចំពោះសន្តិភាព និងស្ថិរភាពលើច្រកសមុទ្រតៃវ៉ាន់ផង។ 
 
ក្នុងជំនួបនៅសេតវិមានជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន លោក  លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន បានអះអាងថា ហ្វីលីពីន គឺរងផលប៉ះពាល់ពីបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ ដែលជំរុញឱ្យរដ្ឋាភិបាលក្រុងម៉ានីល ចាំបាច់ ត្រូវតែស្វែងរកការពង្រឹងដៃគូសន្ធិសញ្ញាតែមួយគត់ក្នុងពិភពលោកជាមួយអាម៉េរិក ស្របពេលមានការកើនឡើងភាពតានតឹងនៅក្នុងតំបន់ ជាពិសេសជុំវិញសមុទ្រចិនខាងត្បូង និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕
 

Tag:
 អន្តរជាតិ
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com