អន្តរជាតិ
ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងបន្តក្នុងរដ្ឋធានីខាទុំរបស់ស៊ូដង់ ទោះជាមានបទឈប់បាញ់គ្នា
06, May 2023 , 11:00 pm        
រូបភាព
ផ្សែងខ្មួលខ្មៅនៅក្រុងខាទុំ ក្នុងប្រទេសស៊ូដង់ ដែលកំពុងមានការវាយប្រហារគ្នា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ផ្សែងខ្មួលខ្មៅនៅក្រុងខាទុំ ក្នុងប្រទេសស៊ូដង់ ដែលកំពុងមានការវាយប្រហារគ្នា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
ដោយ: VOA
មានសេចក្តីរាយការណ៍ពីការបន្តការប្រយុទ្ធគ្នាដ៏ខ្លាំងនៅថ្ងៃសុក្រនេះ នៅជុំវិញនិងក្នុងរដ្ឋធានីខាទុំរបស់ប្រទេសស៊ូដង់ បើទោះបីជាមានបទឈប់បាញ់គ្នាមួយ ដែលភាគីជម្លោះទាំងពីរបានឯកភាពក្នុងពេលកន្លងមកក៏ដោយ។

-
 
កងកម្លាំងស៊ូដង់និងទាហានប៉ារ៉ានៃកងកម្លាំងគាំទ្ររហ័ស ហាក់ដូចជាកំពុងព្យាយាមវាយរុញច្រានគ្នាទៅវិញទៅមក ចេញពីកណ្តាលរដ្ឋធានីខាទុំ និងព្យាយាមគ្រប់គ្រងតំបន់នៅជុំវិញវិមានប្រធានាធិបតី និងទីបញ្ជាការដ្ឋានកងទ័ពជើងគោករបស់ប្រទេសនេះផងដែរ។
 
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្តែងការសោកស្តាយចំពោះអំពើហិង្សាដែលនៅតែបន្តកើតឡើងនេះ។ លោកបានដាក់ទណ្ឌកម្មដើម្បីរាំងខ្ទប់មន្ត្រីស៊ូដង់រូបណា ដែលធ្វើឱ្យរាំងស្ទះការជំរុញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាហ្វ្រិកភាគឥសានមួយនេះ ដោយមិនឱ្យធ្វើសកម្មភាពហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងខ្ទង់ធនាគារអាមេរិក ឬទ្រព្យសម្បត្តិណាមួយដែលពួកគេមាននោះឡើយ។
 
លោក Biden បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អំពើហិង្សាដែលកើតមានឡើងនៅក្នុងប្រទេសស៊ូដង់ គឺជាសោកនាដកម្មមួយ ហើយជាការក្បត់ទៅនឹងការទាមទារដ៏ច្បាស់លាស់របស់ពលរដ្ឋស៊ូដង់ ដែលចង់បានរដ្ឋាភិបាលស៊ីវិលមួយ ក៏ដូចជាអន្តរកាលមួយឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យផងដែរ។ អំពើហិង្សាទាំងនេះ ដែលបានសម្លាប់ពលរដ្ឋស៊ីវិលអស់ជាច្រើននាក់រួចទៅហើយនោះ ហើយដែលបានចាប់ផ្តើមនៅក្នុងរដូវបួសតមអាហាររបស់សាសនាឥស្លាមរ៉ាម៉ាដនផងដែរនោះ គឺជាទង្វើដែលគ្មានមនសិការទាល់តែសោះ។ វាត្រូវតែបញ្ចប់»។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបញ្ចប់ការវាយប្រយុទ្ធគ្នានៅស៊ូដង់ និងការគាំទ្រពីអន្តរជាតិ សម្រាប់ប្រជាជនស៊ូដង់ផងដែរ ដែលលោកថា កំពុងប្រឈមនឹងគ្រោះមហន្តរាយមនុស្សធម៌។
 
ក្រសួងសុខាភិបាលស៊ូដង់ឱ្យដឹងថា មានមនុស្សជាង ៥០០ នាក់ ត្រូវបានសម្លាប់ ហើយមនុស្សជិត៥.០០០ នាក់ បានរងរបួសចាប់តាំងពីការប្រយុទ្ធគ្នា ចាប់ផ្តើមកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ នៅក្នុងការតស៊ូដណ្តើមអំណាចមួយរវាងមេដឹកនាំនៃកងកម្លាំងស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សរបស់ប្រទេសនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com