សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធុរកិច្ចអាម៉េរិកបារម្ភពីការដាក់ពន្ធនាំចូលវត្ថុធាតុដើមថាមពលស្រូបពន្លឺព្រះអាទិត្យពីចិន
06, May 2023 , 8:29 am        
រូបភាព
រូបភាពពី Washington Post ។
រូបភាពពី Washington Post ។
សមាជិកសភាអាមេរិកចង់ដំឡើងពន្ធឡើងវិញលើឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរបស់ចិន ធ្វើឱ្យអ្នកជំនួញជាច្រើនមានការព្រួយបារម្ភ។ ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តពិតមែន​ អាម៉េរិកនឹងត្រូវបញ្ឈប់ការងារដែលមានប្រាក់ខែខ្ពស់ចំនួន៣០ពាន់កន្លែង នឹងខាតបង់ទឹកប្រាក់ប្រមាណ ៤,២ពាន់លានដុល្លារនៅក្នុងវិស័យនេះ។

 
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យអាម៉េរិកកំពុងធ្វើយុទ្ធនាការដើម្បីដាក់ឡើងវិញនូវពន្ធពាណិជ្ជកម្មលើការនាំចូលឧបករណ៍ថាមពលពន្លឺព្រះអាទិត្យដែលនាំចូលពីចិន។ សំណើនេះត្រូវប្រធានាធីបតីលោក ចូ បៃឌិន បង្អាក់រយៈពេល២ឆ្នាំមកហើយដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មក្នុងស្រុក។
 
ធុរកិច្ចអាម៉េរិកបានលើកឡើងថា ប្រសិនបើចង់ដាក់របាំងពន្ធឡើងវិញ ផលវិបាកនឹងមានជាក់ជាមិនខានមិនត្រឹមតែក្រុមហ៊ុនសូឡាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ម្ចាស់ផ្ទះដែលសង្ឃឹមថានឹងដំឡើងបន្ទះបន្ថែមទៀត អ្នកមានយានជំនិះគ្រប់ប្រភេទដែលចង់សាករថយន្តអគ្គិសនីដោយថាមពលស្អាត និងក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីកំពុងព្យាយាមកាត់បន្ថយការបញ្ចេញកាបូន។
 
លើសពីនេះ បើតាមក្រុមអ្នករកស៊ីអាម៉េរិក ប្រសិនបើផ្តាច់ពាណិជ្ជកម្មជាមួយរោងចក្រ និងអណ្តូងរ៉ែរបស់ចិន អាម៉េ​រិកនឹងបាត់បង់លទ្ធភាពទទួលបានសម្ភារៈសំខាន់ៗដូចជា បន្ទះស្រូបពន្លឺព្រះអាទិត្យ តួប៊ីនខ្យល់ និងអាគុយរថយន្តអគ្គិសនីសម្រាប់ការផ្លាស់ប្តូរថាមពល។ 
 
លោក Jim Kapsis អតីតទីប្រឹក្សានៅក្រសួងហិរញ្ញវត្ថុ និងជាស្ថាបនិកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យាអាកាសធាតុ Ad Hoc Group គិតថាគោលដៅអាកាសធាតុ និងបច្ចេកវិទ្យាបៃតងកំពុងក្លាយជាជនរងគ្រោះដោយមិនចង់ទទួលនូវភាពតានតឹងផ្នែកនយោបាយ។ លោកបន្ថែមថា យើងមិនទាន់បានកំណត់ថាតើអ្វីដែលមានឆន្ទៈក្នុងការទិញពីប្រទេសចិន និងអ្វីដែលត្រូវការសម្រាប់ខ្លួនឯង។ ដោយសារមិនទាន់មានចម្លើយ វានឹងមានការពិបាកខ្លាំងពីទីនេះ រហូតដល់ពន្ធគយត្រូវបានបង្កើតឡើងឡើងវិញ។
 
«គម្រោងដែលមានតម្លៃពី ៣០០លានដុល្លារទៅ ៤០០លានដុល្លារមិនអាចបញ្ឈប់ និងចាប់ផ្តើមឡើងវិញបានដោយងាយស្រួលនោះទេ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាមនុស្សគាំទ្រដំណោះស្រាយនេះទេ» ។ នេះជាការអះអាងរបស់លោក George Hershman នាយកប្រតិបត្តិនៃក្រុមហ៊ុន SOLV Energy ដែលជាអ្នកម៉ៅការគម្រោងថាមពលព្រះអាទិត្យ ។ 
 
ប្រទេសចិនគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់នៃបច្ចេកវិទ្យាថាមពលព្រះអាទិត្យ ខ្យល់ និងថ្ម។ ទិន្នន័យរបស់ BloombergNEF បង្ហាញថាក្រុមហ៊ុនចិនផលិតច្រើនជាង ៨០ភាគរយនៃសមាសធាតុសំខាន់ៗមួយចំនួន។ បច្ចុប្បន្ននេះពួកគេផ្គត់ផ្គង់ច្រើនជាង ៩៥ភាគរយនៃ wafers (ស៊ីលីកូនគ្រីស្តាល់) និង ingots (ដុំលោហៈធាតុ) ដែលត្រូវការដើម្បីប្រមូលផ្គុំបន្ទះស្រូបពន្លឺព្រះអាទិត្យ។
 
លោក Ethan Zindler ប្រធាន BloombergNEF ប្រចាំទ្វីបអាម៉េរិកបាននិយាយថា ការកាត់ផ្តាច់ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យរបស់អាម៉េរិកភ្លាមៗ ពីការផ្គត់ផ្គង់របស់ចិន នឹងបណ្តាលឱ្យមានការរំខានជាខ្លាំង។ លោក​បាន​ព្យាករ​ថា​ ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ភ្លាមៗ​ក្រោយ​រយៈពេលមួយ​ឆ្នាំមកនេះ​នឹង​បង្កើត​ភាព​ចលាចល​ក្នុង​ទីផ្សារ។
 
បើយោងតាមសមាគមឧស្សាហកម្មថាមពលព្រះអាទិត្យអាមេរិក (SEIA) សម្រាប់ការវិនិយោគក្នុងស្រុកប្រសិនបើការផ្អាកយកពន្ធរយៈពេលពីរឆ្នាំរបស់លោក ចូ បៃឌិន ត្រូវបានដកចេញ វិស័យនេះនឹងត្រូវបញ្ឈប់ការងារដែលមានប្រាក់ខែខ្ពស់ចំនួន ៣០ពាន់កន្លែង ដែលគិតជាទឹកប្រាក់ ៤,២ពាន់លានដុល្លារ៕
 

Tag:
 អាម៉េរិក
  ថាមពលពន្លឺព្រះអាទិ្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com