អន្តរជាតិ
ប្រមុខការទូតចិនថា ទំនាក់ទំនងល្អចិន-អាម៉េរិក ផ្តល់សារៈសំខាន់ដល់ពិភពលោក
09, May 2023 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាពយកពីក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង។ រូបភាពយកពីក្រសួងការបរទេសចិន
ទំនាក់ទំនងចិន និងអាម៉េរិក គឺពិតជាមានភាពចាំបាច់ណាស់ ហើយវាមិនត្រឹមតែសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ។ រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង បានបញ្ជាក់បែបនេះ នៅថ្ងៃទី៨ ខែឧសភា។

 
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី៨ ខែឧសភា បានជួបជាមួយ​អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅចិន លោក Nicholas Burns ដើម្បីពិភាក្សាពីបញ្ហាប្រឈម កិច្ចសហប្រតិបត្តិការទ្វេភាគី​ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាកោះតៃវ៉ាន់។ 
 
ក្នុងជំនួបនៅក្នុងក្រុងប៉េកាំងនេះ ប្រមុខការទូតចិន បានលើកឡើងថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែសំខាន់សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល។ បើតាមលោក ឈីន វាពិតជាចាំបាច់ ក្នុងការរក្សាស្ថិរភាពលើទំនាក់ទំនងចិន-អាម៉េរិក ហើយត្រូវចៀសវាងការប្រឈមមុខ ក៏ដូចជាបង្ការឧប្បទ្ទវហេតុរវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន ក៏បានចង្អុញបង្ហាញពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។ មន្រ្តីចិនរូបនេះ បានសង្ឃឹមថា ក្រុងវ៉ាស៊ីនតោន នឹងមានផ្លាស់ប្តូរទៅរកស្ថិរភាពជាមួយខ្លួនវិញ។ 
 
បន្ថែមពីនេះ លោក ឈីន បានអះអាងជាថ្មីថា អាម៉េរិកគួរគ្រប់គ្រងបញ្ហាតៃវ៉ាន់ឱ្យបានត្រឹមត្រូវ ហើយឈប់បន្តបំពានគោលការណ៍ចិនតែមួយ រួមទាំងកុំប៉ះពាល់ដល់អធិបតេយ្យ និងផលប្រយោជន៍នៃការអភិវឌ្ឍ។
 
ចំណែក អគ្គរដ្ឋទូតចិនប្រចាំនៅអាម៉េរិកវិញ បានសរសេរលើបណ្តាញសង្គម Twitter ថា លោកបានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីជជែកពីបញ្ហាប្រឈមនៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ, ភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនង ក៏ដូចជាការពង្រីកការទំនាក់ទំនងកម្រិតខ្ពស់។ 
 
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ ទំនាក់ទំនងចិន និងអាម៉េរិក មានភាពចម្រូងចម្រាសយ៉ាងខ្លាំងជុំវិញបញ្ហា បាឡុង កោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាផ្សេងៗជាច្រើនទៀត៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com