អន្តរជាតិ
លោកថាក់ស៊ីន ចង់ត្រលប់មកប្រទេសវិញត្រឹមខែកក្កដា ក្រោយចេញពីប្រទេសជិត ១៧ឆ្នាំ
09, May 2023 , 4:13 pm        
រូបភាព
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ជាមួយកូនស្រីរបស់ខ្លួន នៅក្នុងឆ្នាំ២០២២។ រូបភាពយកពីIng Shinawatra
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ជាមួយកូនស្រីរបស់ខ្លួន នៅក្នុងឆ្នាំ២០២២។ រូបភាពយកពីIng Shinawatra's Facebook
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃទី៩ ខែឧសភា បានបញ្ជាក់ថា លោកចង់ត្រលប់ចូលប្រទេសវិញត្រឹមខែកក្កដា ពោលគឺមុនខួបកំណើតរបស់លោក ដើម្បីមើលថែរក្សាចៅៗរបស់ខ្លួន។

 
តាមរយៈសំណេរលើបណ្តាញសង្គម Twitter លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ជាថ្មីថា លោក បានប្តេជ្ញាត្រលប់ចូលប្រទេសវិញត្រឹមខែកក្កដា មុនពេលខួបកំណើតរបស់លោកចូលវ័យ ៧៤ឆ្នាំ ដើម្បីមើលថែរក្សាចៅៗរបស់ខ្លួន ដែលមានចំនួន ៧នាក់។ 
 
នេះជាការបញ្ជាក់លើកទីពីរហើយពីសំណាក់អតីតមេដឹកនាំថៃ។ ថ្ងៃកំណើតរបស់លោកថាក់ស៊ីន គឺនៅថ្ងៃទី២៦ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទន្ទឹមនេះ អតីតមេដឹកនាំថៃ បានបញ្ជាក់ផងដែរថា វត្តមានរបស់លោកមកក្នុងប្រទេស ក្រោយចាកចេញរយៈពេលជិត ១៧ឆ្នាំ មិនមែនជាបន្ទុកសម្រាប់បក្ស Pheu Thai ឡើយ ហើយលោក នឹងចូលទៅក្នុងដំណើរការច្បាប់។ បើតាមលោកថាក់ស៊ីន អ្វីទាំងអស់ ជាការសម្រេចចិត្តរបស់លោក ដោយមានភ្ជាប់ជាមួយក្តីស្រលាញ់, គ្រួសារ និងមាតុប្រទេស។ 
 
កន្លងមក អតីតនាយករដ្ឋមន្រ្តីថៃ ធ្លាប់បានបញ្ជាក់ថា លោកនឹងមានវ័យ ៧៤ឆ្នាំ នៅក្នុងខែកក្កដាខាងមុខ។ 
 
នៅក្នុងឆ្នាំ ២០០៨ តុលាការកំពូល បានកាត់ទោសលោកថាក់ស៊ីនឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីការប្រឆាំងនឹងច្បាប់ប្រឆាំងអំពើពុករលួយជាតិពីករណីទិញដី នៅក្នុងតំបន់ Ratchadaphisek ក្នុងក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់កាសែតបាកកកប៉ុស្តិ៍។ 
 
អតីតនាយករដ្ឋមន្រ្តីរូបនេះ រងបទចោទពីការរំលោភអំណាចក្នុងពេលធ្វើជានាយករដ្ឋមន្រ្តី នៅពេលលោកអនុញ្ញាតឱ្យភរិយាចូលរួមការដេញថ្លៃដីចំនួន ៣៣រ៉ៃ ក្នុងតំបន់ Ratchadaphisek ដែលត្រូវបានហាមឃាត់ដោយមូលនិធិអភិវឌ្ឍវិទ្យាស្ថានហិរញ្ញវត្ថុរបស់ធនាគារថៃ។
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com