អន្តរជាតិ
អាម៉េរិក និងហ្វីលីពីន ឯកភាពពង្រឹង និងធ្វើទំនើបកម្មសម្ព័ន្ធមិត្តទ្វេភាគី
04, May 2023 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ។ រូបភាពយកពីក្រសួងការពារជាតិអាម៉េរិក
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ។ រូបភាពយកពីក្រសួងការពារជាតិអាម៉េរិក
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី៣ ខែឧសភា បានឯកភាពថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងម៉ានីល នឹងបន្តកិច្ចការមូលដ្ឋាន ដែលចាំបាច់ត្រូវធ្វើទំនើបកម្ម និងពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ អាម៉េរិក ក៏បានប្តេជ្ញាជាថ្មី ក្នុងការការពារហ្វីលីពីន ពីការវាយប្រហារពីសំណាក់ប្រទេសណាមួយផងដែរ។

 
ក្រោយពីជំនួបជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅសេតវិមាន លោក Ferdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃទី៣ ឧសភា បានជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាម៉េរិក នៅមន្ទីរបញ្ចកោណ ដើម្បីជជែកពីទំនាក់ទំនង កិច្ចការប្រតិបត្តិការការពារទៅវិញទៅមក សមយុទ្ធយោធា ការពង្រឹងសម្ព័ន្ធភាព ក៏ដូចជាភាពតានតឹងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។​
 
«អាម៉េរិក និងហ្វីលីពីន នឹងបន្តកិច្ចការមូលដ្ឋានដែលចាំបាច់ត្រូវធ្វើទំនើបកម្ម និងពង្រឹងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ»។ លោកMarcos និង លោក អូស្ទីន បានបញ្ជាក់រួមគ្នាបែបនេះ។​
 
ទន្ទឹមនេះ ប្រមុខការពារជាតិអាម៉េរិក បានប្តេជ្ញាជាថ្មី ក្នុងការការពារហ្វីលីពីនក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកផងដែរ។ បើតាមលោកអូស្ទីន រាល់ការវាយប្រហារកម្លាំងរបស់ប្រទេសទាំងពីរ ក្នុងតំបន់ប៉ាស៊ីហ្វិក ឬសមុទ្រចិនខាងត្បូង អាម៉េរិក និងហ្វីលីពីន នឹងវាយប្រហារវិញ។ ចំណែកលោក Marcos វិញ បានអះអាងថា ទស្សនកិច្ចនេះ នឹងពង្រឹងបន្ថែមទៀតលើទំនាក់ទំនងទ្វេភាគីរវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន។ 
 
សូមបញ្ជាក់ថា ការបញ្ជាក់ដូចខាងលើ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងម៉ានីល កំពុងមានភាពតានតឹងលើដែនទឹកក្នុងសមុទ្រចិនខាងត្បូង ជាក្រុងប៉េកាំង៕ 
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com