ភ្នំពេញ៖ អ្នកនាង លឹម ផាន់ណា មានស្នាដៃនិពន្ធទំនុកច្រៀង ប្រមាណ២០០បទដែលមានបទ “ពេលណាបងមានឱកាស” “ស្រណោះសម័យសង្គមរាស្ដ្រនិយម” “កុំហៅខ្ញុំថាស្រីចាស់”(បទភ្លេងបរទេស) “ឆ្នាំថ្មីរកប្ដីមិនបាន” និងបទ “ឈុតកូនក្រមុំ” ជាដើម។ ស្នាដៃបទចម្រៀងទាំងនោះ មានគ្រឹះចេញពីកំណាព្យ។
ក្នុងចំណោមស្នាដៃចម្រៀង ទាំងប្រមាណ២០០បទនោះ អ្នកនាងនិពន្ធសម្រាប់ផលិតកម្មខ្លះ និពន្ធបែបឯករាជ្យខ្លះ ដែលនិពន្ធប្រចាំឱ្យអ្នកចម្រៀងផ្ទាល់ និងជាប្រភេទបទចម្រៀងឃោសនាបោះឆ្នោត រួមទាំងចម្រៀងអប់រំអ្នកបោះឆ្នោតជាដើម។
អ្នកនាង លឹម ផាន់ណា ចេះតែងនិពន្ធទំនុកច្រៀង តាំងពីអំឡុងឆ្នាំ២០១០-២០១១។ ការចេះតែងកំណាព្យ ដែលមានចំណាប់ជួនផ្ទួនរណ្ដំ បានជួយឱ្យអ្នកនាង លឹម ផាន់ណា មានភាព
ងាយស្រួល ក្នុងការនិពន្ធទំនុកច្រៀង។ ទោះជាយ៉ាងណា អ្នកនាងថា ការនិពន្ធទំនុកច្រៀង ត្រូវប្រើភាសាប្រកបដោយគុណតម្លៃ គុណធម៌ និងមិនត្រូវប្រើភាសាអសុរោះឡើយ។
អ្នកនាង លឹម ផាន់ណា បន្ថែម ៖«ចម្រៀងក៏អាចបង្កប់នៃអប់រំក្នុងនោះដែរ។ សម្រាប់បទចម្រៀងរបស់ខ្ញុំខ្លះ ខ្ញុំសង្កេតមើលទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ហើយយកទៅនិពន្ធជាទំនុកច្រៀង។ បទខ្លះខ្ញុំបញ្ចូលការកំប្លែកក្នុងនោះ ដើម្បីបង្កឱ្យមានភាពសប្បាយរីករាយដល់អ្នកស្ដាប់»។
ជាក់ស្ដែងក្នុងចំណោមបទចម្រៀង ប្រមាណ២០០បទ មានបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ឆ្នាំថ្មីរកប្ដីមិនបាន”។ បើមើលមួយភ្លែត គេអាចយល់ច្រឡំថា អ្នកនិពន្ធចង់បង្ហាញពីភាពទន់ខ្សោយ របស់នារីដែលពុំអាចរកប្ដីបាន។ ប៉ុន្តែជាក់ស្ដែង អ្នកនិពន្ធចង់បង្ហាញថា មនុស្សស្រីម្នាក់នោះមានភាពក្លាហាន ក្នុងការនិយាយរឿងនោះជាសាធារណៈទៅវិញទេ។
បន្ថែមពីនោះ តាមរយៈបទចម្រៀងនេះ អ្នកនិពន្ធក៏ចង់បង្ហាញថា មនុស្សស្រីអាយុច្រើន ដែលមិនទាន់មានគ្រួសារ មិនប្រាកដថានាងគ្មានសមត្ថភាពឡើយ។ ផ្ទុយទៅវិញ នាងមានគោលដៅច្បាស់លាស់ ចំពោះការរើសដៃគូជីវិតទៅវិញទេ។
អ្នកនាងពន្យល់បែបនេះ៖«អ្នកខ្លះនិយាយថា យកសិនទៅបើមិនត្រូវគ្នា ក៏លែងលះគ្នាវិញទៅ។ ប៉ុន្តែពាក្យថា(លែងលះ) គឺធ្ងន់ណាស់សម្រាប់មនុស្សស្រី។ ដូច្នេះមនុស្សដែលមានគោលដៅច្បាស់លាស់ គេមិនចេះតែយកប្ដីឱ្យតែបានៗទេ ព្រោះនោះគឺជាសុភមង្គលពេញមួយជីវិត។ មនុស្សស្រីខ្លះ មិនទាន់រកឃើញមនុស្សប្រុសដែលស័ក្ដិសមនិងនាង ទើបបានជានាងមិនទាន់រៀបការក៏ថាបាន»។
យ៉ាងណាក៏ដោយ អ្នកនាង លឹម ផាន់ណា អះអាងថាអត្ថន័យក្នុងបទចម្រៀង “ឆ្នាំថ្មីរកប្ដីមិនបាន” មានន័យត្អូញត្អែរ តែកំប្លែង ដើម្បីបង្កើតភាពរីករាយដល់អ្នកស្ដាប់។
ត្រឡប់មកការនិពន្ធទំនុកច្រៀងវិញ អ្នកនាង លឹម ផាន់ណា ថាការចេះតែងកំណាព្យ ពិតជាមានគុណប្រយោជន៍យ៉ាងច្រើន ដល់ការនិពន្ធទំនុកច្រៀង ដ្បិតអីអ្នកចេះនិពន្ធកំណាព្យ ពោរពេញដោយពាក្យពេចន៍សម្បូរបែប ដើម្បីយកទៅដាក់ក្នុងទំនុចច្រៀងរបស់ខ្លួន ឱ្យកាន់តែពីរោះទ្វេដង។ បន្ថែមពីនោះ កំណាព្យបានជួយអ្នកនិពន្ធ ឱ្យមានភាពប៉ិនប្រសប់ ក្នុងការចាប់ចំណាប់ជួន ឱ្យពីរោះរណ្ដំ៕