ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការបរិច្ចាគ​ឈា.ម​ មានអត្ថប្រយោជន៍​ចំពោះ​សុខភាព
09, May 2023 , 6:59 am        
រូបភាព
ការ​បរិច្ចាគ​ឈាម គឺជា​អំពើ​មនុស្សធម៌​មួយ ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន និង មាន​តម្លៃ​ធំធេង ក្នុង​ការ​ជួយ​ដល់​អាយុជីវិត​មនុស្ស​ម្នាក់ ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​គ្រោះ​ថា្ន​ក់​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ វា ក៏​បាន​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ដល់​អ្នក​បរិច្ចាគ​បាន​ដែរ?


 
ការ​បរិច្ចាគ​ឈាម ជា​សកម្មភាព​ស្ម័គ្រចិត្ត របស់​បុគ្គល​ណា​ម្នាក់ ក្នុង​ការ​អនុញ្ញាត​អោយ​ឈាម​របស់​គេ​ត្រូវ​បាន​បង្ហូរ​ចេញពី​រាង​កាយ វា​ពិតជា​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព ជាង​អ្វី​ដែល​អ្នក​គួរ បារម្ភ និង ភ័យ​ខ្លាច​។ ភាគច្រើន សកម្មភាព​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​រូបភាព​ជា​សកម្មភាព​មនុស្សធម៌ បើ​ទោះជា​មាន មនុស្ស​មួយ​ចំនួន​តូច ធ្វើ​វា​ដើម្បី​តែ​ប្រាក់ ឬ ជា​ការ​ដោះ​ដូរ​នឹង​លក្ខខណ្ឌ​អ្វីមួយ​នោះ ។ នៅ​ក្នុង ប្រទេស​អា​មេ​រិ​ក ជា​រៀង​រាល់ ២​វិនាទី តែង​មាន​ជន​រង​គ្រោះ ដែល​ត្រូវការ ការ​បញ្ចូល​ឈាម​ជា ចាំបាច់ ហើយ​ការ​បរិច្ចាគ​ឈាម​របស់​អ្នក​ម្តង គឺ​អាច​ជួយ​សង្គ្រោះ ជីវិត​មនុស្ស បាន​ដល់​៣​នាក់ ។ ឈាម ដែល​បាន​បរិច្ចាគ​ទាំងនេះ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​ទុកជា​ការ​ប្រើប្រាស់ សម្រាប់​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ ដែល​ត្រូវការ ការ​បញ្ចូល​ឈាម​ជា​ចាំបាច់​។
 
ទំនាក់ទំនង​រវាង​ការ​បរិច្ចាគ​ឈាម និង ការ​ស្តុក​ទុក​ជាតិ​ដែក
 
ការ​បរិច្ចាគ​ឈាម គឺជា​វិធី​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​កាត់​បន្ថយ​បរិមាណ​នៃ​ជាតិ​ដែក ដែល​បាន​ប្រមូលផ្តុំ នៅ​ក្នុង​រាង​កាយ​របស់​យើង ។ បើ​ទោះជា​ជាតិ​ដែក គឺជា​សមាសធាតុ​ដ៏​ចាំបាច់ ក៏​កម្រិត​ច្រើន​លើសលុប​របស់ វា​អាច​នឹង ភ្ញោ​ច​ទៅ​ដល់ ការ​កកើត​នៃ​ពពួក​រ៉ា​ឌី​កាល់​សេរី ដែល​អាច​នឹង បំផ្លាញ​ទៅ​ដល់ ជាលិកា​របស់ រាង​កាយ​។ ពពួក​រ៉ា​ឌី​កាល់​សេរី​ទាំងនេះ ក៏​អាច​មាន​ទំនាក់ទំនង​ផង​ដែរ ទៅ​នឹង​ជំងឺមហារីក ។ កម្រិត​ជាតិ​ដែក ដ៏​លើសលុប​ទាំងនេះ ក៏​អាច​នាំ​អោយ​មាននូវ អុកស៊ីតកម្ម​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល ដែល​នឹង ប៉ះពាល់​ផង​ដែរ ចំពោះ ស​សៃ​អា​ទែ​របស់​បេះដូង ។ ការ​ស្តុក​ទុក​របស់​ជាតិ​ដែក នៅ​ក្នុង​ជាលិកា ដោយសារ​តែ​មេតាបូលីស មានមុខ​ងារ​មិន​ត្រឹមត្រូវ គឺ​ត្រូវ​បាន​គេ​ហៅ​ថា​ជា ជំងឺ Hemochromatosis ។ ជំងឺ​នេះ គឺ​អាច​បំផ្លាញ​ដល់ សិរី​រៈ​សំខាន់​ៗ​ជា​ច្រើន នៅ​ក្នុង​រាង​កាយ មាន​ដូច​ជា​៖ លំពែង​, ក្រលៀន ។​ល​។ វា​ក៏​អាច​បណ្តាល អោយ​អ្នកជំងឺ​មាន ជំងឺ​ទឹកនោមផ្អែម , ជំងឺថ្លើម និង ជំងឺ​បេះដូង​បាន​ទៀត​ផង​ដែរ ។ ការ​បរិ​ចា្ច​គ​ឈាម​ជា​ទៀងទាត់ គឺ​អាច ជួយ​លៃ​តម្រូវ កម្រិត​ជាតិ​ដែក នៅ​ក្នុង​ខ្លួន​របស់​អ្នក​បរិច្ចាគ ។ ការ​សិក្សា​ស្រាវជ្រាវ ក៏​បាន បង្ហាញ​ទៀត​ផង​ដែរ​ថា ការ​បរិច្ចាគ​ឈាម​ជា​ប្រចាំ ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់ ប្រព័ន្ធ​ដកដង្ហើម ក៏​ដូច​ជា​កាត់​បន្ថយ​បាន​ដែរ នូវ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង ។
 
អត្ថប្រយោជន៍​ចំពោះ​សុខភាព
 
ការ​បរិច្ចាគ​ឈាម ក៏​អាច​ជួយ​បញ្ចេញ​នូវ ចំនួន​កាឡូរី​ដែល​លើស និង កាត់​បន្ថយ​កម្រិត​កាឡូរី​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ​។ បន្ទាប់​ពី​ការ​បរិច្ចាគ​ឈាម នោះ​ចំនួន​នៃ​កោសិកា គ្រាប់​ឈាមក្រហម​នៅ​ក្នុង​រាង​កាយ នឹង​មានការ​ធ្លាក់​ចុះ ។ ស្ថានភាព​នេះ នឹង​ជម្រុញ​អោយ​ខួរឆ្អឹង​ធ្វើការ​ផលិត នូវ​កោសិកា​ឈាម ថ្មី​ក្រហម​ស្រស់ ដើម្បី​ជំនួស​ចំនួន​កោសិកា​ឈាម ដែល​បាត់បង់​ក្នុងអំឡុងពេល​នៃ​ការ​បរិច្ចាគ​ឈាម​នេះ ។
 
ចំណុច​គួរ​ពិចារណា​មុន​ពេល​អ្នក​បរិច្ចាគ​ឈាម
 
ទម្រង់ការ​នៃ​ការ​បរិច្ចាគ​ឈាម រួម​មាននូវ​ការ​ពិនិត្យ​សុខភាព​ជា​ទូទៅ របស់​អ្នក​បរិច្ចាគ​ដោយ​មិន​គិតថ្លៃ ។ មុន​ពេល​ដែល​ឈាម​របស់​អ្នក​ត្រូវ​បាន​បូម ដោយ​ក្រុម​គ្រូពេទ្យ អ្នក​ត្រូវ​បាន​ស្នើរ​សុំ​អោយធ្វើ​តេស្ត​ពិនិត្យ កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន នៅ​ក្នុង​ឈាម​ជា​មុន​សិន ។ ប្រសិនបើ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា ទាប​ជាង ១២,៥ g/ dL នោះ​វា​នឹង​មិន​មាន​សុវត្ថិភាព សម្រាប់​អ្នក​ក្នុង​ការ​បរិច្ចាគ​ឈាម​នោះ​ទេ តាម​ដែល​វា​នឹង​អាច​ធ្វើ​អោយ អ្នក បរិច្ចាគ អាច​មាន​ភាពស្លេកស្លាំង​។ ក្រៅពី​នេះ​ទៀត អ្នក​បរិច្ចាគ ក៏​ត្រូវ​បាន​ធ្វើការ​ពិនិត្យ​សម្ពាធ​ឈាម និង ទម្ងន់​រាង​កាយ​ផង​ដែរ​។ ជា​ករណី​ចាំបាច់ អ្នក​ក៏​ត្រូវ​ធ្វើការ​ពិនិត្យ​រក​ពី​វត្តមាន​របស់​ជំងឺ​ទាំង ៥​មាន​ដូច​ជា ៖ ជំងឺ​រលាក​ថ្លើម ប្រភេទ B និង C , ជំងឺស្វាយ​, ជំងឺអេដស៍ និង ជំងឺគ្រុនចាញ់​។ ចំពោះ​អ្នក​បរិច្ចាគ​ទាំងឡាយ​ណា ដែល​មាន​ផ្ទុក​នូវ​ជំងឺ​ណាមួយ​ក្នុង​ចំណោម ជំងឺ​ទាំង ៥​ខាងលើ​នេះ គឺ​នឹង​មិន​ទទួល​បាន​នូវ ការ​អនុញ្ញាត​អោយ​បន្ត​ទម្រង់ការ នៃ​ការ​បរិច្ចាគ​ឈាម​នេះ តទៅ​ទៀត​នោះ​ទេ ។
 
គុណវិបត្តិ​នៃ​ការ​បរិច្ចាគ​ឈាម
 
វា​គ្មាន​ផល​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ណាមួយ​ចំពោះ ការ​បរិច្ចាគ​ឈាម​នេះ​ទេ ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ស្ថានភាព​នៃ​ការ​ធ្លាក់​ចុះ​នូវ កម្រិត​ឈាម អាច​នឹង​កើត​មាន នៅ​ក្នុង​ករណី​មួយ​ចំនួន ។ អ្នក​បរិច្ចាគ អាច​នឹង មាន​អាកា​រៈ​វិលមុខ ក្នុង​រយៈពេល​ខ្លី​មួយ ។ ក្នុង​ករណី​ដ៏​កម្រ គឺ​អ្នក​បរិច្ចាគ​អាច​នឹង​មានការ​ក្អួត ឬ សន្លប់ ដែល​ជា​ធម្មតា វា​ជា​ប្រតិកម្ម​ដ៏​ធ្ងន់ធ្ងរ​នៃ​ការ​បរិច្ចាគ​ឈាម​។
 
កាលពី​ច្រើន​ឆ្នាំ​មុន កន្លង​មកនេះ ការ​បរិ​ចា្ច​គ​ឈាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទម្រង់ការ​ដ៏​គ្រោះ​ថា្ន​ក់មួយ ។ ប៉ុន្តែ​ជាមួយនឹង​បច្ចេកវិទ្យា និង ឧបករណ៍​ទំនើប​នា​ពេល​ប​ច្ចុ​ប្ប​នេះ ទាំង​អ្នក​បរិច្ចាគ និង អ្នក​ទទួល គឺ​គ្មាន​រង​នូវ​ការ​គំរាមកំហែង​ផ្នែក​សុខភាព​ទៀត​ឡើយ​។
 
សរុប​មក​ការ​បរិច្ចាគ​ឈាម មិន​ត្រឹមតែ​ជា​អំពើ​មនុស្សធម៌​ដែល​អាច​ជួយ​ដល់​អាយុជីវិត​របស់​អ្នក​ដទៃ​បាន​នោះ​ទេ តែ​វា​ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​ខ្លួន​យើង​ម្នាក់​ៗ​បាន​ផង​ដែរ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com