ជាតិ
ក្រសួងអប់រំ ប្រកាសគាំទ្រ លោកសៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។ រូបពីហ្វេសប៊ុក G Sao Sokha
× ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើ លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញនៅថ្ងៃទី៣ ខែឧសភា។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២ ខែឧសភា បានសរសេរលើបណ្តាសង្គម Facebook ថា បើក្រុមបាល់ទាត់ផ្នែកបុរស មិនអាចឆ្លងផុតការប្រកួតក្នុងក្រុមចែកពូល លោកនឹងលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាភ្លាម។
ក្រោយការប្រកាសខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យប្រធានបាល់ទាត់កម្ពុជារូបនេះ បន្តកាន់តំណែងតទៅទៀត ក្រោមស្នាដៃដែលបានសម្រេចនៅពេលកន្លងមក។
«ក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសគាំទ្រ និងស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។ នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៣ ខែឧសភា។
ទន្ទឹមនេះ ក្រសួងអប់រំ បានបញ្ជាក់ផងដែរថា ក្រោយការដឹកនាំរបស់លោក សៅ សុខា ជាង ១០ឆ្នាំ កន្លងមកនេះ បាល់ទាត់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព ដោយក្នុងនោះមានដូចជាសមត្ថភាពកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល និងក្លឹបបាល់ទាត់ជាដើម។
មិនតែប៉ុណ្ណោះ ប្រមុខបាល់ទាត់កម្ពុជារូបនេះ បានរៀបចំឱ្យមានទីលានបាល់ទាត់តាមសាលាតម្រង់ទិសទាំង ២៥រាជធានី ខេត្ត និងរៀបចំកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យផង។
គួររំឭកថា សំណេររបស់លោក សៅ សុខា ខាងលើ បានធ្វើឡើងក្រោយកីឡាបាល់ទាត់ផ្នែកបុរសមានលទ្ធផលស្មើនឹងហ្វីលីពីន នៅល្ងាចថ្ងៃទី២ ខែឧសភា៕
Tag:
ក្រសួងអប់រំ
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com