អន្តរជាតិ
ប្រមុខការទូតកូរ៉េខាងជើង សន្យាពង្រឹងទំនាក់ទំនងជាមួយចិនឱ្យកាន់តែរឹងមាំ
09, May 2023 , 8:29 pm        
រូបភាព
លោកស្រី ឆេ ស៊ុនហ៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង។ រូបភាព Yonhap
លោកស្រី ឆេ ស៊ុនហ៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង។ រូបភាព Yonhap
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆេ ស៊ុនហ៊ី បានសន្យាអភិវឌ្ឍទំនាក់ទំនងប្រកបដោយមិត្តភាពជាមួយចិនបន្ថែមទៀតជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី៩ ខែឧសភា។

 
លោកស្រី ឆេ ស៊ុនហ៊ី រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នៅថ្ងៃទី៨ ខែឧសភា បានជួបជាមួយអគ្គរដ្ឋទូតចិនប្រចាំនៅកូរ៉េខាងជើង លោក Wang Yajun ជុំវិញទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗ។ 
 
«ពួកគេបានបញ្ជាក់ពីជំហរយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍទំនាក់ទំនងដោយមិត្តភាព និងប្រពៃណីរវាងចិន និងកូរ៉េខាងជើង តាមរយៈគោលបំណងប្រទេសទាំងពីរ និងប្រមុខរដ្ឋ»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ។
 
លោក Wang បានបំពេញតួនាទីផ្លូវការរបស់ខ្លួន នៅក្នុងខែមេសា ឆ្នាំ២០២៣។ មន្រ្តីទូតរូបនេះ ត្រូវបានតែងតាំងជាប្រេសិតចិនប្រចាំនៅក្រុងព្យុងយ៉ាង ក្នុងខែកុម្ភៈឆ្នាំ២០២១។  
 
សូមបញ្ជាក់ថា ចិន ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយសម្រាប់កូរ៉េខាងជើង  ដោយក្រុងប៉េកាំងតែងផ្តល់ជំនួយសេដ្ឋកិច្ចទៅក្រុងព្យុងយ៉ាង ដែលកំពុងតែពង្រឹងលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ ចិន តែងការពារកូរ៉េខាងជើងពីការដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ជាច្រើនលើក៕
 

Tag:
 កូរ៉េខាងជើង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com