អន្តរជាតិ
ចិន ​ប្តេជ្ញាពង្រឹងទំនាក់ទំនង​ចិន​-​ឥណ្ឌា ឱ្យត្រលប់មកមានស្ថិរភាព និងល្អប្រសើរឡើងវិញ
05, May 2023 , 5:59 pm        
រូបភាព
លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Panaji នៃរដ្ឋធានី Goa ឥណ្ឌា។ រូបភាពយកពីទូរទស្សន៍ CGTN
លោក ឈីន កាង រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីឥណ្ឌា លោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Panaji នៃរដ្ឋធានី Goa ឥណ្ឌា។ រូបភាពយកពីទូរទស្សន៍ CGTN
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង​ នៅថ្ងៃទី៤ ខែឧសភា បាននិយាយថា ចិនមានឆន្ទៈក្នុងការស្ដារទំនាក់ទំនងរវាងចិននិងឥណ្ឌា ឱ្យត្រលប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព និងស្ថិរភាពឡើងវិញ។

 
នៅទីក្រុង Panaji នៃរដ្ឋធានី Goa ឥណ្ឌា លោក ឈីន កាង ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ​​បានជួបជាមួយសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar នៅខាងក្រៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។ ក្នុងជំនួបនេះដែរ លោក Qin Gang បានសង្កត់ធ្ងន់ថាចិនមានឆន្ទៈចង់ស្ដារទំនាក់ទំនងរវាងចិននិងឥណ្ឌាឡើងវិញ។ 
 
លោក ឈីន បានលើកឡើងថា ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តការពិគ្រោះយោបល់ និងការផ្លាស់ប្តូរទ្វេភាគី បង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគី និងធ្វើឱ្យការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ជាមួយឥណ្ឌា។
 
បើតាមលោក ឈីន ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកដូចគ្នា ក្នុងដំណាក់កាលនៃការការធ្វើទំនើបភាវូបនីយកម្ម ចិន និងឥណ្ឌាគួរតែពង្រឹងទំនាក់ទំនងទ្វេភាគី និងរក្សាទស្សនវិស័យរយៈវែងឆ្ងាយ បង្កើតសមិទ្ធផលទៅវិញទៅមក និងប្រកាន់យកនូវមាគ៌ាថ្មីនៃការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងការអភិវឌ្ឍដោយសន្តិភាព។ 
 
លោកក៏បានរំឭកឡើងវិញថា ការស្តារឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺដើម្បីផ្តល់ការជំរុញដល់ស្ថិរភាពក្នុងតំបន់ និងបង្កើតចក្ខុវិស័យវិជ្ជមានទៅក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពលើពិភពលោក។
 
ដោយកត់សម្គាល់ពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនចិននិងឥណ្ឌាជាទូទៅមានស្ថិរភាព លោក ឈីន បានបញ្ជាក់ថា ប្រទេសទាំងពីរគួរតែបន្តអនុវត្តការឯកភាពរបស់មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងនៅតាមព្រំដែន រក្សាបាននូវសន្តិភាព និងភាពស្ងប់ស្ងាត់យូរអង្វែងនៅតំបន់ព្រំដែន។
 
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar ក៏បានបង្ហាញទស្សនៈរបស់ភាគីឥណ្ឌាលើទំនាក់ទំនងឥណ្ឌា-ចិន ដោយនិយាយថា ភាគីទាំងពីរអាចមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លើសពីនេះលោកក៏បានសង្កត់ធ្ងន់ថា ភាគី​ឥណ្ឌា​សង្ឃឹម​ថា​នឹង​អាចបន្ត​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន​តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ចិន។
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងឥណ្ឌាកន្លងមក តែងមានការប៉ះទង្គិចគ្នាជារឿយៗពីរឿងព្រំដែន។ ទំនាស់ព្រំដែននេះបានផ្ទុះឡើងតាំងពីឆ្នាំ ១៩៦២ ដែលពេលនោះភាគីទាំងពីរមានការផ្ទុះអាវុធផង។ យ៉ាងណាមិញ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ភាគីទាំងពីរបានព្យាយាមស្តារទំនាក់ទំនងឡើងវិញ និងបង្កើតទំនុកចិត្តលើគ្នាបន្តិចម្តងៗ តាមរយៈកិច្ចព្រមព្រៀងជាច្រើន៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com