អន្តរជាតិ
អាម៉េរិកនឹងផ្ដល់ជំនួយគ្រឿងសព្វាវុធតម្លៃ ៥០០លានដុល្លារដល់តៃវ៉ាន់ រូបពី៖ reuters
× រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន គ្រោងនឹងបញ្ជូនជំនួយសព្វាវុធមានតម្លៃប្រមាណ ៥០០លានដុល្លារទៅឱ្យតៃវ៉ាន់ ក្រោមច្បាប់ជំនួយគ្រាអាសន្នដូចដែលធ្លាប់ប្រើជាង៣៥ដង ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែន។
ជាផ្នែកមួយនៃថវិកាក្នុងឆ្នាំ២០២៣ សភាអាម៉េរិកបានអនុម័តកញ្ចប់ទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារសម្រាប់ផ្ដល់ជំនួយផ្នែកគ្រឿងសព្វាវុធដល់តៃវ៉ាន់ក្រោយច្បាប់ការផ្ដល់ជំនួយក្រោមអំណាចប្រធានាធិបតី (PDA) ដែលជាច្បាប់មួយអនុញ្ញាតឱ្យមានការពន្លឿនជំនួយផ្នែកសន្តិសុខ និងជួយបញ្ជូនអាវុធទៅអ៊ុយក្រែនកន្លងមក។ នេះបើតាមប្រភពដឹងពីផែនការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែឧសភា។
ការប្រកាសផ្ដល់ជំនួយក្រោមច្បាប់នេះ នឹងអនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិកផ្ទេរអាវុធ និងសេវាកម្មពីឃ្លាំងស្តុករបស់អាម៉េរិកទៅតៃវ៉ាន់ដោយមិនចាំបាច់មានការយល់ព្រមពីសភាក្នុងអំឡុងពេលមានអាសន្ន។ បើតាមអ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ វិធីសាស្រ្តរបស់អាម៉េរិកពាក់ព័ន្ធនឹងតៃវ៉ាន់នៅតែស្របតាមគោលនយោបាយរបស់អាម៉េរិកក្រោយច្បាប់ទំនាក់ទំនងអាម៉េរិក-តៃវ៉ាន់ក្នុងឆ្នាំ ១៩៧៩។
ចិនកន្លងមក បានចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាលើកោះនេះជាហូរហែរក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ លើសពីនេះ ចិនក៏ធ្លាប់អះអាងថា នឹងប្រើគ្រប់វិធីរួមទាំងកម្លាំងដើម្បីដាក់កោះនេះក្រោមការគ្រប់គ្រងរបស់ខ្លួន។ ទន្ទឹមនឹងនេះ ចិនកាលពីខែមុនបានរៀបចំសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាតំណាងរាស្ត្រអាម៉េរិកលោក Kevin McCarthy នៅទឹកដីអាម៉េរិក។
ចាប់តាំងពីឆ្នាំ ១៩៧៩ មក ទំនាក់ទំនងរវាងអាម៉េរិក និងតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលផ្តល់មូលដ្ឋានផ្លូវច្បាប់ដើម្បីផ្តល់មធ្យោបាយការពារដល់កោះតៃវ៉ាន់ ប៉ុន្តែមិនបានកំណត់ឱ្យអាម៉េរិកមកជួយតៃវ៉ាន់ប្រសិនបើត្រូវបានវាយប្រហារឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com