ជាតិ
ក្រសួងធម្មការ និងសាសនា ស្នើឱ្យមានភ្លេងពិណពាទ្យ តាមវត្តអារាម
06, May 2023 , 9:59 am        
រូបភាព
ភ្លេងពិណពាទ្យវង់ធំខេត្តសៀមរាប (រូប​ផ្ដល់ឱ្យដោយលោក ម៉ៃ សាមឿត តន្ត្រីករភ្លេងបុរាណនៅខេត្ត​សៀមរាប
ភ្លេងពិណពាទ្យវង់ធំខេត្តសៀមរាប (រូប​ផ្ដល់ឱ្យដោយលោក ម៉ៃ សាមឿត តន្ត្រីករភ្លេងបុរាណនៅខេត្ត​សៀមរាប
ភ្នំពេញ៖ ភ្លេងពិណពាទ្យ គឺជាអត្តសញ្ញាណ នៃភ្លេងបុរាណប្រពៃណីខ្មែរ ដែលមានតាំងពីសម័យយូរលង់ណាស់មកហើយ និងបានបន្តការប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា វង់ភ្លេងបុរាណមួយនេះ បានចាត់ទុកជាសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងមរតកដូនតាខ្មែរ ដែលត្រូវអភិរក្សថែរក្សា ឱ្យបានគង់វង្សស្ថិតស្ថេរតទៅ។



លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំទៅមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវសហការតាមបណ្ដាវត្ត ឱ្យមានភ្លេងពិណពាទ្យ ដើម្បីផ្ដល់ឱកាសជូនដល់ សប្បុរសជនដែលមានសទ្ធាជ្រះថ្លា ក្នុងការជាវភ្លេងពិណពាទ្យថ្វាយ និងប្រគេនព្រះសង្ឃតាមបណ្ដាវត្តនីមួយៗ។
 
«ត្រូវស្រង់ស្ថិតិវត្តដែលមាន និងមិនទាន់មានភ្លេងពិណពាទ្យ ឱ្យបានច្បាស់លាស់ រួចបញ្ជូនទៅក្រសួងធម្មការ និងសាសនា ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៣ជាកំណត់»។ នេះជាការបញ្ជាក់របស់លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
 
ភ្លេងពិណពាទ្យវង់តូច នៅខេត្តសៀមរាប (រូប​ផ្ដល់ឱ្យដោយលោក ម៉ៃ សាមឿត តន្ត្រីករភ្លេងបុរាណខេត្តសៀមរាប)
 
បើតាមលោក ណូន សុខ ដែលជាតន្ត្រីករនិងជាគ្រូបង្រៀន ឧបករណ៍ភ្លេងបុរាណខ្មែរ វង់ភ្លេងពិណពាទ្យ មានចំនួន៣វង់ គឺវង់តូច វង់កណ្ដាល និងវង់ធំ។ គ្រូភ្លេងបុរាណរូបនេះ អះអាងថាការកំណត់ទំហំ ភ្លេងវង់តូច វង់កណ្ដាល និងវង់ធំ គឺគេគិតទៅលើចំនួនតន្ត្រីករ និងចំនួនឧបករណ៍ភ្លេង ក្នុងវង់នីមួយៗ។
 
លោក ណូន សុខ ពន្យល់ថាភ្លេងពិណពាទ្យវង់តូច បច្ចុប្បន្នបែងចែកខុសគ្នា ទៅតាមតំបន់និយម ឬក្រុមនិយម។ វង់តូចនៅរាជធានីភ្នំពេញ មានឧបករណ៍ ស្រឡៃ រនាតឯក គងវង់តូច គងវង់ធំ សម្ភោរស្គរ និងស្គរធំមួយគូ។ ដែលហៅថា (សម្ភោរស្គរ) មានន័យថា ស្គរសម្ភោរ និងស្គរធំ ត្រូវបានលេងដោយតន្ត្រីករតែម្នាក់ប៉ុណ្ណោះ។ បន្ថែមពីនោះ (សម្ភោរស្គរ) ក៏មានន័យស្មើនឹងពាក្យ (សម្ភោរស្គរឌុប)ដែរ។ វង់តូចនេះ មានតន្ត្រីករលេងតែ៥នាក់ប៉ុណ្ណោះ។ 
 
វង់តូចមួយប្រភេទទៀត មានឧបករណ៍គងវង់ធំ រនាតឯក សម្ភោរស្គរ ស្គរធំមួយគូរ និងស្រឡៃ ប៉ុន្តែដកគងវង់តូចចេញ។ វង់នេះមានតន្ត្រីករលេងតែ៤នាក់ប៉ុណ្ណោះ។ 
 
រីឯវង់កណ្ដាលវិញ មានឧបករណ៍ រនាតឯក រនាតធុង គងវង់តូច គងវង់ធំ សម្ភោរស្គរ ស្គរធំមួយគូ និងស្រឡៃធំ១។ វង់នេះមានតន្ត្រីករលេងភ្លេង៦នាក់។
 
លោក ណូន សុខ តន្ត្រីករ និង​ជាគ្រូភ្លេងបុរាណខ្មែរ
 
ចំណែកវង់ធំបច្ចុប្បន្ន មានឧបករណ៍រនាតដែក រនាតឯក រនាតធុង គងវង់តូច គងវង់ធំ ស្រឡៃតូច ស្រឡៃធំ។ ប៉ុន្តែជួនកាលមិនមានរនាតដែកទេ។ វង់នេះមានតន្ត្រីករ៧នាក់។
 
ដោយឡែកវង់ភ្លេងពិណពាទ្យ លេងនៅខេត្តសៀមរាប ក៏បែងចែកជា៣វង់ដែរ។ វង់តូចមាន រនាតឯក គងវង់ធំ ស្រឡៃធំមួយ ស្គរសម្ភោរ ស្គរធំមួយគូ។ វង់នេះមានតន្រ្តីករ៥នាក់។ 
ចំណែកវង់កណ្ដាល មានរនាតឯក រនាតធុង គងវង់តូច គងវង់ធំ ស្គរសម្ភោរ និងស្គរធំមួយគូ (ជួនកាលក៏លេងសម្ភោរស្គរឌុបដែរ) ប៉ុន្តែនៅសៀមរាប (កម្រងលេងសម្ភោរស្គរឌុបណាស់)។ វង់នេះមានតន្ត្រីករ៦នាក់។ 
 
ឯវង់ធំនៅសៀមរាបវិញ មានឧបករណ៍រនាតឯក ដែក រនាតធុង គងវង់តូច គងវង់ធំ ស្រឡៃតូ ស្រឡៃធំ ឈិងមួយគូ ស្គរសម្ភោរ និងស្គរធំមួយគូ។ ប៉ុន្តែមិនមានឧបករណ៍ រនាតថោងតូច រនាតថោងធំឡើយ ដោយសារតែមិនមានឧបករណ៍ភ្លេងនេះ។ វង់នេះមានតន្រ្តីករ១០នាក់។
 
«នៅសៀមរាបគេប្រកាន់ណាស់ អ្នកចេះលេងភ្លេង ពិសេសគ្រូៗ ឬចាស់ៗគេប្រកាន់យកតាមបុរាណ។ មានន័យថា ឧបករណ៍ភ្លេងមួយ ត្រូវតែតន្ត្រីករម្នាក់លេង។ គេខ្លាចចាស់ៗអ្នកចេះភ្លេង និន្ទារ ថាធ្វើខុសក្បួនបុរាណ។ បើនៅភ្នំពេញឧបករណ៍ភ្លេងពីរ ដូចជាស្គរសម្ភោរ និងស្គរធំមួយគូ តន្ត្រីករអាចលេងតែម្នាក់ឯងបាន»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ណូន សុខ។
 
ជាងនោះទៅទៀត លោក ណូន សុខ អះអាងថា ភ្លេងពិណពាទ្យវង់ធំ(ពេញលេញ) មាននៅសល់តែ២វង់ប៉ុណ្ណោះ គឺស្ថិតនៅក្នុងវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញមួយ និងនៅក្នុងវត្តរាជបូណ៌ ក្នុងខេត្តសៀមរាបមួយ។
 
«វង់ធំ(មែនទែន) ដែលនៅមាននៅឡើយ មាននៅវត្តឧណ្ណាលោមមួយ និងនៅវត្តរាជបូណ៌មួយ។ វង់នេះមានឧបករណ៍រនាតឯក រនាតធុង ស្គរសម្ភោរ គងវង់តូច គងវង់ធំ ស្រឡៃតូច ស្រឡៃធំ ឧបករណ៍ឈិង រនាតថោងតូច រនាតថោងធំ និងស្គរមុខពីរ។ នេះគឺវង់ធំជាងគេ ប៉ុន្តែបើលេងនៅតាមវេទិការ ឬនៅតាមបុណ្យនានា មិនមានវង់ធំនេះទេ ព្រោះកម្រមាន អ្នកមានលទ្ធភាពជួល»។ នេះជាការអះអាងរបស់លោក ណូន សុខ។


 ភ្លេងពិណពាទ្យវង់ធំ ក្នុង​ខេត្ត​សៀមរាប (រូបផ្ដល់ឱ្យដោយលោក ម៉ៃ សាមឿត តន្ត្រីករភ្លេងពិណពាទ្យ)
អ្វីដែលគួរឱ្យកត់សម្ភាល់ លោក សុខ ថានៅក្នុងសម័យបច្ចុប្បន្ននេះ ពិបាករកភ្លេងពិណពាទ្យវង់ធំ(ខាងលើ)នេះណាស់ ដោយសារតែវង់នេះ ត្រូវការឧបករណ៍ភ្លេងច្រើន និងត្រូវការតន្ត្រីករលេងច្រើននាក់ដែរ។ ពិធីបុណ្យភាគច្រើន គេយកវង់កណ្ដាល បន្ថែមឧបករណ៍ភ្លេងបន្តិចបន្តួច គេក៏ហៅថាវង់ធំដែរ។
 
ទោះជាយ៉ាងណាក៏ដោយ គ្រូភ្លេងរូបនេះ ថាភ្លេងពិណពាទ្យពីដើមឡើយ មិនមានឧបករណ៍ភ្លេងច្រើនដូចសព្វថ្ងៃនេះទេ។ ពីដើមមានតែឧបករណ៍ពិណ គងពាទ្យ (មានតែ៩ផ្លែ ប៉ុណ្ណោះ) ខ្លុយ និងស្គរសម្ភោរ ប៉ុណ្ណោះ។
 
វង់ភ្លេងពិណពាទ្យ អាចលេងបានគ្រប់ពិធីបុណ្យ មានដូចជាពិធីបុណ្យសព បុណ្យបច្ច័យបួន បុណ្យសង្ឃទាន និងបុណ្យឡើងផ្ទះជាដើម។ ភ្លេងពិណពាទ្យ ត្រូវបានប្រគំជាពិសេស សម្រាប់ពិធីសក្ការបូជា។ នេះជាការបញ្ជាក់របស់លោក ណូន សុខ៕
 

Tag:
 សិល្បៈ
  ភ្លេង
  ភ្លេងពិណពាទ្យ
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com