អន្តរជាតិ
អ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីជាមួយប្រព័ន្ធការពារដែនអាកាស Patriot អាម៉េរិក
07, May 2023 , 11:00 pm        
រូបភាព
រូបពី Reuters
រូបពី Reuters
អ៊ុយក្រែន នៅថ្ងៃទី៦ ខែឧសភា បានលើកឡើងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីដែលឈ្លានពានពីលើទីក្រុងកៀវ ដោយប្រើប្រព័ន្ធការពារដែនអាកាស Patriot ដែលទើបទទួលបានពីអាម៉េរិក។


 
រុស្ស៊ីនាពេលថ្មីៗ បានឈ្លានពានអ៊ុយក្រែនដោយប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ជាមីស៊ីលប្រភេទថ្មីរបស់ខ្លួន។ បើតាមយោធារុស្ស៊ី មីស៊ីលថ្មីនេះអាចហោះបានរយៈចម្ងាយ ២ ពាន់គីឡូម៉ែត្រ​ និងអាចហោះក្នុងល្បឿន ១០ ដងនៃសំឡេង ដែលធ្វើឱ្យវាពិបាកក្នុងការស្ទាក់ចាប់។ ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដែលអាចឱ្យមីស៊ីលហោះក្នុងល្បឿនលឿនជាងសំឡេង និងបំពាក់ដោយក្បាលគ្រាប់ធុនធ្ងន់ អនុញ្ញាតឱ្យមីស៊ីល Kinzhal បំផ្លាញគោលដៅដែលមានកម្លាំងខ្លាំង ដូចជាលេនដ្ឋានក្រោមដី ឬផ្លូវរូងក្រោមដីភ្នំជាដើម។ 
 
បើតាមមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន Mykola Oleshchuk អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល Kinzhal​ របស់រុស្ស៊ីនៅយប់ថ្ងៃទី៤ ខែឧសភា បន្ទាប់ពីមីស៊ីលនេះបានហោះពីលើទីក្រុងកៀវ។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលអ៊ុយក្រែនត្រូវបានគេដឹងថា បានប្រើប្រព័ន្ធការពារមីស៊ីល Patriot របស់អាម៉េរិកក្នុងការបាញ់ទម្លាក់មីស៊ីលរុស្សី។
 
លោក Oleshchuk បាននិយាយថា មីស៊ីល Kinzhal​ ត្រូវបានបាញ់បង្ហោះដោយយន្តហោះ MiG-31K ពីទឹកដីរុស្ស៊ី ហើយត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារមីស៊ីល Patriot​ តែមួយប៉ុណ្ណោះ។ ដ្បិតអាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ីបានក្តី កន្លងមក អ៊ុយក្រែនធ្លាប់បានសារភាពថា ខ្លួនកំពុងខ្វះខាតឧបករណ៍ស្ទាក់ ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង។
 
អ៊ុយក្រែនទទួលបានប្រព័ន្ធការពារមីស៊ីល Patriot ជា​លើក​ដំបូង​កាល​ពី​ចុង​ខែ​មេសា។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ពីចំនួនប្រព័ន្ធការពារមីស៊ីល Patriot ដែលអ៊ុយក្រែនទទួលបាន និងទីតាំងដែលអ៊ុយក្រែនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Patriot នៅឡើយ​។ ប្រព័ន្ធការពារមីស៊ីល Patriot នេះ ត្រូវបានផ្ដល់ទៅឱ្យអ៊ុយក្រែនដោយអាម៉េរិក អាល្លឺម៉ង់ និង​ហូឡង់៕
 

Tag:
 (អ៊ុយក្រែន
  រុស្ស៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com