ជាតិ
សាសនា / ធម៌
ពលរដ្ឋសង្កាត់ស្វាយដង្គំ រៀបចំពិធីបុណ្យឆ្លងសាលាឆទានសាមគ្គី និងសមិទ្ធផលនានា​
10, May 2023 , 8:19 pm        
រូបភាព
ដោយ​៖ ថោង ប្រណី
 
សៀមរាប៖ ពលរដ្ឋនៅសង្កាត់ស្វាយដង្គំ នៅថ្ងៃទី៩ ឧសភា បានរៀបចំពិធីឆ្លងសមិទ្ធិផលផ្សេងៗ ដូចជា សាលាឆទាន អណ្ដូងទឹក និងអំពូលភ្លើងសូឡា ក្រោមការចូលរួមពីលោកចៅ​សង្កាត់ស្វាយដង្គំ មេភូមិ និង ជាប្រជាពលរដ្ឋជាច្រើន។

 
លោក ឈុំ ម៉ៅ ជាអ្នកផ្ដួចផ្ដើមគំនិត​និងដឹកនាំការកសាងសាលា​ឆទាន​នេះ បានឱ្យដឹងថា ក្រោមស្មារតី រួបរួមរវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរដែនដីក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានកៀរគរបច្ច័យ ដើម្បីកសាងសាលាឆទានមួយខ្នង ហើយក៏ជាសាលាឆទាន​ដំបូងគេដែលត្រូវ​បាន​កសាង​កណ្តាលវាល ស្រែល្វឹងល្វើយនៅក្នុងតំបន់ស្រែកន្សែង​ដែលមានចម្ងាយប្រហែល​២គីឡូម៉ែត្រ​ចុះពីទំនប់៧៨។ លោក បន្តថា សាលាឆទាននេះ កសាងឡើងទុកសម្រាប់បម្រើ​ផលប្រយោជន៍​រួមរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលមកពីទីជិតឆ្ងាយស្នាក់អាស្រ័យ គ្រាន់បានជាកន្លែង​សម្រាប់ជ្រកម្លប់ សម្រាកហូបបាយទឹក ពេល មកមើលស្រែចម្ការ ឬមកនេសាទត្រីនៅជុំវិញ​ទីតាំងនេះផ្ទាល់ទាំងខែប្រាំនិងខែវស្សា។  
 


ក្រៅពីនេះ នៅមានសមទ្ធិផលផ្សេងទៀតដូចជា អណ្តូងទឹក អំពូលភ្លើងសូឡា ដែលមានកម្ពស់​៦ម៉ែត្រ សម្រាប់បំភ្លឺពេលរាត្រី​ដល់បងប្អូនដែលមកសម្រាក​នៅក្នុងសាលាឆទាននេះទៀតផង។ 
 
ក្នុងពិធីបុណ្យដែលធ្វើឡើងភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ​ឃើញមានប្រជាពលរដ្ឋ​ជាច្រើនបាន​អញ្ជើញមកចូលរួមដើម្បីចាប់​យកមគ្គផល​តាមសទ្ធាជ្រះថ្លារៀងៗខ្លន។  គណៈកម្មការ លោក​យាយ​លោកតា​​និងបរិស័ទ​ទាំងអស់ បានរៀបចំធ្វើបទនមស្ការព្រះរត្នត្រ័យ សមាទានសីល ហើយ​និមន្តព្រះសង្ឃ​ចម្រើនព្រះបរិត្ត រាប់បាត្រឆ្លង និងវេភត្តាហារប្រគេន​ព្រះសង្ឃ។  
 
ក្រៅពីនេះក៏បាននិមន្តព្រះសង្ឃបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ​ទៅដល់ ញាតិ​កាបុព្វការីជន​​​ដែល​បានលះបង់កម្លាំងកាយចិត្តក្នុងការលើកផ្លូវ លើកប្រឡាយ លើកទំនប់ នៅជុំវិញបរិវេណថ្នល់កន្សែងនេះ ជាការរំលឹកគុណ និងដឹងគុណដ៏ក្រៃលែង៕
 
















Tag:
 ប្រពែណី
  វប្បធម៌
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com