អន្តរជាតិ
មេដឹកនាំកូរ៉េខាងត្បូង​ និងជប៉ុន ប្ដេជ្ញាសហការគ្នាលើបញ្ហាសន្តិសុខពាក់ព័ន្ធកូរ៉េខាងជើង
08, May 2023 , 9:59 pm        
រូបភាព
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងឆ្វេង) និងលោក យូន សុកយ៉ល  ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន (ខាងឆ្វេង) និងលោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន​ លោក គីស៊ីដា ហ្វូមីអូ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៧ ខែឧសភា បានបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ នឹងសហការគ្នាលើកឡើងពីបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ី ជាពិសេសការគំរាមកំហែងរបស់កូរ៉េខាងជើង។

 
ក្នុងដំណើរទស្សនកិច្ចទៅក្រុងសេអ៊ូលជាលើកដំបូងចាប់តាំងពីកាន់តំណែង លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ដើម្បីពិភាក្សាពីបញ្ហាជាច្រើន ជាពិសេសការគំរាមកំហែងមីស៊ីល និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងតំបន់។ 
 
ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី៧ ខែឧសភា មេដឹកនាំប្រទេសទាំងពីរ បានឯកភាពថា ក្រុងសេអ៊ូល និងក្រុងតូក្យូ នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី និងទ្វេភាគីរវាងកូរ៉េខាងត្បូង អាម៉េរិក​ និងជប៉ុន ស្របពេលមានការគំរាមពីកូរ៉េខាងជើង។
 
«កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-ជប៉ុន គឺពិតជាសំខាន់ មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពពិភពលោក ស្របពេលមានវិបត្តិសកល និងស្ថានភាពពិភពលោកក្នុងពេលបច្ចុប្បន្ន»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់បែបនេះ ដោយបន្តថា ក្នុងរយៈពេល ២ខែកន្លងមកនេះ កិច្ចពិភាក្សារវាងប្រទេសជិតខាងទាំងពីរ មានការវិវឌ្ឍយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ក្រៅពីបញ្ហាកូរ៉េខាងជើង លោក យូន និងលោកគីស៊ីដា ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសការផលិតសឺមីកុងឌុចទ័រ ដែលពិភពលោកកំពុងខ្វះខាតខ្លាំងផងដែរ។ កន្លងមក ជប៉ុន បានអនុញ្ញាតឱ្យនាំចេញធាតុកម្រចំនួន ៣ប្រភេទទៅកូរ៉េខាងត្បូងឡើងវិញ ស្របពេលកូរ៉េខាងត្បូង បានប្រកាសពីការកសាងក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុត ក្នុងពិភពលោក។ 
 
ចំណែកលោក យូនវិញ បានអះអាងថា លោកនឹងមានជំនួបមេដឹកនាំមួយជាមួយអាម៉េរិក និងជប៉ុន នៅក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ នៅជប៉ុនផង។ កិច្ចពិភាក្សានេះ​ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com