អន្តរជាតិ
WHO ប្រកាសថា ជំងឺកូវីដ-១៩ លែងជាគ្រោះថ្នាក់សុខភាពសកលទៀតហើយ
06, May 2023 , 7:40 pm        
រូបភាព
លោក Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (រូបពី AFP)
លោក Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (រូបពី AFP)
អង្គការសុខភាពពិភពលោក​ (WHO) នៅថ្ងៃទី៥ ខែឧសភា បានលើកឡើងថា ជំងឺកូវីដ-១៩ លែងជាភាពអាសន្នផ្នែកសុខភាពពិភពលោកទៀតហើយ។ ការប្រកាសនេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង ៦,៩ លាននាក់ និងបានរំខានដល់សេដ្ឋកិច្ចពិភពលោកកន្លងមក​។


 
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ​(WHO) លើកទី ១៥ ប្រធាន WHO លោក Tedros Adhanom Ghebreyesus ត្រូវបានសមាជិកផ្តល់អនុសាសន៍ឱ្យលោកប្រកាសបញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលជាការព្រួយបារម្ភរបស់អន្តរជាតិកន្លងមក។
 
គួររំលឹកថា គណៈកម្មាធិការគ្រាអាសន្នរបស់ WHO បានប្រកាសពីគ្រាអាសន្នសុខភាពសកលបង្កដោយជំងឺកូវីដ-១៩ជាលើកដំបូងនៅជាង៣ឆ្នាំមុន គឺនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០។ ការប្រកាសថាជំងឺកូវីដ-១៩ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈនាពេលនោះ បានជំរុញឱ្យមានការយកចិត្តទុកដាក់ជាអន្តរជាតិលើការគំរាមកំហែងសុខភាព ក៏ដូចជាការជំរុញកិច្ចសហការផលិតវ៉ាក់សាំង និងការព្យាបាលផងដែរ។
 
បើតាម WHO ការប្រកាសបញ្ចប់ភាពអាសន្នផ្នែកសុខភាពសាធារណៈនេះ ជាសញ្ញាវិជ្ជមានដែលពិភពលោកបានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណា WHO សង្កត់ធ្ងន់ថា  ជំងឺកូវីដ-១៩នៅតែមាន បើទោះបីជាវាលែងចាត់ទុកជាគ្រាអាសន្នដល់សុខភាពសកលក្តី។ 
 
«ទោះជាយ៉ាងណាក៏ដោយ នោះមិនមានន័យថា ជំងឺកូវីដ-១៩ លែងជាការគំរាមកំហែងសុខភាពសកលនោះទេ»។ លោក Ghebreyesus បានលើកឡើងបែបនេះ។ 
យោងតាមទិន្នន័យរបស់ WHO អត្រាមរណភាពបានថយចុះពីកម្រិតខ្ពស់បំផុតជាង ១០ ម៉ឺននាក់ក្នុងមួយសប្តាហ៍ក្នុងខែមករា ឆ្នាំ ២០២១ មកត្រឹមតែជាង ៣,៥០០ នាក់ក្នុងមួយសប្តាហ៍គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣៕

© រក្សាសិទ្ធិដោយ thmeythmey.com