កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គូប្រជែងវៀតណាម សាទរ ស្រួង ភាវី ហើយថាខ្លួនប្រឹងប្រែងអស់ពីសមត្ថភាពហើយ
09, May 2023 , 11:07 am        
រូបភាព
កីឡាការិនីកម្ពុជា ស្រួង ភាវី និង​កីឡាការិនីវៀតណាម Nguyễn Hoàng Yến Nhi ។ រូបថត ថ្មីៗ និង Nguyen Hoang Yen Nhi
កីឡាការិនីកម្ពុជា ស្រួង ភាវី និង​កីឡាការិនីវៀតណាម Nguyễn Hoàng Yến Nhi ។ រូបថត ថ្មីៗ និង Nguyen Hoang Yen Nhi
ដោយ: រួបរួម
កីឡាការិនីវៀតណាម Nguyễn Hoàng Yến Nhi បានអះអាងថា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយក្នុងការប្រកួតកីឡាប៊ីយ៉ាស្នូកឃ័រ រហូតដល់ទទួលបានមេដាយប្រាក់ជូនជាតិខ្លួនលើវិញ្ញាសាប៊ីយ៉ាការ៉ុម៣បាំង។ គូប្រជែងរូបនេះ ក៏បានសាទរកីឡាការិនីកម្ពុជា ស្រួង ភាវី ផងដែរ ចំពោះមេដាយមាស ក្រោយជ័យជម្នះ ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ។

 
«នេះជាអនុស្សាវរីយ៍ដក់ជាប់ខ្ញុំជារៀងរហូត វាជាមេរៀនដ៏ធំសម្រាប់ខ្ញុំ»។ កីឡាការិនី Nguyễn Hoàng Yến Nhi បានសរសេរយ៉ាងដូច្នេះនៅទំព័រហ្វេសប៊ុកផ្ទាល់ការរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនបានប្រឹងប្រែងអស់ហើយសម្រាប់ជាតិ ទោះមិនទទួលបានមេដាយមាសក៏ដោយ។
 
កីឡាការិនីវៀតណាមរូបនេះ អរគុណ ឪពុកម្តាយ និងមនុស្សគ្រប់រូបដែលបានលើកទឹកចិត្ត និងគាំទ្រខ្លួន ក្នុងបេសកកម្មប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា ហើយក៏បានសាទរ ស្រួង ភាវី ផងដែរ។ «អបអរសាទរ ស្រួង ភាវី!»។ Nguyễn Hoàng Yến Nhi សរសេរដោយភ្ជាប់ជាមួយ Emoji ទង់ជាតិវៀតណាម និងកម្ពុជា អមរូបបេះដូង។
 
សម្រាប់កីឡាការិនី ស្រួង ភាវី បើទោះបីជាធ្លាប់ឈ្នះពានរង្វាន់ និងមេដាយលំដាប់ពិភពលោកជាច្រើនក៏ដោយ ប៉ុន្តែឈ្នះមេដាយមាសជូនជាតិពីព្រឹត្តិការណ៍ស៊ីហ្គេម គឺជាក្តីសុបិនដ៏ធំ។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា កីឡាការិនីដែលរស់នៅកូរ៉េខាងត្បូងរូបនេះ បានសម្រេចក្តីសុបិនខ្លួន ដោយទទួលបានជ័យជម្នះ ២៥-២០ លើគូប្រជែងវៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com