អន្តរជាតិ
លោកប្លីងខិនថា អាម៉េរិកកំពុងប្រកួតប្រជែងជាមួយចិនដោយគ្មានការសម្ងាត់
04, May 2023 , 1:59 pm        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព AFP
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីនខិន នៅថ្ងៃទី៣ ខែឧសភា បានបញ្ជាក់យ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងប្រកួតប្រជែងជាមួយក្រុងប៉េកាំង។ បើតាមរដ្ឋមន្រ្តីការបរទេសអាម៉េរិក ការប្រកួតប្រជែងនេះ ត្រូវតែធានាថា នឹងមិនធ្លាក់ទៅក្នុងជម្លោះ។

 
ថ្លែងនៅក្នុងវេទិកាមួយរៀបចំដោយសារព័ត៌មាន The Washington Post នៅថ្ងៃទី៣ ខែឧសភា លោក អាន់តូនី ប្លីនខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានលើកឡើងពីទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ដែលមានភាពរកាំរកូសយ៉ាងខ្លាំង នៅរយៈពេលចុងក្រោយនេះ ជុំវិញបញ្ហាជាច្រើនដូចជាបាឡុង កោះតៃវ៉ាន់ សិទ្ធិមនុស្ស នៅតំបន់ស៊ីនជាំង ទីបេ និងហុងកុងជាដើម។ 
 
«យើងកំពុងប្រកួតប្រជែងជាមួយចិន វាគ្មានការសម្ងាត់ឡើយពីបញ្ហានេះ»។ លោកប្លីងខិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសទាំងពីរ ត្រូវតែធានាថា ការប្រកួតប្រជែង នឹងមិនធ្លាក់ចូលទៅក្នុងជម្លោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចទៅចិនរបស់លោក ក្នុងពេលណាមួយ នៅឆ្នាំ២០២៣ នឹងជួយបង្កើតឡើងវិញនូវប្រព័ន្ធទំនាក់ទំនងគ្រប់កម្រិតឱ្យបានទៀងទាត់ និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ 
 
កន្លងមក ដោយសារតែបញ្ហាបាឡុងចិនក្នុងដែនអាកាសអាម៉េរិក លោក ប្លីនខិន បានសម្រេចលើកពេលទស្សនកិច្ចនៅចិន ដែលមានការព្រមព្រៀងពីប្រធានាធិបតីចិន លោកស៊ី ជិនភីង និងសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅកោះបាលី ឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០២២កន្លងទៅ។ 
 
សូមបញ្ជាក់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេនឡូស៊ី ប្រធានសភាតំណាងអាម៉េរិក នៅតៃវ៉ាន់កន្លងមក ចិនបានប្រកាសផ្អាកកិច្ចពិភាក្សាលើបញ្ហាជាច្រើនជាមួយអាម៉េរិក ក្នុងនោះមានដូចជាយោធា និងបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com