អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីថា ពិភពលោក កំពុងស្ថិតនៅក្នុងរបត់ដ៏សំខាន់មួយ
10, May 2023 , 8:29 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីលានRed Square ក្នុងទិវាជ័យជម្នះ នៅថ្ងៃទី៩ ខែឧសភា។ រូបភាព Sputnik
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅទីលានRed Square ក្នុងទិវាជ័យជម្នះ នៅថ្ងៃទី៩ ខែឧសភា។ រូបភាព Sputnik
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៩ ខែឧសភា បានអះអាងថា ពិភពលោក កំពុងស្ថិតក្នុងរបត់មួយ ហើយសង្រ្គាម ត្រូវបានបង្កឡើង ដើម្បីប្រឆាំងរុស្ស៊ី។

 
រុស្ស៊ី នៅថ្ងៃទី៩ ខែឧសភា បានប្រារព្ធទិវាជ័យជម្នះលើពួកណាហ្សី កាលពីឆ្នាំ១៩៤៥។ ក្នុងការបារព្ធពិធីនៅទីលាន Red Square ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ពិភពលោកស្ថិតនៅក្នុងរបត់មួយ។ 
 
«ថ្ងៃនេះ អារ្យធម៌ ជាថ្មីម្តងទៀតស្ថិតក្នុងរបត់ដ៏សំខាន់មួយ»។ លោកពូទីន បានបញ្ជាក់បែបនេះ នៅពីមុខទាហានជើងចាស់រុស្ស៊ី នៅក្នុងថ្ងៃទី៩ ខែឧសភា ដោយបន្តថា សង្រ្គាមត្រូវបានបង្កឡើងប្រឆាំងនឹងរុស្ស៊ី។ 
 
បើទោះមិនបានពន្យល់ឱ្យបានច្បាស់លាស់ លោកពូទីនទំនងសំដៅដល់ទណ្ឌកម្ម រួមទាំងការបន្តបញ្ជូនអាវុធទៅអ៊ុយក្រែនរបស់ប្រទេសលោកខាងលិច ដែលធ្វើឱ្យពិភពលោកស្ថិតក្នុងស្ថានភាពស្មុគស្មាញ និងប្រឈមបញ្ហាជាច្រើន។ 
 
ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី បានអំពាវនាវឱ្យកម្លាំងរបស់ខ្លួនទទួលបានជ័យជម្នះផងដែរ។ កន្លងមក រុស្ស៊ី បានអះអាងថា ខ្លួនបានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ដើម្បីការពារប្រជាជនខ្លួន ពីរបបណាហ្សីនៅអ៊ុយក្រែន។ 
 
មុនការថ្លែងសុន្ទរកថារបស់លោកពូទីន កងកម្លាំងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីល ២៣ដើម ក្នុងចំណោម ២៥ដើម ដែលមានគោលបំណងបាញ់ទៅលើក្រុងកៀវ។ យ៉ាងណាមិញ អ៊ុយក្រែន មិនបានរាយការណ៍ពីករណីរបួសឡើយ។ 
 
សូមបញ្ជាក់ថា ជាងមួយឆ្នាំហើយ សង្រ្គាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយ ខណៈកិច្ចចរចារកសន្តិភាព នៅតែមិនទាន់មានច្រកចេញ។ កម្លាំងរុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន ដែលបង្កឱ្យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ត្រូវខូចខាត៕ 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com