អន្តរជាតិ
UN៖ មនុស្ស ២៥៨លាននាក់ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ក្នុងឆ្នាំ ២០២២
04, May 2023 , 6:39 pm        
រូបភាព
ប្រជាជនប៉ាគីស្ថានមកទទួលជំនួយស្បៀងអាហារក្រោយមានទឹកជំនាន់ នៅក្នុងឆ្នាំ២០២២។ រូបភាព Reuters
ប្រជាជនប៉ាគីស្ថានមកទទួលជំនួយស្បៀងអាហារក្រោយមានទឹកជំនាន់ នៅក្នុងឆ្នាំ២០២២។ រូបភាព Reuters
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៣ ខែឧសភា បានលើកឡើងថា មនុស្សប្រហែល ២៥៨ លាននាក់ ត្រូវការជំនួយស្បៀងអាហារបន្ទាន់ក្នុងឆ្នាំ២០២២។ បញ្ហាកង្វះស្បៀងអាហារនេះ បណ្ដាលមកពីជម្លោះ វិបត្តិសេដ្ឋកិច្ច និងគ្រោះមហន្តរាយអាកាសធាតុជាហូរហែរកាលពីឆ្នាំមុន។

 
របាយការណ៍មួយអង្គការសហប្រជាជាតិ (UN) ដែលចេញនៅថ្ងៃទី៣ ខែឧសភា​ បានលើកឡើងថា មនុស្សប្រហែល ២៥៨ លាននាក់ក្នុងឆ្នាំ២០២២ ត្រូវការជំនួយផ្នែកស្បៀងអាហារជាខ្លាំង ខណៈតួរលេខនេះបានកើនឡើងពី ១៩៣​ លាននាក់ក្នុងឆ្នាំ២០២១។ 
 
«មនុស្សជាងមួយភាគបួននៃមួយពាន់លាននាក់ឥឡូវនេះ កំពុងប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានធ្ងន់ធ្ងរ ហើយអ្នកខ្លះកំពុងស្ថិតក្នុងភាពអត់ឃ្លានផ្ទាល់»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានលើកឡើងបែបនេះ។ 
 
លើសពីនេះ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ​ក៏បានសង្កត់ធ្ងន់ថា គោលដៅសំខាន់របស់មនុស្សជាតិគឺ បញ្ចប់ភាពអត់ឃ្លាន និងសម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ពិភពលោក។ 
 
បើតាមរបាយការណ៍របស់ UN ដដែល ក្នុងឆ្នាំ ២០២២​ មនុស្សចំនួន ២៥៨ លាននាក់ បានប្រឈមមុខនឹងកម្រិតអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងប្រទេសចំនួន ៥៨ ដែលកើនឡើងពីចំនួន ១៩៣ លាននាក់ក្នុងប្រទេស ៥៣កាលពីឆ្នាំ២០២១។ លើសពីនេះ ពលរដ្ឋប្រមាណ ៤០ ភាគរយនៃចំនួនពលរដ្ឋទាំង ២៥៨ លាននាក់ គឺជាពលរដ្ឋមកពីប្រទេសហែកហួរដោយជម្លោះរួមមានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោអេត្យូពី អាហ្វហ្គានីស្ថាន នីហ្សេរីយ៉ា និងយេម៉ែនជាដើម។ 
 
ក្នុងចំណោមប្រទេសចំនួន ៥៨ ដែលរួមបញ្ចូលក្នុងរបាយការណ៍នេះ កុមារជាង ៣៥ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំបានខ្វះខាតអាហារូបត្ថម្ភ និងប្រែជាស្គមដែលអាចប្រឈមនឹងគ្រោះថ្នាក់។
 
ក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុអន្តរជាតិមួយក្រុមដែលហៅថា World Weather Attribution (WWA) បាននិយាយកាលពីខែមុនថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សបានធ្វើឱ្យមានគ្រោះរាំងស្ងួត​នៅតំបន់អាហ្រ្វិក។ 
 
គួរបញ្ជាក់ថាវិបត្តិស្បៀងអាហារកាលពីឆ្នាំមុនគឺបណ្តាលមកពី ជម្លោះ អសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងបញ្ហាអាកាសធាតុខ្លាំងលើពិភពលោក។ នេះបើតាមរបាយការណ៍របស់ UN។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ក៏បានជះឥទ្ធិពលយ៉ាងខ្លាំងលើបញ្ហាស្បៀងដោយសារតែអ៊ុយក្រែន និងរុស្ស៊ីបានចូលរួមចំណែកដ៏សំខាន់ក្នុងការផលិត និងពាណិជ្ជកម្មប្រេងឥន្ធនៈ ជី និងទំនិញម្ហូបអាហារសំខាន់ៗដូចជាស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នជាដើម៕
 

Tag:
 UN
  ស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com