ជាតិ
ស៊ីហ្គេម២០២៣
អាជ្ញាធរ ហាមមិនឱ្យលក់ដូរតាមចិញ្ចើមផ្លូវ និងបើកឡានដឹកដី ថ្ម ខ្សាច់ លើវិថីឈ្នះឈ្នះ
05, May 2023 , 11:39 am        
រូបភាព
រូបពីរដ្ឋបាលខណ្ឌជ្រោយចង្វារ.jpg
រូបពីរដ្ឋបាលខណ្ឌជ្រោយចង្វារ.jpg
ភ្នំពេញ៖ អភិបាលខណ្ឌជ្រោយចង្វារ លោក លីម សុភា ហាមមិនឱ្យធ្វើអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ តាមបណ្ដោយសងខាងផ្លូវជាតិលេខ៦ នៅទីតាំងសំខាន់ៗមួយចំនួន។ លើសពីនេះ រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ ក៏ត្រូវហាមបើកលើផ្លូវទាំងនេះផងដែរ។

 
សេចក្ដីជូនរបស់រដ្ឋបាលខណ្ឌ ដែលចេញដោយលោក សុភា ប្រាប់ទៅម្ចាស់ទីតាំងអាជីវកម្មលក់ដូរលើកំណាត់ផ្លូវខាងលើថា ភ្ញៀវជាតិ និងប្រតិភូកីឡាអន្តរជាតិយ៉ាងច្រើនកុះករ នឹងចូលរួមទស្សនាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក រួមទាំងការស្នាក់នៅ ហូបចុក និងទស្សនាទីកន្លែងផ្សេងៗផងដែរ។ 
 
ហេតុនេះ ទើបអាជ្ញាធរ ស្នើឱ្យម្ចាស់អាជីវកម្ម និងម្ចាស់ផ្ទះសម្បែង ស្ថិតនៅបណ្ដោយសងខាងផ្លូវជាតិលេខ៦ ផ្លូវភ្លោះវិទ្យាល័យជាស៊ីមជ្រោយចង្វា ផ្លូវទន្លេសាប ផ្លូវបេតុងស៊ីហ្គេមចូលរួម រៀបចំតុបតែងផ្ទះសម្បែង ឱ្យមានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ។ លើសពីនេះ មិនត្រូវលក់ដូររំលោភលើការ៉ូឡាសម្រាប់ថ្មើរជើងធ្វើដំណើរ និងត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសហាមឃាត់ដាច់ខាតការលក់ដូរនៅតាមមុខដីឡូតិ៍ និងការ៉ូឡា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ និងជុំវិញបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។
 
ជាមួយគ្នាដែរ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏ហាមឃាត់រថយន្តដឹកថ្ម ដឹកដី និងខ្សាច់ ឆ្លងកាត់មហាវិថីឈ្នះឈ្នះ ,ផ្លូវជាតិលេខ៦ និងផ្លូវបេតុងស៊ីហ្គេម ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ព្រោះនឹងមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណជាង៥ម៉ឺននាក់។ ការហាមឃាត់នេះ ដើម្បីធានាឱ្យមានសណ្តាប់ធ្នាប់ល្អ គ្មានការកកស្ទះ
ចរាចរ គ្មានធូលីដីប្រឡាក់ផ្លូវ និងជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ។ 
 
កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA GAME) លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ឧសភានេះ ។ ចំណែកថ្ងៃទី៣ ដល់ថ្ងៃទី៩មិថុនា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុង ប៉ារ៉ាហ្គេម (PARA GAME) លើកទី១២៕
 

Tag:
 សណ្ដាប់ធ្នាប់
© រក្សាសិទ្ធិដោយ thmeythmey.com