សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្ដាលអាម៉េរិកបន្តដំឡើងអត្រាការប្រាក់ជាលើកទី ១០
04, May 2023 , 9:29 pm        
រូបភាព
ប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell ។ រូបថត ៖ Reuters ។
ប្រធានធនាគារកណ្តាលអាម៉េរិកលោក Jerome Powell ។ រូបថត ៖ Reuters ។
ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី ៣ ខែឧសភាបានប្រកាសថា នឹងដំឡើងអត្រាការប្រាក់យោង ០,២៥ភាគរយបន្ថែមទៀត បើទោះបីជាមានបញ្ហាចម្រូងចម្រាស់នៅក្នុងវិស័យធនាគារក៏ដោយ។ អត្រាការប្រាក់បច្ចុប្បន្ននៅក្នុងអាម៉េរិកមានប្រហែល ៥ ទៅ ៥,២៥ភាគរយ ដែលនេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ។

 
ធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់ ១០ដងជាប់ៗគ្នាចាប់តាំងពីខែមីនាឆ្នាំ ២០២២។ អត្រាការប្រាក់កម្រិតនេះ គឺមិនមែនជាអ្វីដែលអ្នកប្រើប្រាស់ចង់បាននោះទេ ប៉ុន្តែការផ្លាស់ប្តូររបស់ Fed នៅតែអាចប៉ះពាល់ដល់អត្រាការប្រាក់លើប្រាក់កម្ចី និងការសន្សំ ជាពិសេសការដកប្រាក់កម្ចីទិញផ្ទះ ទិញរថយន្ត ឬប្រើប្រាស់ប័ណ្ណឥណទានជាដើម។
 
ការដំឡើងអត្រាការប្រាក់ បានកើតឡើងនៅក្នុងបរិបទមួយ ដែលវិស័យធនាគារទទួលរងនូវហានិភ័យ ដោយសារអត្រាការប្រាក់ខ្ពស់ ស្របពេលដែលធនាគារចំនួន ៣ នៅអាម៉េរិកបានដួលរលំក្នុងរយៈពេលត្រឹមតែ ២ខែ។ 
 
នៅក្នុងសេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំរបស់ Fed បានបន្តសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់អតិផរណា។  នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មាន ថាតើ Fed នឹងត្រូវបានបញ្ឈប់ការដំឡើងនៅពេលណា ? ឆ្លើយតបបញ្ហានេះ ប្រធានកណ្តាលអាមេរិកលោក Jerome Powell បាននិយាយថាពួកគេនឹងពិភាក្សាអំពីរឿងនេះនៅឯកិច្ចប្រជុំខែមិថុនា។
 
«​ក្រុមប្រឹក្សា​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​លើក​នេះ ប៉ុន្តែ​ក៏​មាន​ការ​ពិភាក្សា​អំពី​ការ​បញ្ឈប់​ដែរ​»​។ លោក Powell បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែឧសភា។ 
 
ការពិភាក្សានៅ Fed អាចនឹងកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារការខ្ចីប្រាក់មានការធ្លាក់ចុះ ហើយសេដ្ឋកិច្ចត្រូវបានព្រមានថា ស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិ។ ការរឹតបន្តឹង និងការបន្ធូរបន្ថយរបស់ Fed នឹងត្រូវជជែកគ្នា ថាតើគោលនយោបាយបច្ចុប្បន្ន គឺគ្រប់គ្រាន់ ដើម្បីនាំអតិផរណាត្រឡប់ទៅគោលដៅ ២ភាគរយវិញដែរឬយ៉ាងណា។ ពួកគេត្រូវការពិចារណាពីស្ថានភាពសេដ្ឋកិច្ច ទិសដៅនៃអតិផរណា និងហានិភ័យសេដ្ឋកិច្ចជាបន្តបន្ទាប់។ នេះបើតាមលោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅ RSM US បាននិយាយនៅកម្មវិធីទូរទស្សន៍ CNN ។
 
ទោះជាយ៉ាងណាក៏ដោយលោក  Powell មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាម៉េរិក។ លោក​បាន​ចង្អុល​បង្ហាញ​ថា​ ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ការងារ​ថ្មី ​មិន​បាន​ទាញ​អត្រាអ្នក​អត់​ការងារ​ធ្វើឱ្យឡើងខ្ពស់នោះ​ទេ។ កាលពីខែមីនា អាម៉េរិកបានបន្ថែមការងារថ្មីចំនួន ៩,៥៩លានកន្លែង ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន ១២លានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអត្រាគ្មានការងារធ្វើក្នុងឆ្នាំ២០២២ ក៏មិនលើសពី ៣,៧ភាគរយដែរ។
 
ធនាគារកណ្តាលបាននិយាយថាការរឹតបន្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដែលបណ្តាលឱ្យវាឈានដល់គោលដៅអតិផរណារបស់ខ្លួន។ Fed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណទានដែលត្រូវបានរឹតបន្តឹងអាចថ្លឹងថ្លែងលើសកម្មភាពសេដ្ឋកិច្ច ការងារ និងអតិផរណា ហើយទំហំនៃផលប៉ះពាល់ទាំងនេះនៅតែមានភាពមិនប្រាកដប្រជា។
 
ទោះបីជាមានការដួលរលំនៃធនាគារ First Republic កាលពីសប្តាហ៍មុនក៏ដោយ លោក Powell គិតថា ភាពចលាចលនៅក្នុងវិស័យធនាគារមិនគួរឱ្យព្រួយបារម្ភពេកនោះទេ។ លោក​បាន​បន្ត​ថា ស្ថានភាពនេះមានភាពប្រសើរឡើងចាប់តាំងពីខែមីនា ហើយធនាគារជាច្រើនមានការព្រួយបារម្ភអំពីសាច់ប្រាក់ងាយស្រួល។ ជុំវិញកិច្ចព្រមព្រៀងរបស់ JP Morgan ក្នុងការទិញ First Republic លោក Powell បាននិយាយថា វាគឺជារឿងល្អសម្រាប់ប្រព័ន្ធធនាគារ៕
 

Tag:
 ) អាម៉េរិក
  អត្រាការប្រាក់
 ​ Fed
© រក្សាសិទ្ធិដោយ thmeythmey.com