ជាតិ
ធ្វើមគ្គុទេ្ទសិកាភាសាជប៉ុនជាង២០ឆ្នាំ អ្នកស្រី ហ៊ុច ប្តូរមកបើកអាហារដ្ឋានមួយកន្លែងនៅក្រុងសៀមរាប
06, May 2023 , 10:20 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ហៅ ហ៊ុច ប្រកបអាជីពជាមគ្គុទ្ទេសិកាភាសាជប៉ុន នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ ក្រោយបំពេញកិច្ចការងាររបស់ខ្លួនប្រមាណ ២ទសវត្សរ៍ មគ្គុទ្ទេសិការូបនេះ បានសម្រេចចិត្តផ្អាកពីការងារនាំភ្ញៀវទេសចរជប៉ុន ដោយសារជំងឺកូវីដ-១៩។ បន្ទាប់ពីសម្រាកពីអាជីពជាមគ្គុទ្ទេសក៍ អ្នកស្រី ហុច បានប្តូរមកបើកអាហារដ្ឋានមួយកន្លែង ក្នុងក្រុងសៀមរាប ។


 
ក្រោយចប់ថ្នាក់ទី១២ អ្នកស្រី ហៅ ហ៊ុច បានចំណាយពេលជាង ២ឆ្នាំ ដើម្បីសិក្សាភាសាជប៉ុន ក្នុងក្រុងសៀមរាប។ ចំពោះអ្នកស្រី ការងារមគ្គុទ្ទេសក៍ មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះក្រៅពីការសិក្សាភាសានៃសាសន៍ដទៃ ការស្វែងយល់ពីវប្បធម៌ពីប្រទេសនោះក៏ជារឿងចាំបាច់ផងដែរ។ នៅចុងឆ្នាំ២០០១ ជាពេលដែលអ្នកស្រី ហ៊ុច ចាប់ផ្តើមអាជីពជាមគ្គុទេសក៏ភាសាជប៉ុនរបស់ខ្លួន។ ក្រៅពីភាសា អ្នកស្រី ហ៊ុច ក៏ជំនាញភាសាអង់គ្លេសដែល គ្រាន់តែអ្នកស្រីចង់ផ្តោតលើភាសាជប៉ុនច្រើនជាង។ 
  

កម្ររូបភាពរបស់អ្នកស្រី ហៅ ហ៊ុច អំឡុងពេលអ្នកស្រី បំពេញការងារជាអ្នកនាំភ្ញៀវជនជាតិជប៉ុន ក្នុងឆ្នាំ២០០៧។ រូបភាពពី អ្នកស្រី ហៅ ហ៊ុច

ស្រ្តីវ័យ ៤២ឆ្នាំរូបនេះ បានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ២៥ថា អាជីពជាអ្នកនាំភ្ញៀវនេះ មិនមែនជាការងារក្នុងក្តីស្រមៃរបស់អ្នកស្រីនោះឡើយ ប៉ុន្តែអំឡុងពេលនោះ អ្នកស្រីក៏មិនមានគោលដៅជ្រើសរើសជំនាញណាមួយដើម្បីសិក្សាបន្តនោះឡើយ។ អ្នកស្រី ហ៊ុច ដឹងត្រឹមតែថា ការងារជាមគ្គុទ្ទេសក៏នាសម័យនោះ កំពុងមានសន្ទុះទីផ្សារច្រើន ជាពិសេសមគ្គុទ្ទេសក៍ភាសាជប៉ុន។ 
 
អ្នកស្រី ហៅ ហ៊ុច បង្ហើបពីការចាប់ផ្តើមដំបូងដូច្នេះថា ៖« នៅសម័យនោះមិនសូវមានអ្នករៀនភាសាជប៉ុនច្រើននោះទេ ណាមួយគេកំពុងរកអ្នកចេះភាសាជប៉ុន ហើយអ្វីដែលសំខាន់នោះ ចំណូលពីការងារនេះទទួលបានច្រើន ទើបខ្ញុំសម្រេចចិត្តចូលរៀនតែម្តង។» 
 

មគ្គុទ្ទេសិកា ហៅ ហ៊ុច កំពុងបំពេញការងារក្រោមកម្តៅថ្ងៃ។

ជាអ្នកនាំផ្លូវភ្ញៀវមិនងាយស្រួលនោះឡើយ មគ្គុទ្ទេសក៍ភាសាជប៉ុន ត្រូវមានចំណេះដឹងទូទៅ ការសិក្សាស្រាវជ្រាវទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ ក៏ដូចជាវប្បធម៌ជប៉ុនផងដែរ។ មគ្គុទ្ទេសក៍ ត្រូវមានភាពឆ្លាតវៃ និងមានទំនួលខុសត្រូវខ្ពស់ អំឡុងពេលនាំភ្ញៀវទស្សនាតំបន់ទេសចរណ៍នានា ជាពិសេសទីតាំង រមណីយដ្ឋានអង្គរ។ កត្តាសំខាន់មួយទៀតគឺ ត្រូវដឹងពីចំនួនភ្ញៀវ អាយុភ្ញៀវ ឈ្មោះភ្ញៀវ មកជាលក្ខណៈគ្រួសារ ឬក្រុមការងារ និងពិនិត្យពេលវេលាភ្ញៀវចុះពីលើយន្តហោះជាដើម។ ការងារនេះតម្រូវឱ្យអ្នកស្រី មានទំនួញខុសត្រូវខ្ពស់ និងធ្វើការដោយប្រើកម្លាំងខ្លាំង។ បើទោះជាយ៉ាងនេះក្តី ក៏មគ្គុទ្ទេសិការូនេះ តស៊ូជានិច្ច ត្បិតជាភារកិច្ចរបស់ខ្លួន។ 
 
៖«ការងារនេះធ្វើឱ្យខ្ញុំទទួលបានបទពិសោធច្រើន ព្រោះយើងបានជួបមនុស្សច្រើន ហើយអត្តចរិកខុសៗគ្នា។ ខ្ញុំអាចសិក្សាពីវប្បធម៌ជប៉ុន ចេះអត់ធ្មត់ស៊ូទ្រាំ និងត្រូវប្រើកម្លាំងបាយច្រើន ព្រោះពេលខ្លះភ្ញៀវត្រូវការឡើងភ្នំមើលថ្ងៃរះ។ ដូច្នេះ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីនាំភ្ញៀវឡើងភ្នំ។» អ្នកស្រី ហៅ ហ៊ុច ប្រាប់ដូច្នេះ។ 
 

អ្នកស្រី ហ៊ុច និងទេសចរជនជាតិជប៉ុន ថតរូបជុំគ្នានៅខាងមុខប្រាសាទអង្គរវត្ត។ រូបភាពពី_ អ្នកស្រី ហៅ ហ៊ុច

អ្នកស្រី បន្តថា មគ្គុទ្ទេសក៍ស្រ្តីរាងពិបាកជាងបុរស ព្រោះកម្លាំងខ្សោយ ត្រូវប៉ះនឹងកម្តៅថ្ងៃច្រើន ធ្វើឱ្យមុខមាត់មិនសូវស្អាតដូច អ្នកដទៃឡើយ។ រយៈពេល ២០ឆ្នាំមកនេះ អ្នកស្រី មានពេលសម្រាកពីការងារច្រើន តែពេលពពោះ ក្រោយសម្រាលបុត្រ និងមិនទាន់មានភ្ញៀវកក់ជាដើម។ 
 
ការងារមួយនេះនៅតែបន្ត រហូតដល់ចុងឆ្នាំ ២០១៩ ដោយសារជំងឺកូវីដ-១៩ វាយលុក ធ្វើឱ្យចរន្តទេសចរថយចុះ។ ភ្ញៀវជនជាតិជប៉ុន ក៏លែងមានច្រើនដូចមុន ទើបអ្នកស្រី ហៅ ហ៊ុច សម្រេចចិត្តផ្អាកពីការងារនេះ ដើម្បីស្វែងរករបរថ្មីទ្រទ្រង់ជីវភាព។ 
 
ក្រោយផ្អាកពីការងារមួយរយះ អ្នកស្រីនិងគ្រួសារ បានចាប់មុខរបរថ្មី គឺបើកអាហារដ្ឋានមួយកន្លែង នៅក្នុងក្រុងសៀម។ បើទោះបើអាជីវកម្ម ក្នុងបរិបទកូវីដ-១៩ មិនសូវមានភ្ញៀវច្រើន តែរបរនេះអាចបន្តជារើយៗ រហូតមកដល់សព្វថ្ងៃ។ ដំណើរការបើកអាហារដ្ឋាន របស់អ្នកស្រី អាចនិយាយបានថា កំពុងទទួលបានការគាំទ្រច្រើន បន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្រាល ទេសចរមកលេងច្រើន។  
 
ម្ចាស់អាហារដ្ឋានរូបនេះ ពោលឡើងថា បច្ចុប្បន្នទេសចរចាប់ផ្តើមមានច្រើនក៏ពិតមែន ប៉ុន្តែវត្តមានទេសចរជនជាតិជប៉ុន ហាក់មិនសូវច្រើនដូចមុននោះឡើយ ហេតុដូចនេះ អ្នកស្រីនៅតែបន្ត ជាមួយអាជីវថ្មីនេះដដែល។ អ្នកស្រីបន្ថែមថា ៖« ប្រសិនបើ ភ្ញៀវជនជាតិជប៉ុនមកកម្ពុជាច្រើនដូចមុន ច្បាស់ណាស់ខ្ញុំនឹងបន្តធ្វើជាមគ្គុទ្ទេសក៏បន្តទៀត ចំណែក ហាង គឺទុកឱ្យស្វាមី និងគ្រួសារមើលការខុសត្រូវបន្ត។» 
 
អាជីពជាអ្នកនាំភ្ញៀវ នៅតែជាជម្រើសទីមួយរបស់អ្នកស្រី ហ៊ុច ទៅការវិលត្រឡប់មកវិញដូចជាការចាប់ផ្តើមថ្មីក៏ដោយ។ អ្នកស្រីតែងលើកទឹកចិត្តខ្លួនឯងជានិច្ច ជាពិសេសមានគ្រួសារគាំទ្រពីក្រោយ។ សារដែលអ្នកស្រី ហៅហ៊ុច ចង់ផ្តាំទៅកាន់ស្រ្តី ដែលចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ នោះ គឺការជឿជាក់លើខ្លួនឯង ស្រ្តីក៏ជាចំណែកមួយក្នុងការផ្សព្វផ្សាយផ្សាយវប្បធម៌ខ្មែរទៅកាន់ប្រទេសជាតិសាសន៍ដទៃ ឱ្យកាន់តែទូលំទូលាយផងដែរ៕

Tag:
 ThmeyThmey25
  អ្នកស្រី ហៅ ហ៊ុច
  មគ្គុទេ្ទសិកា
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com